Sunday, June 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទោះជាយ៉ាងណា នៅតែគោរពសិទ្ធិសេរីភាពសារព័ត៌មាន និងជាដៃគូមិនអាចខ្វះបាន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារលិខិត ចូលរួមក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានសាកលលោក» លើកទី២៩ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ ” សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល ” មានខ្លឹមសារថា សូមចូលរួមអបអរសាទរយ៉ាងកក់ក្ដៅជាមួយបងប្អូនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិដែលកំពុងបំពេញការងារលើវិស័យសារព័ត៌មានទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងនៅលើសាកលលោក។

ការប្រារព្ធទិវាសេរីភាពសារព័ត៌មានសាកលលោកនេះ គឺក្នុងគោលបំណងលើកកម្ពស់សិទ្ធិសេរីភាពនៃការបញ្ចេញមតិ សេរីភាពទខាងសារព័ត៌មាន ការលើកស្ទួយនូវឯករាជ្យភាពនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានពហុនិយម និងការរំលឹកដល់រដ្ឋាភិបាលនៃប្រទេសទាំងឡាយនៅលើសាកលលោកដែលបានប្ដេជ្ញាចិត្តក្នុងការគោរពសេរីភាពសារព័ត៌មាន ឲ្យយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិ សេរីភាពសារព័ត៌មាន និងធានាសុវត្ថិភាពដល់អ្នកសារព័ត៌មានក្នុងការបំពេញភារកិច្ចរបស់ពួកគេ ព្រមទាំងជំរុញឲ្យស្ថាប័នសារព័ត៌មាន បំពេញតួនាទីតាមវិជ្ជាជីវៈប្រកបដោយតម្លាភាព ធ្វើយ៉ាងណាដើម្បីទទួលបានការទុកចិត្ត និងការគាំទ្រពីសាធារណជន។

សម្តេចតេជោ ហ៊ុន សែន បានសម្ដែងទឹកចិត្តក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល ថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់អាទិភាពជាចម្បងក្នុងកម្មវិធីនយោបាយរបស់ខ្លួន ដល់វិស័យសារព័ត៌មាន ឲ្យចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌, ការកែទម្រង់រដ្ឋបាលសាធារណៈ , ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដើម្បីកសាងសង្គមមួយប្រកបដោយភាពយុត្តិធម៌ សុខសន្តិភាព និងការអភិវឌ្ឍន៍យូរអង្វែងដែលជាបំណងប្រាថ្នា និងជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានជោគជ័យយ៉ាងធំធេងនារយ:ពេលកន្លងមក។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្ញុំសូមកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ ដែលបានខិតខំបំពេញការងារជូនប្រទេសជាតិនាពេលកន្លងមក ទោះបីរងផលប៉ះពាល់នៃវិបត្តិនយោបាយសាកល, វិបត្តិនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចសាកល ដែលធ្វើឲ្យប៉ះពាល់ដល់ចំណូលរបស់ស្ថាប័នសារព័ត៌មានក៏ដោយ ក៏បងប្អូនអ្នកសារព័ត៌មាន នៅតែបានខិតខំពុះពារជម្នះរាល់ឧបសគ្គក្នុងការចុះយកព័ត៌មាន និងស្វែងរកព័ត៌មានដែលបានកើតឡើងទាំងនៅក្នុងប្រទេស និងនៅលើសាកលលោក ដើម្បីធ្វើការចែករំលែក និងផ្សព្វផ្សាយព័ត៌មាន ជូនសាធារណជនឲ្យបានយល់ដឹងអំពីបញ្ហានយោបាយ សេដ្ឋកិច្ច សង្គមនិងបញ្ហាផ្សេងទៀត។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតថា ខ្ញុំសូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តក្នុងការគោរពសិទ្ធិសេរីភាពនៃការបញ្ចេញមតិសេរីភាពការសារព័ត៌មាននិងលើកកម្ពស់ភាពជាដៃគូររវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយស្ថាប័នសារព័ត៌មានដែលមិនអាចខ្វះបាននៅក្នុងក្របខណ្ឌប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស, សារព័ត៌មាន គឺជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម ឆ្លុះបញ្ចាំងជនអសកម្ម អំពើពុករលួយ និងភាពអយុត្តិធម៌ផ្សេងៗ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×