Sunday, March 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល នឹងអភិវឌ្ឍវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបនៅកម្ពុជា ឱ្យទៅជា ឧស្សាហកម្មដែលមានចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិត ជូនដល់បងប្អូន ក្មួយៗ កម្មករនិយោជិត និយោជក និងជនរួមជាតិទាំងអស់ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមជាមួយបងប្អូន ក្មួយៗ កម្មករនិយោជិត និយោជក និងជនរួមជាតិទាំងអស់ នៅក្នុងឱកាសខួប អនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ “សន្តិភាព សុខភាព និង សន្តិសុខការងារ”។ ប្រធានបទនេះ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ និងមានតម្លៃជាសារវន្តជាសកល ជាពិសេសសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់ទទួលបានការញាំញីដោយសង្គ្រាមបំផ្លិចបំផ្លាញខ្ទេចខ្ទាំ រាប់សតវត្សរ៍មកហើយ ពីព្រោះមានតែការរក្សាបាននូវសន្តិភាពទេ ទើបមានការអភិវឌ្ឍ ការបង្កើតការងារ ស្ថិរភាព ការងារ និងសន្តិសុខការងារក្នុងបរិបទជំងឺកូវីដ-១៩។

ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំង ពីថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន ។ ទោះបីឆ្នាំនេះ ប្រទេសជាតិយើង និងប្រទេសនានានៅក្នុងសកលលោក កំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទថ្មីអូមីក្រុង ក៏កម្ពុជានៅតែអាចបន្តទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទថ្មីនេះ ព្រមទាំងនៅត បន្តឱ្យមានការរៀបចំរំលឹកនូវទិវាដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះក្នុងទ្រង់ទ្រាយតូច និងតាមស្ថានភាព ជាក់ស្តែង។

ដោយសារតែរាជរដ្ឋាភិបាលអាចបន្តរក្សា និងការពារបានយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ទើបប្រទេសជាតិយើងទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យ។

រាជរដ្ឋាភិបាល បាននិងកំពុងខិតខំអនុវត្តបានដោយជោគជ័យនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាល ទី៤ រួមទាំងគោលនយោបាយអាទិភាពសំខាន់ៗ ដើម្បីបង្កើនល្បឿនការអភិវឌ្ឍ និងបង្កើតការងារសមរម្យជូនប្រជាពលរដ្ឋ ក្នុងនោះរួមមាន គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា ឆ្នាំ២០១៥-២០២៥, គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥, គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ និងអនុវត្តនូវការកែទម្រង់មុតស្រួច ក្រោមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនា “កែទម្រង់ផ្ទៃក្នុង និងបង្កើនមិត្តខាងក្រៅក្នុង ស្មារតីឯករាជ្យ“។

បច្ចុប្បន្ន ទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាកនៃជំងឺកូវីដ-១៩ ប្រភេទថ្មីក៏ដោយ រាជរដ្ឋាភិបាលនៅ តែខិតខំបន្តរក្សាការងារដែលមានស្រាប់ និងបង្កើតការងារថ្មីគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ដែលនាំឱ្យផលប៉ះពាល់ លើចំនួនការងារស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។

កន្លងទៅនេះ ដើម្បីជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា សម្តេចតេជោ បានចុះជួបជាមួយបងប្អូនកម្មករនិយោជិត បានចំនួន ៧៧លើក សរុបកម្មករនិយោជិតចំនួនប្រមាណជិត ១លាននាក់ គិតចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ ដើម្បីលើកកម្ពស់ជីវភាព សុខុមាលភាពកម្មករនិយោជិត និងទំនាក់ ទំនងវិជ្ជាជីវៈ ហើយខ្ញុំនឹងបន្តសកម្មភាពនេះជារៀងរហូតនៅក្នុងតំណែងរបស់ខ្ញុំជានាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា។ ដែលតាមរយៈជំនួបទាំងនេះ បានរកឃើញបញ្ហាមួយចំនួន និងបានដាក់ចេញនូវគោលការណ៍ និងវិធានការជាច្រើន ជាពិសេសអនុសាសន៍ ១០ចំណុច រួមមាន៖ ១.គ្រប់រោងចក្រទាំងអស់ ត្រូវអនុវត្តប្រាក់ ឈ្នួលអប្បបរមា និងបានបើកប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២២ ចំនួន ១៩៤ដុល្លារអាមេរិក ដោយនឹងបើក២ដង ក្នុងមួយខែ ជូនកម្មករនិយោជិត។ ២.កម្មករនិយោជិត ទទួលបានការពិនិត្យព្យាបាលជំងឺដោយមិនបង់ប្រាក់។ ៣.កម្មការិនីទទួលបានប្រាក់ឈ្នួល ១២០% និងឈប់សម្រាករយៈពេល ៣ខែ ក្នុងពេលសម្រាលកូន។ ៤.បានផ្ដល់ ប្រាក់ឧបត្ថម្ភដល់កម្មការិនីក្រោយពេលសម្រាលកូន ដោយផ្តល់ជូនកូន ១នាក់ ថវិកា ៤០ម៉ឺនរៀល កូន ២នាក់ | ៨០ម៉ឺនរៀល និងកូន ៣នាក់ ១,២លានរៀល ព្រមទាំងទទួលបានថវិកាបន្ថែមចំនួន ៥លានរៀល ពី សម្តច តេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ទាល់។ ៥.និយោជកបានបង់ភាគទានរបបសន្តិសុខសង្គមផ្នែក ថែទាំសុខភាព១០០% ជំនួសកម្មករនិយោជិត។ ៦.ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ បន្តត្រួតពិនិត្យ ថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងថ្លៃអគ្គិសនី នៅតាមផ្ទះជួល និងតាមជំរុញការតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាត នៅតាមតំបន់ផ្ទះជួលរបស់កម្មករនិយោជិត។ ៧.ច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មីបានទទួលការអនុម័ត និង ដាក់ឱ្យប្រើប្រាស់ ដើម្បីអនុវត្តផ្នែកសោធនសម្រាប់កម្មករនិយោជិត និងផ្នែកហានិភ័យការងារសម្រាប់មន្ត្រី សាធារណៈនៅឆ្នាំ២០២០។ ៨.អនុវត្តច្បាប់ស្តីពីការងារ ដើម្បីកំណត់ការបើកប្រាក់បំណាច់អតីតភាពការងារ ជូនកម្មករនិយោជិត ៦ខែម្ដង។ ៩.បន្តសហការជាមួយក្រសួងពាក់ព័ន្ធ បន្តដោះស្រាយបញ្ហាសុវត្ថិភាពក្នុងការ ដឹកជញ្ជូន និងការធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត ការរៀបចំកែសម្រួលមធ្យោបាយដឹកជញ្ជូន និង ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ១០បន្តពង្រឹងកិច្ចសហការជាមួយប្រទេសជាដៃគូ រួមមាន ថៃ ម៉ាឡេស៊ី កូរ៉េ ជប៉ុន ហុងកុង សិង្ហបុរី និងប្រទេសមួយចំនួនទៀត ដើម្បីផ្ដល់ឱកាសការងារជូនពលករ ការពារសិទ្ធិ និង ផលប្រយោជន៍ពលករ ដែលកំពុងបម្រើការងារនៅប្រទេសទាំងនោះ បង្កលក្ខណៈសម្បត្តិឱ្យបងប្អូនទទួលបាន របបគាំពារសង្គមទាំងបច្ចុប្បន្ន និងពេលដែលវិលត្រឡប់មកវិញ។

សម្តេចក៏សូមការអធ្យាស្រ័យដែលនៅឆ្នាំ២០២២ នេះ យើងមិនអាចរៀបចំការជួបជុំដូចសព្វដង ដោយសារការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ប្រភេទថ្មីអូមីក្រុង ប៉ុន្តែរាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត រៀបចំពិធីសំណេះសំណាល ជាមួយសហជីព និងតំណាងមន្ត្រីរាជការ គ្រូបង្រៀនក្នុងទ្រង់ទ្រាយតូច និងតាមស្ថានភាព ជាក់ស្តែង។

