ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានរំលឹកទៅដល់រឿង ឧកញ៉ា ហេង សៀ ដែលរំលោភបំពានលើរូបរាងកាយ កញ្ញា មាន ពេជ្ររីតា អតីតពិធីការិនីទូរទស្សន៍ MYTV និងជានិស្សិតម្នាក់នោះ គឺជាអំពើតិរច្ឆាន និងបំពានយ៉ាងអយុត្តិធម៌ទៅលើនិស្សិតស្រីម្នាក់ ដែលត្រូវតែញ៉ាំងឲ្យនាយករដ្ឋមន្ត្រីលូកដៃជួយរកយុត្តិធម៌ក្នុងរឿងនេះ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់ដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និទ្ទេស A ចំនួន ១,៧៥៧នាក់ នៅវិមានសន្តិភាព នាព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ ដោយសម្តេចអះអាងថា ករណីនេះ មានឧកញ៉ា ៤ – ៥ នាក់ទៀត ចូលរួមជួយជ្រោមជ្រែងធ្វើយ៉ាងណាឱ្យ ឧកញ៉ាហេង សៀ គេចផុតពីសំណាញ់ច្បាប់ ហើយបែរជាបំពានធ្វើឲ្យយុវតី មាន ពេជ្ររីតា ទទួលរងនូវភាពអយុត្តិធម៌ និងអាចជាប់ពន្ធនាគារដល់ពេលនេះ ប្រសិនបើគ្មានការអន្តរាគមន៍ទាន់ពេលវេលារបស់សម្តេចទេនោះ។
កាលណោះ សម្តេចតេជោ បានបញ្ជាឱ្យមេធាវីរបស់សម្តេច ស្រាវជ្រាវ ជាបន្ទាន់រហូតដឹងថា ក្មេងស្រីរងគ្រោះស្ថិតនៅក្នុងមន្ទីរឃុំឃាំង ដោយសារការប្តឹងរបស់ឧកញ៉ា ដែលថា យុវតី មាន ពេជ្ររីតា ចាក់ចំពោះខ្លួន។
ត្រង់នេះ សម្ដេចតេជោ បានរិះគន់ទៅដល់ពួកអ្នកដែលលើកឡើងថារឿងស្រីញីប្រុសឈ្មោលបែបនេះ សម្ដេចតេជោមិនគួរលូកដៃសោះឡើយ, តែសម្ដេចសូមបញ្ជាក់ថារឿងនេះ មិនមែនជារឿងស្រីញី ប្រុសឈ្មោល នោះទេ ហើយក៏មិនមែនជារឿងដូច ឧកញ៉ា ហេង សៀ ធ្លាប់បានកែច្នៃ ប្រឌិតព័ត៌មានថា ឧកញ៉ារូបនេះ ធ្លាបខ្លួនយុវតីនោះ ជាច្រើនលើកច្រើនសាក្នុងនាមជាស្រីកំណាន់ដូចការលើកឡើងនោះដែរ, ហើយក៏មិនមែនដូចករណីកូនៗរបស់ ឧកញ៉ា ហេង សៀ កែច្នៃប្រឌិតរូបអាសអាភាសរបស់យុវតី មាន ពេជ្ររីតា នោះដែរ, គឺជាការបំពានលើរូបរាងកាយ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់នាងតែម្ដង ព្រោះសំណុំរឿងនេះ ខ្ញុំក្ដាប់បានច្បាស់ណាស់ នៅក្នុងដៃរបស់ខ្ញុំ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា ក្រោយមកទៀត មានការបំបិទមាត់សារព័ត៌មានស្ទើរតែទាំងអស់ សម្តេចក៏បានបញ្ជាឱ្យនាំខ្លួនកូនប្រសា ឧកញ៉ា ហេង សៀ ឡើងតុលាការ ហើយរកឃើញថា នៅក្នុងទូរស័ព្ទកូនប្រសានេះ មានរូបភាព គឺកាត់តរូបភាពអាសអាភាសនៅលើគ្រែច្រើនសន្លឹក ដោយដូរដាក់រូប ឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រសិនបើបញ្ហានេះ គ្រាន់តែជារឿង ស្រីញីប្រុសឈ្មោល ខ្ញុំគ្មានការចាំបាច់ដើម្បីធ្វើអន្តរាគមន៍ទេ ប៉ុន្តែបញ្ហាវាស្ថិតនៅលើអំពើអយុត្តិធម៌ ក្មេងស្រីជានិស្សិត (ពេលនោះ) កំពុងជាប់នៅក្នុងមន្ទីរឃុំឃាំង ក្រោមអន្តរាគមន៍របស់ឧកញ៉ា៤-៥នាក់ឯណោះ តើឱ្យខ្ញុំនៅស្ងៀមចំពោះរឿងនេះកើតទេ ខ្ញុំមិនអាចឈរមើលរឿងតិរច្ឆានបែបនេះឡើយ ព្រោះខ្ញុំមិនមែនតិរច្ឆានទេ បើអ្នកជា តិរច្ឆាន ធ្វើតិរច្ឆានខ្លួនឯងចុះ ប៉ុន្តែក្នុងឋានៈជានាយករដ្ឋមន្រ្តី ខ្ញុំត្រូវតែមានការទទួលខុសត្រូវ ដើម្បីយុត្តិធម៌សម្រាប់ពលរដ្ឋរបស់ខ្លួន ដែលត្រូវគេបំពាន។
