Sunday, June 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាល បានពង្រាយសាលារៀន តាំងពីទីប្រជុំជន រហូតដល់ទីជនបទដាច់ស្រយាល រាប់ពាន់ខ្នង ដើម្បីទុកឲ្យកូនចៅប្រជាពលរដ្ឋ បានសិក្សារៀនសូត្រគ្រប់ៗគ្នា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប ១,៧៥៣នាក់ ដែលពិធីសំណេះសំណាលបានធ្វើឡើងនៅសាលពិព័រណ៍ OCIC ជ្រោយចង្វារ។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានជួបជាមួយក្មួយៗចៅៗ ដែលបានជាប់និទ្ទេស A ចំនួន ១,៧៥៣នាក់ ក្នុងឆ្នាំ២០២១នេះ។ សម្តេចពិតជារីករាយចំពោះចំនួនដ៏ច្រើននេះ។ សម្តេចតេជោបានអបអរសាទរជាមួយសិស្សនិទ្ទេស A និងអាណាព្យាបាលទាំងអស់ដែលមានកូនក្លាយជាសិស្សឆ្នើម។​

ទន្ទឹមនឹងនោះ​ សម្តេចតេជោក៏បានសម្តែងនូវការសោកស្តាយផងដែរចំពោះសិស្សានុសិស្សដែលមិនបានប្រលងជាប់ ហើយសម្តេចសង្ឃឹមថា ពួកគេនឹងបន្តសិក្សានៅឆ្នាំ២០២២នេះ ដើម្បីប្រលងជាថ្មី ឬបន្តចាប់យកជំនាញវិជ្ជាជីវៈនៅតាមសាលាបណ្តុះបណ្តាលបច្ចេកទេសនានា។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ផ្តើមចេញពីការដាក់ចេញគោលនយោបាយអាទិភាពលើវិស័យអប់រំ បានធ្វើឱ្យមានការយកចិត្តទុកដាក់លើការអប់រំពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទៅលើការសិក្សារបស់សិស្សានុសិស្ស។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះ ក្រសួងអប់រំយុវជន និងកីឡា ដែលបានខិតខំសម្របសម្រួលក្នុងការប្រឡងបាក់ឌុបនៅទូទាំងប្រទេស ដែលទទួលបានលទ្ធផលគួរជាទីមោទនភាព។

មានប្រសាសន៍ទៅកាន់ក្មួយៗ និងចៅៗទាំងអស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានរំលឹកពីភាពខ្ទេចខ្ទាំនៃវិស័យអប់រំនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពេលនោះធនធានអ្នកចេះដឹងជាច្រើនត្រូវបានសម្លាប់ចោល ហើយសាលារៀនមួយចំនួនក៏ត្រូវបានក្លាយទៅជាគុក និងជាកន្លែងឃុំឃាំងដាក់មនុស្ស។ ក៏ប៉ុន្តែក្រោយពីយើងបានរំដោះប្រទេសនិងទទួលបាននូវសុខសន្តិភាព គឺយើងបានខិតខំបណ្តុះបណ្តាលធនធានមនុស្សដែលបានកើនមានឡើងជាបន្តបន្ទាប់ ជាពិសេសរាជរដ្ឋាភិបាលបានពង្រាយសាលារៀនតាំងពីទីប្រជុំជនរហូតដល់ទីជនបទដាច់ស្រយាលរាប់ពាន់ខ្នង ដើម្បីទុកឲ្យកូនចៅប្រជាពលរដ្ឋបានសិក្សារៀនសូត្រគ្រប់ៗគ្នា ក្នុងនោះថែមទាំងយើងបានកំណត់ថា ឃុំ១មានអនុវិទ្យាល័យ១។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ឥឡូវនេះខ្ញុំសុំប្រកាស ដាក់សិស្សានុសិស្ស និស្សិតទាំងអស់នៅទូទាំងប្រទេស ទៅជាក្រុមអាទិភាពទទួលវ៉ាក់សាំងបន្ត។ មុននេះខ្ញុំបានប្រកាសត្រឹមមុខសញ្ញា ពាក់ព័ន្ធមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ជាក្រុមអាទិភាពជួរមុខទេ ឥឡូវដើម្បីធានាសុវត្ថិភាពសម្រាប់សិស្ស កុមារាកុមារីរបស់យើង ត្រូវដាក់ក្នុងដំណើរការអាទិភាព នៃការផ្តល់វ៉ាក់សាំង។ ថ្ងៃនេះវ៉ាក់សាំង Pfizer ជិត២លានដូសបានដល់ ដែលយើងប្រើប្រាស់វ៉ាក់សាំងនេះជាដូសជំរុញ សម្រាប់គ្រូបង្រៀង និងកូនសិស្ស មិនថាជាដូសទី៣ ឬដូសទី៤នោះទេ។ កម្លាំងជួយទៅមុខដើរដល់ណា កូនសិស្សត្រូវដើរដល់នោះដូចគ្នា។ យើងមានសិស្សនិស្សិតជាង៣លាននាក់ ដូចនេះដើមការចាក់ម្តង៣លានដូស មិនពិបាកសម្រាប់កម្ពុជា ដែលយើងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់»។