រាជរដ្ឋាភិបាលបានបន្តលើកកម្ពស់ការការពារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ថែរក្សាសុខដុមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈ ផ្តល់អត្ថប្រយោជន៍នានាជូនបងប្អូនកម្មករនិយោជិត រួមទាំងការផ្តល់កិច្ចគាំពារសង្គមផងដែរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ស្តីពីការងារ ច្បាប់ស្ដីពីសហជីព និងអនុសញ្ញាអន្តរជាតិ ខាងការងារទាំង១៣ ដែលកម្ពុជាបានផ្តល់សច្ចាប័ន តាមរយៈយន្តការត្រីភាគីសម្រាប់សំវាទសង្គម ជាអាទិ៍ ក្រុមប្រឹក្សាអាជ្ញាកណ្តាល គណៈកម្មការប្រឹក្សាការងារ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា រួមទាំងយន្តការ ត្រីភាគីបូកជាច្រើនទៀត។ ការបើកចំហសេរីភាពអង្គការវិជ្ជាជីវៈ បានធ្វើឱ្យកំណើននៃការចុះបញ្ជីកើនឡើងគួរ ឱ្យកត់សម្គាល់ ដែលគិតត្រឹមឆ្នាំ២០២១ មានអង្គការវិជ្ជាជីវៈសរុបចំនួន ៥ ៧៤៦ ក្នុងនោះ សហជីពមូលដ្ឋាន ចំនួន ៥ ៤៤២ សហព័ន្ធសហជីពចំនួន ២៥២ សហភាពសហជីពចំនួន ៤០ និងសមាគមនិយោជកចំនួន ១២។

រាជរដ្ឋាភិបាលក៏បានបន្តយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករ និយោជិត នៅតាមគ្រប់រោងចក្រ សហគ្រាស ដោយតម្រូវឱ្យមានគិលានដ្ឋាន កន្លែងហូបបាយ បន្ទប់បំបៅកូន និងទារកដ្ឋាន ដែលបានជួយធ្វើឱ្យកាន់តែប្រសើរឡើងនូវសុខុមាលភាពរបស់កម្មករនិយោជិត។ កម្មវិធីបង្ការ គ្រោះថ្នាក់ការងារ និងបង្កើនសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការធ្វើដំណើររបស់កម្មករនិយោជិត ក៏ត្រូវបានជំរុញ ការអនុវត្តយ៉ាងសកម្មផងដែរ។

រាជរដ្ឋាភិបាលក៏បានបន្តយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍរបបសន្តិសុខសង្គម ដើម្បីពង្រីកវិសាលភាព កាន់តែទូលំទូលាយ ដោយគ្របដណ្តប់ ៤ផ្នែក រួមមាន ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យ ការងារ និងផ្នែកនិកម្មភាពការងារ សំដៅធានាសង្គតិភាព និងសមធម៌ រវាងមន្ត្រីសាធារណៈ និងកម្មករនិយោជិត តាមរយៈការពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម និងការរៀបចំដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ ចាប់ពីខែមករា ឆ្នាំ២០២១ និងរបបសោធនសម្រាប់កម្មករ និយោជិតវិស័យឯកជន នៅក្នុងឆ្នាំ២០២២។ ដើម្បីផ្ដល់នូវកិច្ចគាំពារសង្គមជូនបងប្អូនកម្មករនិយោជិត បេឡា ជាតិសន្តិសុខសង្គម (ប.ស.ស.) បានផ្តល់នូវរបបហានិភ័យការងារ និងរបបថែទាំសុខភាព ចាប់ពីឆ្នាំ២០០៨ មកម្ល៉េះ ដែលមានរោងចក្រ សហគ្រាសជាង ១ម៉ឺន៧ពាន់ ជាសមាជិក ដែលមានកម្មករនិយោជិតទាំងក្នុង និង ក្រៅប្រព័ន្ធ និងមន្ត្រីសាធារណៈ សរុបប្រមាណជាង ២លាន៥សែននាក់ កំពុងទទួលបានអត្ថប្រយោជន៍ ពីរបបទាំងនេះ។ បន្ថែមពីនេះ ចាប់ពីឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ ដល់កម្មការិនីទាំងក្នុង និងក្រៅប្រព័ន្ធ និងមន្ត្រីសាធារណៈនៅពេលសម្រាលកូន ដោយក្នុងឆ្នាំ២០២១ នេះ ប.ស.ស. បានផ្ដល់ប្រាក់ឧបត្ថម្ភដល់ស្រ្តីសម្រាលកូនបានចំនួន ៦៥ ៨៧១នាក់ ស្មើនឹងចំនួនកូន ៦៦ ៣៣៥នាក់ ដែលគិតជាទឹកប្រាក់សរុបចំនួន ២៦,៥ប៊ីលានរៀល ហើយបើគិតចាប់ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២១ ស្រ្តីសម្រាលកូនមានចំនួន ២៨២ ០៧៣នាក់ ដោយចំណាយថវិកាសរុបចំនួន ១១៣,៦ប៊ីលានរៀល (ប្រមាណ ២៧,៧លានដុល្លារអាមេរិក)។ បាននិងកំពុងសហការជាមួយបណ្តាប្រទេសអាស៊ានក្នុងការអនុវត្តរបបសោធន ដោយពលករអាចផ្ទេរសមាជិកភាព អតីតភាពការងារ និងការបង់ភាគទានបេឡាសន្តិសុខសង្គមពីប្រទេសមួយ ទៅប្រទេសមួយ បន្ទាប់ពីចប់កិច្ចសន្យាការងារ ដើម្បីធ្វើជាមូលដ្ឋានក្នុងការគិតប្រាក់សោធននិវត្តន៍។

ជាមួយនឹងសមិទ្ធផលជោគជ័យដ៏ធំធេងខាងលើ ជាអកុសលវិបត្តិនៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ពិភពលោក និងបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសកល ហើយប្រទេសកម្ពុជា ក៏មិនអាចចៀសផុតពីផលប៉ះពាល់យ៉ាងធំធេងក្នុងសង្គម-សេដ្ឋកិច្ចនេះផងដែរ។ ទោះបីជាស្ថិតក្នុងកាលៈទេសៈ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្តី កម្ពុជានៅតែអាចគ្រប់គ្រង និងដោះស្រាយវិបត្តិនេះបានយ៉ាងល្អប្រសើរ តាមរយៈការបង្កើតភាពស៊ាំក្នុងសហគមន៍ ដោយអនុលោមតាមផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលការណ៍នេះនាំឱ្យកម្ពុជាមានលទ្ធភាពបើកឱ្យដំណើរការ សកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញ ជាមួយការបើកប្រទេសទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិផងដែរ ដោយបានលុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកធ្វើដំណើរមកពីបរទេសត្រូវបង្ហាញលទ្ធផលតេស្ដ PCR អវិជ្ជមាន ក្នុងរយៈពេល ៧២ម៉ោង មុនពេលមកដល់កម្ពុជាលុបចោលការតម្រូវឱ្យធ្វើតេស្ដរហ័សនៅពេលដែលមកដល់ កម្ពុជា និងអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ ដើម្បីធ្វើការឆ្លើយតបទៅនឹង វិបត្តិនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យនូវកញ្ចប់វិធានការរបស់រាជ រដ្ឋាភិបាលចំនួន ១០ជុំ ដោយបានបើកផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប និងវិស័យទេសចរណ៍ ដែលព្យួរកិច្ចសន្យាការងារដោយសារ ជំងឺកូវីដ-១៩ សរុបចំនួន ៣៤៧ ៨៤៤នាក់ ស្មើនឹងថវិកាប្រមាណ ១១៤,៦ប៊ីលានរៀល (ប្រមាណជាង ២៨លានដុល្លារអាមេរិក) ព្រមទាំងបានផ្តល់វគ្គបណ្តុះបណ្តាលជំនាញទន់ផងដែរ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសស្ដីពីការដាក់ឱ្យប្រើគោលការណ៍ប្រតិបត្តិ ស្តង់ដាស្តីពីដំណើរការ និងការគ្រប់គ្រងរោងចក្រ សហគ្រាសតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ក្នុងគោលបំណងការពារសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត និងរក្សាស្ថិរភាពអាជីវកម្ម/ផលិតកម្ម របស់រោងចក្រ សហគ្រាស ក៏ដូចជាការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមរោងចក សហគ្រាស។

