ភ្នំពេញៈ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅក្នុងគ្រប់ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ដោយគណបក្សប្រជាជនកម្ពុជា តែងបានទទួលនូវជ័យជម្នះដោយមានការគាំទ្រពីប្រជាពលរដ្ឋភាគច្រើនបំផុត ដែលនៅតែស្រឡាញ់ ជឿជាក់ និងផ្តល់ទំនុកចិត្តលើការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយទស្សនវិស័យរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី។ សច្ចភាពប្រវត្តិសាស្ត្ររបស់កម្ពុជាក្រោយឆ្នាំ១៩៧៩ ដែលបង្ហាញចេញតាមរយៈការរស់រានឡើងវិញលើគ្រប់វិស័យ ដោយជាក់ស្តែង គឺនៅក្នុងវិស័យពុទ្ធិកសិក្សានេះផ្ទាល់ ដែលត្រូវបានធ្លាក់ចុះដល់ចំណុចសូន្យ ហើយរហូតមកទល់ពេលនេះ មានសាលាពុទ្ធិកសិក្សាសរុបនៅទូទាំងប្រទេសប្រមាណជិត ១.៥០០ សាលា គឺពិតជាបានផ្តល់នូវយុត្តិធម៌សម្រាប់គណបក្សប្រជាជនកម្ពុជា។

ការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា អគាររដ្ឋបាល និងពិធីប្រគេន-ប្រគល់សញ្ញាបត្របរិញ្ញាបត្រ នៃពុទ្ធិកសាកលវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថិតក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ឯករាជ្យភាពរបស់ប្រទេសជាតិមួយ គឺត្រូវពឹងលើសមត្ថភាពរបស់ប្រជាជាតិនោះជាកត្តាចាំបាច់។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងរយៈកាលជាង ៤០ ឆ្នាំមកនេះ បានសម្រេចនូវស្នាដៃ និងសមិទ្ធផលយ៉ាងធំធេងនៅក្នុងការបណ្តុះបណ្តាលកសាងធនធានមនុស្សបម្រើឱ្យសេចក្តីត្រូវការរបស់សង្គមជាតិទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ ពិតណាស់ គឺមានកត្តា ២ យ៉ាងសំខាន់ៗ ដែលនាំឱ្យសម្រេចបាននូវជោគជ័យនេះ ហើយតទៅអនាគតទៀត កត្តាទាំង ០២ នេះ ក៏នឹងបន្តឋិតនៅដោយឥតប្រួលប្រែ៖ ទី១. រាជរដ្ឋាភិបាលមានគោលនយោបាយច្បាស់លាស់ និងត្រឹមត្រូវ ដោយបានចាត់វិស័យអប់រំជាវិស័យអាទិភាពខ្ពស់ជាងគេ ហើយបានចាត់តាំងអនុវត្តគោលនយោបាយនេះប្រកបដោយប្រសិទ្ធភាព និងទី២. ការគាំទ្រជឿជាក់ និងការចូលរួមចំណែកពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក៏ដូចជាការចូលរួមរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងវិស័យឯកជន និងសប្បុរសជននានាទាំងក្នុងនិងក្រៅប្រទេស ដែលបានរួបរួមគ្នាសាមគ្គីគ្នាជាធ្លុងមួយក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិ តាមរយៈការកសាងសមិទ្ធផលនានា ដែលបម្រើឱ្យសេចក្តីត្រូវការក្នុងកិច្ចការបណ្តុះបណ្តាលធនធានមនុស្ស៕ រក្សាសិទ្ធិដោយៈ ចេស្តារ





