ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមការអធ្យាស្រ័យដែលនៅឆ្នាំ២០២២ នេះ យើងមិនអាចរៀបចំការជួបជុំជាមួយបងប្អូនកម្មករនិយោជិតដូចសព្វដង ដោយសារការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិត ជូនដល់បងប្អូន ក្មួយៗ កម្មករនិយោជិត និយោជក និងជនរួមជាតិទាំងអស់ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២។

បច្ចុប្បន្ន ទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាកនៃជំងឺកូវីដ-១៩ ប្រភេទថ្មីក៏ដោយ រាជរដ្ឋាភិបាលនៅ តែខិតខំបន្តរក្សាការងារដែលមានស្រាប់ និងបង្កើតការងារថ្មីគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ដែលនាំឱ្យផលប៉ះពាល់ លើចំនួនការងារស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។
កន្លងទៅនេះ ដើម្បីជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា សម្តេចតេជោ បានចុះជួបជាមួយបងប្អូនកម្មករនិយោជិត បានចំនួន ៧៧លើក សរុបកម្មករនិយោជិតចំនួនប្រមាណជិត ១លាននាក់ គិតចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ ដើម្បីលើកកម្ពស់ជីវភាព សុខុមាលភាពកម្មករនិយោជិត និងទំនាក់ ទំនងវិជ្ជាជីវៈហើយខ្ញុំនឹងបន្តសកម្មភាពនេះជារៀងរហូត នៅក្នុងតំណែងរបស់ខ្ញុំជានាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា។ ដែលតាមរយៈជំនួបទាំងនេះ បានរកឃើញបញ្ហាមួយចំនួន និងបានដាក់ចេញនូវគោលការណ៍ និងវិធានការជាច្រើន ជាពិសេសអនុសាសន៍ ១០ចំណុច រួមមាន៖ ១.គ្រប់រោងចក្រទាំងអស់ ត្រូវអនុវត្តប្រាក់ ឈ្នួលអប្បបរមា និងបានបើកប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២២ ចំនួន ១៩៤ដុល្លារអាមេរិក ដោយនឹងបើក២ដង ក្នុងមួយខែ ជូនកម្មករនិយោជិត។ ២.កម្មករនិយោជិត ទទួលបានការពិនិត្យព្យាបាលជំងឺដោយមិនបង់ប្រាក់។ ៣.កម្មការិនីទទួលបានប្រាក់ឈ្នួល ១២០% និងឈប់សម្រាករយៈពេល ៣ខែ ក្នុងពេលសម្រាលកូន។ ៤.បានផ្ដល់ ប្រាក់ឧបត្ថម្ភដល់កម្មការិនីក្រោយពេលសម្រាលកូន ដោយផ្តល់ជូនកូន ១នាក់ ថវិកា ៤០ម៉ឺនរៀល កូន ២នាក់ | ៨០ម៉ឺនរៀល និងកូន ៣នាក់ ១,២លានរៀល ព្រមទាំងទទួលបានថវិកាបន្ថែមចំនួន ៥លានរៀល ពី សម្តច តេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ទាល់។ ៥.និយោជកបានបង់ភាគទានរបបសន្តិសុខសង្គមផ្នែក ថែទាំសុខភាព១០០% ជំនួសកម្មករនិយោជិត។ ៦.ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ បន្តត្រួតពិនិត្យ ថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងថ្លៃអគ្គិសនី នៅតាមផ្ទះជួល និងតាមជំរុញការតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាត នៅតាមតំបន់ផ្ទះជួលរបស់កម្មករនិយោជិត។ ៧.ច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មីបានទទួលការអនុម័ត និង ដាក់ឱ្យប្រើប្រាស់ ដើម្បីអនុវត្តផ្នែកសោធនសម្រាប់កម្មករនិយោជិត និងផ្នែកហានិភ័យការងារសម្រាប់មន្ត្រី សាធារណៈនៅឆ្នាំ២០២០។ ៨.អនុវត្តច្បាប់ស្តីពីការងារ ដើម្បីកំណត់ការបើកប្រាក់បំណាច់អតីតភាពការងារ ជូនកម្មករនិយោជិត ៦ខែម្ដង។ ៩.