Saturday, January 10, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្សនយោបាយចំនួន ៤ ត្រូវបានអញ្ជើញចូលរួមវេទិកាសាធារណៈ ដើម្បីជជែកដេញដោល ស្តីពីគោលនយោបាយសម្រាប់វិស័យការងារនៅកម្ពុជា

ភ្នំពេញៈ តំណាងសហភាពសហជីព សហព័ន្ធសហជីព សមាគម បណ្ដាញសហគមចំនួន ១៦ ស្ថាប័ន តំណាងអោយសមាជិកសរុបជាង ១សែននាក់ មកពីវិស័យកាត់ដេរសម្លៀកបំពាក់ និង ស្បែកជើង ផលិតផលធ្វើដំណើរ វិស័យសំណង់ សេវាកម្ម សណ្ឋាគារ ចំណីអាហារ កសិករ សេដ្ឋកិច្ច ក្រៅប្រព័ន្ធ មន្ត្រីរាជាការស៊ីវិល បណ្តាញយុវជន និង និស្សិត បានធ្វើលិខិតអញ្ជើញគណបក្សនយោបាយចំនួន ៤ មានដូចជាៈ គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សហ៊្វុនស៊ិនប៉ិច ចូលរួមវេទិកាសាធារណៈដើម្បីជជែកដេញដោលស្តីពីគោលនយោបាយរបស់គណបក្សនយោបាយសម្រាប់វិស័យការងារនៅកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០១ ឧសភា ឆ្នាំ ២០២២។

លិខិតអញ្ជើញគណបក្សនយោបាយទាំង ៤ គឺបានគោរពជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា , ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច , លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន និងលោកយ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

នៅក្នុងលិខិតអញ្ជើញបានសូមជម្រាបជូនសម្តេចតេជោ ហ៊ុន សែន និងមេដឹកននាំគណបក្សនយោបាយបីទៀតថា …ដើម្បីចូលរួមអបអរទិវាពលកម្មអន្តរជាតិ ខួបលើកទី ១៣៦ យើងខ្ញុំទាំងអស់គ្នាដែលជាតំណាងសហភាពសហជីព សហព័ន្ធសហជីព សមាគម ទាំង ១៦ស្ថាប័ន បានឯកភាពរួមគ្នារៀបចំវេទិកាសាធារណៈដើម្បីជជែកដេញដោល ស្តីពីគោលនយោបាយរបស់គណបក្សនយោបាយសម្រាប់ វិស័យការងារនៅកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០១ ឧសភា ឆ្នាំ ២០២២ ចាប់ពីម៉ោង ៨:០០ នាទីព្រឹក រហូតដល់ ម៉ោង ១២:០០នាទី ថ្ងៃត្រង់ នៅភោជនីយដ្ឋាន ចំប៉ី រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមសរុប ៧០០នាក់ ដែលជាថ្នាក់ដឹកនាំ និង សកម្មជនថ្នាក់មូលដ្ឋាន មកពី ១៦ ស្ថាប័ន តំណាងអោយ ៨ វិស័យការងារនៅកម្ពុជា ហើយក៏នឹងមានការអញ្ជើញចូលរួមពីតំណាងស្ថានទូត អង្គការជាតិ និង អន្តរជាតិនានា ប្រចាំនៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីលើកយករបៀបវារៈ គោលនយោបាយ វិស័យការងារសំខាន់ៗដែលទាក់ទង និងថ្នាក់មូលដ្ឋាន និង ថ្នាក់ជាតិ ជាអទិភាព ដើម្បីដាក់អោយមានការជជែកដេញដោលជាមួយគណប្បនយោបាយចំនួន ៤ ក្នុងនោះរួមមានគណបក្សប្រជាជនកម្ពុជាផងដែរ និងត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ ដើម្បីរកអោយឃើញកម្មវិធីគោលនយោបាយរបស់គណបក្សនយោបាយនីមួយៗ ក្នុងការដោះស្រាយ និងឆ្លើយតបទៅលើបញ្ហាជាអទិភាពរបស់កម្មករនិយោជិតទាំងក្នុងវិស័យ ក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធមួយចំនួនរួមមាន៖ កំណត់ប្រាក់ឈ្នួលតាមវិស័យ និងសិទ្ធិសេរីភាពជាមូលដ្ឋាន បញ្ហាចំណាកស្រុក ការបង្កើតទីផ្សារការងារទៅដល់មូលដ្ឋាននិងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ កិច្ចគាំពារសង្គម ធានាទីផ្សារ និង តម្លៃផលិតផលកសិកម្មរបស់កសិករ អំពើហឹង្សាផ្អែកលើយេនឌ័រ និងសុខភាពសុវត្ថិភាពនៅកន្លែងការងារ។ សង្ឈឹមយ៉ាងមុតមាំថា សម្តេច អគ្គមហាសេនាបតីតេជោ និងចាត់តំណាង ០១ រូប មកពីគណបក្សប្រជាជនកម្ពុជាចូលរួម ក្នុងកម្មវិធីនេះកុំបីខាន។

ចំណែកលោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានប្រាប់ CEN ឲ្យដឹងថា គណបក្សហ៊្វុនស៊ិនប៉ិច បានទទួលលិខិតអញ្ជើញនោះហើយ ប៉ុន្តែគណបក្សហ៊្វុនស៊ិនប៉ិច មិនបានចូលរួមក្នុងវេទិកានោះទេ ពីព្រោះព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ជាប់បេសកកម្មនៅក្រៅប្រទេស។ ចំណែកថ្នាក់ដឹកនាំនានាកំពុងតែមមាញឹកនៅតាមមូលដ្ឋានរៀងៗខ្លួន ក្នុងការពង្រឹងក៏ដូចជាការដាក់ស្លាក និងកិច្ចប្រជុំនានា ពង្រឹងយុទ្ធនាការស្វែងរកការគាំទ្រពីប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោតខាងមុខនេះ ហេតុនេះពុំបានចូលរួមទេ។

រីឯលោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបញ្ជាក់ប្រាប់ CEN នៅរសៀលថ្ងៃទី២៨ ខែ មេសានេះថា លោកយ៉េង វិរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងអញ្ជើញចូលរួមវេទិកាសាធារណៈដើម្បីជជែកដេញដោលស្តីពីគោលនយោបាយរបស់គណបក្សនយោបាយសម្រាប់វិស័យការងារនៅកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០១ ឧសភា ឆ្នាំ ២០២២។

លោកទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទមិនអាចទំនាក់ទំនងបាន។ លោកសុន ឆ័ អនុប្រធានគណបក្សភ្លើងទៀន ក៏មិនអាចសុំការអត្ថាធិប្បាយបានដែរ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×