Sunday, June 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន កំពុងសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សប្រលងជាប់និទ្ទេស A ចំនួន ១,៧៥៧នាក់

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប ១,៧៥៧នាក់ នាព្រឹកថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០២២នេះ។

សូមបញ្ជាក់ថា ការប្រលងបាក់ឌុប ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនប្រលងជាប់មានចំនួន ៧២,០១៦នាក់ ស្មើនឹងប្រមាណ ៦៥.៦៥% (បេក្ខជនប្រលងសរុប ១១៤,១៨៣នាក់)។

សិស្សដែលទទួលបាននិទ្ទេស A ក្នុងរាជធានីភ្នំពេញ ៥៦៥នាក់, ខេត្តសៀមរាប ១៥៣នាក់, កណ្តាល ១២៧នាក់, បាត់ដំបង ១២៣នាក់, កំពង់ចាម ១១៨នាក់, បន្ទាយមានជ័យ ៩៩នាក់, តាកែវ ៩៩នាក់, ព្រៃវែង ៨៧នាក់, កំពត ៧៥នាក់, ត្បូងឃ្មុំ ៥៤នាក់, ក្រចេះ ៤៥នាក់, កំពង់ធំ ៤១នាក់, កំពង់ស្ពឺ ៣៣នាក់, ពោធិ៍សាត់ ២៨នាក់, ស្វាយរៀង ២៦នាក់, កំពង់ឆ្នាំង ២២នាក់,ព្រះសីហនុ ២០នាក់, រតនគិរី ០៩នាក់, ស្ទឹងត្រែង ០៦នាក់, ប៉ៃលិន ០៦នាក់, ឧត្តរមានជ័យ ០៥នាក់, កោះកុង០៤នាក់, ព្រះវិហារ ០៤នាក់, កែប ០៣នាក់, និងខេត្តមណ្ឌលគិរី ០១នាក់។

បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ១,៧៥៧នាក់ (ឆ្នាំ២០១៩ មានចំនួន ៤៤៣នាក់), និទ្ទេស B មានចំនួន ៥,២១៥នាក់ (ឆ្នាំ២០១៩ ចំនួន ២,៤៣០នាក់), និទ្ទេស C មានចំនួន ១១,៦៣៤នាក់ (ឆ្នាំ២០១៩ ចំនួន ៥,៨៤៧នាក់), និទ្ទេស D មានចំនួន ២៣,៤៩៩នាក់ (ឆ្នាំ២០១៩ ចំនួន ១៤,១០០នាក់), និងនិទ្ទេស E មានចំនួន ២៩ ៩១៥ នាក់ (ឆ្នាំ២០១៩ ចំនួន ៥៦,២៣២នាក់)។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំសិក្សា២០១៣-២០១៤មក គឺជាឆ្នាំសិក្សាធ្វើកំណែទម្រង់, ដូច្នេះ ការប្រលងមធ្យមសិក្សាកម្រិត២ ហៅថា បាក់ឌុប គឺមានលក្ខណៈតឹងរឹងបំផុតរបស់ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ហើយគ្រានោះ សម្តេចតេជោ ហ៊ុន សែន តែងបានឆ្លៀតពីការងារដ៏មមាញឹកជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A។ តែនៅឆ្នាំសិក្សា២០១៩-២០២០ សម្តេចតេជោ ហ៊ុន សែន មិនមានកម្មវិធីជួបសំណេះសំណាលនោះឡើយ ព្រោះសិស្សត្រូវបានឱ្យជាប់ដោយស្វ័យប្រវត្តិ ដោយមិនមានការបែងចែកនិទ្ទេសអ្វីទេ។

ការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A គឺជាការលើកទឹកចិត្តដ៏ធំធេងដល់សិស្សដែលបានប្រឹងប្រែងសិក្សារៀនសូត្ររហូតទទួលបានជោគជ័យ និងជាការជំរុញឲ្យសិស្សខិតខំបន្ថែមទៀតដើម្បីមានឱកាសជួបជាមួយនាយករដ្ឋមន្ត្រី៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×