ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២។ ខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា រៀបចំឡើងក្រោមប្រធានបទ សន្តិភាព សុខភាព និងសន្តិសុខការងារ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលបានខិតខំស្វែងរក និងផ្តល់ឱកាសការងារដល់ពលករធ្វើការងារនៅក្រៅប្រទេសសរុបជាង១លាន៣សែននាក់ នៅប្រទេសថៃ កូរ៉េខាងត្បូង ម៉ាឡេស៉ី ជប៉ុន សិង្ហបុរី តំបន់រដ្ឋបាលពិសេសហុងកុង និងប្រទេសអារ៉ាប់ប៊ីសាអូឌីត។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ឱកាសការងារ ដល់ពលករធ្វើការងារ នៅក្រៅប្រទេសសរុបចំនួន១,៣០១,៦០៩នាក់។ ក្នុងចំណោមពលករនៅក្រៅប្រទេសទាំងនោះ គឺនៅប្រទេសថៃចំនួន១,២២០,១៩៧នាក់ សាធារណរដ្ឋកូរ៉េចំនួន ៤៥,៨៦៦នាក់ ម៉ាឡេស៊ីចំនួន ២៣,០២៧នាក់ ជប៉ុនចំនួន ១១,៤៥៣នាក់ សិង្ហបុរីចំនួន៨២១នាក់ តំបន់រដ្ឋបាលពិសេសហុងកុងចំនួន ២០២នាក់ និងអារ៉ាប់ប៊ីសាអូឌីតចំនួន ៤៣នាក់។
បើតាមការប៉ាន់ប្រមាណពីប្រាក់បញ្ញើ ដែលពលករបានផ្ញើជូនក្រុមគ្រួសារ ក្នុង១ឆ្នាំៗជាច្រើនពាន់លានដុល្លារអាមេរិក ដែលតាមរយៈទឹកប្រាក់ទាំងនេះ បានចូលរួមចំណែកជំរុញដល់កំណើនសេដ្ឋកិច្ច ហើយជីវភាពរស់នៅរបស់ក្រុមគ្រួសារពលករ កាន់តែប្រសើរឡើងផងដែរ។
រាជរដ្ឋាភិបាលក៏កំពុងបន្តជំរុញការអនុវត្តគោលនយោបាយ ស្ដីពីទេសន្តរប្រវេសន៍ការងារ សម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធក្នុងការការពារ និងលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍ពលករ ទាំងការទទួលបានកិច្ចគាំពារសង្គម ក្នុងពេលបម្រើការងារ និងពេលត្រឡប់មកស្រុកកំណើតវិញ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី








