ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ចេញផ្សាយថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ វាយតម្លៃខ្ពស់ ចំពោះកំណើននៃរំហូរវិនិយោគរបស់ម៉ាឡេស៉ីមកកម្ពុជា ជាមួយនឹងការកើនឡើងគួរឱ្យកត់សម្គាល់នៃពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។
ប្រមុខការទូតកម្ពុជាវាយតម្លៃបែបនេះ នៅរសៀលថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញទទួលជួបគណៈប្រតិភូធុរកិច្ចម៉ាឡេស៊ី ដែលអញ្ជើញមកបំពេញទស្សនកិច្ច និងចូលរួមវេទិកាធុរកិច្ចនៅកម្ពុជា នៅទីស្ដីការក្រសួង។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងថា បេសកកម្មធុរកិច្ចនេះ ត្រូវបានរៀបចំឡើងដោយ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៉ី រួមជាមួយនឹងសហគ្រាសធុនតូច និងមធ្យមម៉ាឡេស៉ី ក្រុមប្រឹក្សាធុរកិច្ចម៉ាឡេស៉ីនៅកម្ពុជា (MBCC) និងសាជីវកម្មអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសម៉ាឡេស៉ី (MATRADE) ក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ម៉ាឡេស៉ី តាមរយៈការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដោយផ្តោតសំខាន់លើទំនុកចិត្ត និងផលប្រយោជន៍រួម។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់ថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកំណើននៃរំហូរវិនិយោគរបស់ម៉ាឡេស៉ីមកកម្ពុជា ជាមួយនឹងការកើនឡើងគួរឱ្យកត់សម្គាល់នៃពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ សុខាភិបាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក្នុងគោលដៅសម្របសម្រួល និងពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា “ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលគណៈប្រតិភូ សហគ្រាសធុនតូច និងមធ្យម មកពីប្រទេសម៉ាឡេស៊ី ចំនួន ៥៣រូប កាលពីម្សិលមិញ ដែលមានចំណាប់អារម្មណ៍ក្នុងការស្វែងរកកាលានុវត្តភាពថ្មីៗ សម្រាប់អាជីវកម្ម និងការវិនិយោគនៅកម្ពុជា។ ម៉ាឡេស៊ី គឺនៅក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចធំមួយនៅអាស៊ីអាគ្នេយ៍ ហើយក៏ជាប្រទេសដែលជាប់ចំណាត់ថ្នាក់លេខបី ក្នុងចំណោមប្រទេសអាស៊ាន បើគិតពីតម្លៃវិនិយោគទុននៅកម្ពុជា។ ទន្ទឹមនេះដែរ ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានបញ្ជូនពលករជាងពីរពាន់នាក់ក្នុងមួយឆ្នាំៗ ទៅកាន់ប្រទេសម៉ាឡេស៊ី។ ជាក់ស្តែង ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរនឹងបន្តពង្រឹងបន្ថែមទៀត បើទោះបីជាយើងបាននឹងកំពុងជួបវិបត្តិនៃជំងឺរាតត្បាតក៏ដោយ។ ខ្ញុំក៏វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និងភាគីពាក់ព័ន្ធដែលបានផ្តួចផ្តើមព្រឹត្តិការណ៍នេះឡើង”។
យោងតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសម៉ាឡេស៉ីឈរនៅលំដាប់ទី ៣ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន ដែលមានទុនវិនិយោគច្រើនជាងគេនៅកម្ពុជា ជាមួយនឹងគម្រោងវិនិយោគសរុបចំនួន ១៦២ គម្រោង ស្មើនឹង ៣,២ ពាន់លានដុល្លារ។ ជាមួយគ្នានេះ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានទំហំប្រមាណ ៥០០ លានដុល្លារក្នុងឆ្នាំ២០២១ ដោយកើនឡើង ១៣ ភាគរយធៀបនឹងឆ្នាំ២០២០៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី









