Saturday, June 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផ្ដាំផ្ញើដល់យុវជនគ្រប់ស្រទាប់វណ្ណៈថា មិនត្រូវប្រកាន់ចរិតញុះញង់ដែលនាំឱ្យប៉ះពាល់ដល់ស្ថេរភាព និងសន្តិភាព

ភ្នំពេញ ៖ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីពក្នុងឱកាសខួបលើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈចលនាមហាជន បានលើកឡើងថា យុវជនគ្រប់ស្រទាប់ជាន់ថ្នាក់ មិនត្រូវធ្វើការញុះញង់ចំពោះបញ្ហាផ្សេងៗដែលអាចនាំឱ្យប៉ះពាល់ដល់ភាពសុខសាន្តរបស់ជាតិ និងសេចក្តីសុខ សុភមង្គលរបស់ប្រជាជន, ពោលគឺ គួរណាស់តែចូលរួមទប់ស្កាត់ការញុះញង់ទាំងឡាយណាដែលនាំឲ្យរង្គោះរង្គើសន្តិភាព និងស្ថេរភាព, ដូច្នេះ កម្មករ-កម្មការិនីក៏ជាកម្លាំងដ៏រឹងមាំមួយក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពផងដែរ។

ក្នុងន័យនេះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានផ្សារភ្ជាប់សាច់ឈាមជាមួយកម្មករ-និយោជិតតាំងពីឆ្នាំ១៩៧៩មកម៉្លេះ ហើយក៏នឹងបន្តពង្រឹង និងពង្រីកបន្ថែមនូវគោលនយោបាយលើកស្ទួយជីវភាពប្រជាពលរដ្ឋ ជាពិសេសកម្មករ-កម្មការិនីឱ្យកាន់តែមានភាពចម្រុងចម្រើនខ្លាំងឡើងបន្ថែមទៀត តាមរយៈការខិតខំប្រឹងប្រែងបើកដំណើរការប្រទេសលើគ្រប់វិស័យ ហើយផ្ដល់ការងារដល់កម្មករ-និយោជិត ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គម។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងទៅកាន់កម្មករ-និយោជិតជាច្រើនរយនាក់ ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំដោះស្រាយ និងជម្នះបញ្ហារហូតសម្រេចបានជោគជ័យដ៏ធំធេងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយមានការដឹកនាំដ៏មោះមុតអង់អាចក្លាហាន និងប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយនឹងធ្លុងមហាសាមគ្គីជាតិ តាមរយៈការចូលរួមប្រកបដោយទំនុកចិត្ត និងភាពជឿជាក់ពីសំណាក់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ កងទ័ពអាវស និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមទាំងកម្មករ-កម្មការិនីនៅទូទាំងប្រទេសផងដែរ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងចូលរួមអបអរសាទរខួបលើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «សន្តិភាព សុខភាព និងសន្តិសុខការងារ» ដោយបញ្ជាក់ថា ប្រធានបទនេះ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់កម្ពុជា ដែលធ្លាប់ទទួលរងការញាំញីដោយសង្គ្រាមរាប់ទសវត្សមកហើយ, ប៉ុន្តែដោយសារយើងរក្សាបាននូវសន្តិភាព ស្ថេរភាព ទើបមានការបង្កើតការងារ ស្ថិរភាពការងារ សុវត្ថិភាពការងារ ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធទំនើប និងការអភិវឌ្ឍគ្រប់វិស័យ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×