ដើម្បីរក្សាលំនឹងជីវភាពរស់នៅសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ រាជរដ្ឋាភិបាលបានចេញ អនុក្រឹត្យស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹង ជំងឺកូវីដ-១៩ ដែលអនុវត្តចំពោះគ្រួសារក្រីក្រ ងាយរងគ្រោះ និងស្ត្រីសម្រាលកូន ផងដែរ ដោយប្រើប្រាស់បណ្ណ សមធម៌នៃព្រះរាជាណាចក្រកម្ពុជា។

បានប្រមូលចុះឈ្មោះអ្នកស្វែងរកការងារចំនួន ៤ ៨២៣នាក់ បានផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារ ចំនួន ១៣ ៩១៣នាក់ និងជួយស្វែងរកការងារធ្វើជូនប្រជាពលរដ្ឋតាមមូលដ្ឋានភូមិ ឃុំ និងតាមរយៈវេទិកាការងារ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ និងកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងតាមរយៈទីភ្នាក់ងារជ្រើសរើសឯកជនស្របច្បាប់។

បាននិងកំពុងអនុវត្តគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិលើកម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY) ដំណាក់កាលទី២ សម្រាប់ជួយដល់យុវជនឱ្យទទួលបាន ជំនាញតាមគន្លងថ្មីប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។

បានផ្ដល់ឱកាសការងារដល់ពលករធ្វើការងារនៅក្រៅប្រទេសសរុបចំនួន ១៣០១ ៦០៩នាក់ ក្នុងនោះ ប្រទេសថៃមានចំនួន ១ ២២០ ១៩៧នាក់ កូរ៉េ ៤៥ ៨៦៦នាក់ ម៉ាឡេស៊ី ២៣ ០២៧នាក់ ជប៉ុន ១១ ៤៥៣នាក់ សិង្ហបុរី ៨២១នាក់ ហុងកុង ២០២នាក់ និងអារ៉ាប់ប៊ីសាអូឌីត ៤៣នាក់។ បើតាមការប៉ាន់ប្រមាណពីប្រាក់បញ្ញើ ដែលក្មួយៗពលករបានផ្ញើជូនក្រុមគ្រួសារក្នុង១ឆ្នាំៗ ជាច្រើនពាន់លានដុល្លារអាមេរិក ដែលតាមរយៈទឹកប្រាក់ ទាំងនេះ បានចូលរួមចំណែកជំរុញដល់កំណើនសេដ្ឋកិច្ច ហើយជីវភាពរស់នៅរបស់ក្រុមគ្រួសារពលករកាន់ត ប្រសើរឡើងផងដែរ។

រាជរដ្ឋាភិបាលក៏កំពុងបន្តជំរុញការអនុវត្តគោលនយោបាយស្តីពីទេសន្តរប្រវេសន៍ការងារ សម្រាប់ប្រទេស កម្ពុជា ឆ្នាំ២០១៩-២០២៣ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងការការពារ និងលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍ បងប្អូនពលករ ទាំងការទទួលបានកិច្ចគាំពារសង្គមក្នុងពេលបម្រើការងារ និងពេលត្រឡប់មកស្រុកកំណើតវិញ។

ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរនិងកាបូប ត្រូវបានដំឡើងពី ១៩២ដុល្លារអាមេរិក ដល់ ១៩៤ដុល្លារអាមេរិក ក្នុង ១ខែ សម្រាប់ ឆ្នាំ២០២២ បើបូករួមទាំងអត្ថប្រយោជន៍ផ្សេងៗ កម្មករនិយោជិតម្នាក់ៗអាចទទួលបានប្រាក់ឈ្នួលចាប់ពី ២១១ ដុល្លារអាមេរិក ដល់ ២២២ដុល្លារអាមេរិក ក្នុង១ខែ។