សម្តេចតេជោបានថ្លែងថា ការកំណត់សិស្សនិស្សិតជាក្រុមអាទិភាពជួរមុខ ក្នុងការទទួលបានវ៉ាក់សាំងបង្ការកូវីដ១៩ គឺដើម្បីបង្កើនភាពសុំាសហគមន៍ ធានាបាននូវការសិក្សារបស់សិស្សនិស្សិត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរក្រសួងអប់រំ ក៏ដូចជាគ្រូនៅទូទាំងប្រទេស ដែលបានប្រឹងប្រែងជម្នះការលំបាកទាំងឡាយ បណ្តាលមកពីជំងឺកូវីដ១៩។

សម្តេចតេជោក៏បានរំលឹកផងដែរ ពីការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការក្នុងការបិទសាលារៀន កាលពីពេលកន្លងមក ក្នុងពេលមានការរីករាលដាលជំងឺកូវីដ១៩ ព្រោះតែពេលនោះមិនទាន់មានវ៉ាក់សាំងនោះទេ ដែលទាមទាររាជរដ្ឋាភិបាលធ្វើការសម្រេចចិត្ត ដើម្បីការពារអាយុជីវិតរបស់ប្រជាជន ក៏ដូចជាលោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិត ពីជំងឺកូវីដ១៩។

សម្តេចប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា បើគ្មានការដាក់ចេញវិធានការទាន់ពេលវេលានោះទេ កម្ពុជាអាចនឹងកើតមានសោកនាដកម្មមិនខាន ដោយសារតែការស្លាប់របស់ប្រជាជន។ ដោយសារតែវិធានការ និងការសម្រេចវ៉ាក់សាំងជូនប្រជាជនទូទាំងប្រទេស បានអនុញ្ញាតឲ្យកម្ពុជា អាចបើកសាលារៀន និងបើកប្រទេសពេញលេញឡើងវិញ។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «សូមកុំប្រៀបធៀបកូនខ្លួនឯងជាមួយកូនអ្នកដទៃឲ្យសោះ។ នេះជាការវាយប្រហារធ្ងន់ណាស់ ទៅលើចិត្តរបស់កូន។ បទពិសោធន៍ខ្ញុំ នៅក្នុងការគ្រប់គ្រងកូន បណ្តុះបណ្តាលកូន ចាត់ទុកថា ខ្ញុំទទួលបានជោគជ័យហើយ តែខ្ញុំនៅមានកាតព្វកិច្ច រួមចំណែកជាមួយកូនខ្ញុំ ដើម្បីបណ្តុះបណ្តាលចៅរបស់ខ្ញុំ»។

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ត្រូវលើកទឹកចិត្តកូន ជាជាងការបន្ទោសបង្អាប់ ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍កូន។ សូម្បីតែនៅក្នុងគ្រួសារតែមួយ ក៏សម្តេចមិនឲ្យសរសើរកូនណាមួយ ហើយបង្អាប់កូនណាមួយដែរ។

សម្តេចតេជោ បានបន្ថែមថា កូនរៀនពូកែ ឬមិនពូកែ មិនអាស្រ័យលើរបបអាហារទេ តែវាអាស្រ័យលើការអប់រំ និងថែទាំ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្តេច មិនសម្បូរអាហារហូបចុកពេលចាប់កំណើតទេ តែតាមរយៈការអប់រំ និងថែទាំល្អ ធ្វើឲ្យភាពវៃឆ្លាតមិនចាញ់កូនៗកើតនៅភ្នំពេញ ដែលសម្បូរការហូបចុកនោះឡើយស្របពេលជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យយុវជនដឹងគុណគ្រូ ហើយចៀសវាងការតិះដៀលគ្រូបង្រៀនផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា ចំពោះរង្វាន់លើកទឹកចិត្តដល់កូនក្មួយនិងចៅៗដែលទទួលបាននិទ្ទេស (A) ទាំង១,៧៥៣នាក់ គឺក្នុងម្នាក់ៗទទួលបានថវិកា ២លានរៀល, សៀវភៅអប់រំទូន្មាន២ក្បាល (សៀវភៅ ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង) , iPad ម្នាក់១គ្រឿង ដែលជាអំណោយរបស់ក្រុម ហ៊ុន ជីប ម៉ុង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ (បោះពុម្ពឆ្នាំ ១៥១៤ ដែលបានស្រាវជ្រាវយក ពីប្រទេសហូឡង់មកវិញ) ចំនួនម្នាក់១។ ចំពោះលោកគ្រូអ្នកគ្រូដែលជា នាយកសាលា បានអញ្ជើញចូលរួម ម្នាក់ៗទទួលបាន ថវិការចំនួន ១លានរៀល ជាមួយសៀវភៅអប់រំទូន្មាន២ក្បាល របស់ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ១ ហើយសាលានីមួយៗដែលមានសិស្សជាប់និន្ទេស (A) គឺក្នុងមួយសាលាទទួលបានថវិការ ៣លានរៀល។

មុននឹងបញ្ចប់​ សម្តេចតេជោ ហ៊ុន សែន បានជូនពរដល់ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងកូនក្មួយ ព្រមទាំងចៅៗ សិស្សានុសិស្សទាំងអស់ជួបតែសេចក្តីសុខចម្រើន និងទទួលបានជោគជ័យថ្មីៗជាបន្តទៀតក្នុងការសិក្សារៀនសូត្រ និងក្នុងការអប់រំ ផ្តល់នូវចំណេះដឹងដល់កូនខ្មែរជំនាន់ក្រោយជាបន្តទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×