ជាការចូលរួមសមគំនិតដើម្បីធ្វើឲ្យឧកញ៉ា ហេង សៀ រួចខ្លួនពីការចោទប្រកាន់របស់ យុវតី មាន ពេជ្ររីតា នោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់ទៅ កូនប្រសាររបស់ ឧកញ៉ា នេះ បានទិញដល់មេធាវីខ្ញុំទៅទៀត (មេធាវីខ្ញុំរាយការណ៍ឱ្យខ្ញុំ) ដោយគេលើកឡើងថា នាយករដ្ឋមន្រ្តីនៅខាងឧកញ៉ាហើយ, មានទាំងសារសំឡេងឆ្លើយឆ្លងទាំងប៉ុន្មាន គេបាញ់ Forward ជូនគ្នាទៅវិញទៅមក ស្ថិតក្នុងដៃរបស់ខ្ញុំ ហើយទីចុងបំផុត យើងបញ្ជាក់បានថា ខ្ញុំត្រូវឱ្យមេធាវីរបស់ខ្ញុំ ទៅធ្វើការធានា ធ្វើយ៉ាងណាឱ្យនិស្សិតជានារីនៅក្រៅឃុំ (គឺ យុវតី មាន ពេជ្ររីតា)។
សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា «បើខ្ញុំមិនអន្តរាគមន៍ ពេលនេះម៉ោងនេះ ចៅស្រីនោះកំពុងស្ថិតនៅក្នុងគុកនៅឡើយទេ សូមកុំច្រឡំ មានឧកញ៉ា ៤-៥រូប បានចូលរួមព្រឹត្តិការណ៍នេះ ខ្ញុំមិនតិរច្ឆានដូចអ្នកនោះទេ, អ្នកកុំអញ្ជើញខ្ញុំទៅធ្វើតិរច្ឆាន ខ្ញុំមិនទៅទេ, ខ្ញុំធ្វើនាយករដ្ឋមន្ត្រីតាំងពី អាយុ៣២ឆ្នាំ មានន័យថា ជីវិតនាយករដ្ឋមន្រ្តីរបស់ខ្ញុំ គឺលើសពាក់កណ្ដាលនៃជីវិតទៅហើយ, ខ្ញុំដឹងរឿងខុស រឿងត្រូវ។
សូមរំលឹកឡើងវិញថា ករណីរំលោភបំពានលើរូបរាងកាយ យុវតីមាន ពេជ្ររីតា ពីសំណាក់ ឧកញ៉ា ហេង សៀ បានកើតឡើង កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ជិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប, ដោយហេតុការណ៍នោះ បានកើតឡើងក្នុងរថយន្តមួយគ្រឿងដោយ កញ្ញា មាន ពេជ្ររីតា បានចោទថា លោកឧកញ៉ា ហេង សៀ បានប៉ុនប៉ងរំលោភសេពសន្ថវៈមកលើរូបនាងក្នុងរថយន្តតែម្តង។
ចំណែកឧកញ៉ា ហេង សៀ បានចោទប្រកាន់ អតីតពិធីការិនីទូរទស្សន៍ MYTV រូបនេះថា បានចាក់រូបលោក២កំបិត និងលួចយកទូរស័ព្ទ iPhone ស៊េរីខ្ពស់ ១គ្រឿង បន្ទាប់ពីប្រវាយប្រតប់គ្នាក្នុងរថយន្ត។ ក្រោយកើតហេតុរយ:ពេល ៤ថ្ងៃ គឺនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ កញ្ញា មាន ពេជ្ររីតា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមពាក្យបណ្តឹងរបស់ ឧកញ៉ា ហេង សៀ ខណៈដែលយុវតីរូបនេះក៏បានប្ដឹងទៅតុលាការផងដែរអំពីការប៉ុនប៉ងរំលោភសេពសន្ថវៈពីសំណាក់ ឧកញ៉ា ហេង សៀ មកលើរូបនាងក្នុងរថយន្ត, ប៉ុន្តែយ៉ាងណាក៏ដោយរឿងនេះបានដោះស្រាយគ្នាក្រៅប្រព័ន្ធតុលាការរួចហើយ ដោយភាគីទាំងសងខាងមិនចង់វែងឆ្ងាយ៕ ពិសិដ្ឋ CEN