បន្តសហការជាមួយក្រសួងពាក់ព័ន្ធ បន្តដោះស្រាយបញ្ហាសុវត្ថិភាពក្នុងការ ដឹកជញ្ជូន និងការធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត ការរៀបចំកែសម្រួលមធ្យោបាយដឹកជញ្ជូន និង ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ១០បន្តពង្រឹងកិច្ចសហការជាមួយប្រទេសជាដៃគូ រួមមាន ថៃ ម៉ាឡេស៊ី កូរ៉េ ជប៉ុន ហុងកុង សិង្ហបុរី និងប្រទេសមួយចំនួនទៀត ដើម្បីផ្ដល់ឱកាសការងារជូនពលករ ការពារសិទ្ធិ និង ផលប្រយោជន៍ពលករ ដែលកំពុងបម្រើការងារនៅប្រទេសទាំងនោះ បង្កលក្ខណៈសម្បត្តិឱ្យបងប្អូនទទួលបាន របបគាំពារសង្គមទាំងបច្ចុប្បន្ន និងពេលដែលវិលត្រឡប់មកវិញ។

សម្តេចក៏សូមការអធ្យាស្រ័យដែលនៅឆ្នាំ២០២២ នេះ យើងមិនអាចរៀបចំការជួបជុំដូចសព្វដង ដោយសារការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ប្រភេទថ្មីអូមីក្រុង ប៉ុន្តែរាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត រៀបចំពិធីសំណេះសំណាល ជាមួយសហជីព និងតំណាងមន្ត្រីរាជការ គ្រូបង្រៀនក្នុងទ្រង់ទ្រាយតូច និងតាមស្ថានភាព ជាក់ស្តែង។
ជាមួយនឹងសមិទ្ធផលជោគជ័យដ៏ធំធេង ជាអកុសលវិបត្តិនៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ពិភពលោក និងបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសកល ហើយប្រទេសកម្ពុជា ក៏មិនអាចចៀសផុតពីផលប៉ះពាល់យ៉ាងធំធេងក្នុងសង្គម-សេដ្ឋកិច្ចនេះផងដែរ។ ទោះបីជាស្ថិតក្នុងកាលៈទេសៈ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្តី កម្ពុជានៅតែអាចគ្រប់គ្រង និងដោះស្រាយវិបត្តិនេះបានយ៉ាងល្អប្រសើរ តាមរយៈការបង្កើតភាពស៊ាំក្នុងសហគមន៍ ដោយអនុលោមតាមផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលការណ៍នេះនាំឱ្យកម្ពុជាមានលទ្ធភាពបើកឱ្យដំណើរការ សកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញ ជាមួយការបើកប្រទេសទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិផងដែរ ដោយបានលុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកធ្វើដំណើរមកពីបរទេសត្រូវបង្ហាញលទ្ធផលតេស្ដ PCR អវិជ្ជមាន ក្នុងរយៈពេល ៧២ម៉ោង មុនពេលមកដល់កម្ពុជាលុបចោលការតម្រូវឱ្យធ្វើតេស្ដរហ័សនៅពេលដែលមកដល់ កម្ពុជា និងអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ ដើម្បីធ្វើការឆ្លើយតបទៅនឹង វិបត្តិនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យនូវកញ្ចប់វិធានការរបស់រាជ រដ្ឋាភិបាលចំនួន ១០ជុំ ដោយបានបើកផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប និងវិស័យទេសចរណ៍ ដែលព្យួរកិច្ចសន្យាការងារដោយសារ ជំងឺកូវីដ-១៩ សរុបចំនួន ៣៤៧ ៨៤៤នាក់ ស្មើនឹងថវិកាប្រមាណ ១១៤,៦ប៊ីលានរៀល (ប្រមាណជាង ២៨លានដុល្លារអាមេរិក) ព្រមទាំងបានផ្តល់វគ្គបណ្តុះបណ្តាលជំនាញទន់ផងដែរ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសស្ដីពីការដាក់ឱ្យប្រើគោលការណ៍ប្រតិបត្តិ ស្តង់ដាស្តីពីដំណើរការ និងការគ្រប់គ្រងរោងចក្រ សហគ្រាសតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ក្នុងគោលបំណងការពារសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត និងរក្សាស្ថិរភាពអាជីវកម្ម/ផលិតកម្ម របស់រោងចក្រ សហគ្រាស ក៏ដូចជាការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមរោងចក សហគ្រាស៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី