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលនៅតែបន្តណែនាំដល់ក្រសួង ស្ថាប័នទាំងអស់ និងអំពាវនាវដល់ បុគ្គលឯកជនដែលជាម្ចាស់អគារទីតាំងអាជីវកម្ម និងរោងចក្រ សហគ្រាស ជួយសម្រួលដល់ភាគីជួល ដោយចៀសវាងការបញ្ចប់កិច្ចសន្យា ឬការបណ្តេញចេញ តាមរយៈការពន្យារពេលនៃការបង់ថ្លៃឈ្នួល ឬបញ្ចុះថ្លៃឈ្នួល ឬមិនយកថ្លៃឈ្នួលតាមលទ្ធភាពជាក់ស្តែង។

ថ្មីៗនេះ ដោយពិនិត្យឃើញសារៈសំខាន់ និងភាពចាំបាច់ រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ឱ្យអនុវត្តនូវ “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ សំដៅកំណត់ នូវចក្ខុវិស័យរួម គោលបំណង គោលដៅ និងវិធានការជាយុទ្ធសាស្ត្រ ដើម្បីបន្តគ្រប់គ្រង និងពង្រឹងការអភិវឌ្ឍ វិស័យនេះឱ្យស្របតាមបរិការណ៍កម្ពុជា ដែលស្ថិតក្នុងស្ថានភាពទ្វេទិស មានទាំងបញ្ហាប្រឈម និងកាលានុវត្តភាព ព្រមទាំងឆ្លើយតបទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃនិម្មាបនកម្មតំបន់ និងពិភពលោក។ តាមរយៈការអនុវត្ត យុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាលនឹងអភិវឌ្ឍវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបនៅកម្ពុជា ឱ្យទៅជា ឧស្សាហកម្មដែលមានចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្ដោតលើផលិតផលថ្លៃខ្ពស់ និងមាន លក្ខណៈពិសេស មានភាពប្រកួតប្រជែងខ្ពស់ និងជាមូលដ្ឋានគាំទ្រពិពិធកម្មសេដ្ឋកិច្ចនៅមុនដំណាច់ឆ្នាំ២០២៧។

ជាចុងក្រោយ រាជរដ្ឋាភិបាលជឿជាក់ថា ការអនុវត្តយុទ្ធសាស្ត្រនេះ នឹងចូលរួមចំណែកដោះស្រាយ បញ្ហាប្រឈមជារចនាសម្ព័ន្ធ និងផ្ដល់លទ្ធភាពឱ្យកម្ពុជាអាចចាប់យកកាលានុវត្តភាព ដើម្បីជំរុញការអភិវឌ្ឍន វិស័យកាត់ដេរ ក៏ដូចជា កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។ យុទ្ធសាស្ត្រនេះ ក៏នឹងចូលរួមចំណែកក្នុងការបង្កើតសមត្ថភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ការឆ្លើយតប ទៅនឹងការរំពឹងទុក និងតម្រូវការរបស់ប្រជាជន និងការកសាងមូលដ្ឋានគ្រឹះចាំបាច់ ដើម្បីឆ្ពោះទៅសម្រេចឱ្យបាន នូវបង្គោលចរឆ្នាំ២០៣០ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ផងដែរ។

នាឱកាសនេះ រាជរដ្ឋាភិបាលសូមបន្តអំពាវនាវជាថ្មីម្ដងទៀតដល់ម្ចាស់រោងចក្រ សហគ្រាស និងបងប្អូន កម្មករនិយោជិត ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្ត ទាំងដូសមូលដ្ឋាន និងដូសជំរុញនិងអនុវត្តឱ្យបានហ្មត់ចត់បំផុតនូវវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការ អនុវត្តវិធានការ ៣ ការពារ” និង “៣ កុំ” និងតាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រកាសស្តីពីការដាក់ឱ្យ ប្រើគោលការណ៍ប្រតិបត្តិស្តង់ដាស្តីពីដំណើរការ និងការគ្រប់គ្រងរោងចក្រ សហគ្រាសតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×