Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ហង្ស ពុទ្ធា ៖ លទ្ធផល​ការបោះឆ្នោត នៅ​ម៉ាឡេស៊ី​អាច​ទទួលយកបាន​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ និង​ស្រប​ច្បាប់​

​​ភ្នំពេញ​៖ មិន​មាន​ស្តង់ដារ​ណាមួយ​ពិតប្រាកដ​សម្រាប់​ការបោះឆ្នោត​នៅ​លើ​ពិភពលោក​ទេ ហើយ​ប្រទេស​នី​មួយៗ មាន​គោលដៅ​រៀងៗ​ខ្លួន ដើម្បី​ដើរ​ឆ្ពោះទៅ​រក​លទ្ធិប្រជាធិបតេយ្យ ។ នេះ​ជា​ប្រសាសន៍​របស់ លោក ហង្ស ពុទ្ធា សមាជិក និង​អ្នកនាំពាក្យ​គ​.​ជ​.​ប ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បន្ទាប់​ពី លោក ហង្ស ពុទ្ធា បាន​ដឹកនាំ​គណៈប្រតិភូ​គ​.​ជ​.​ប កម្ពុជា វិល​ត្រឡប់​មកពី​ចូលរួម​សង្កេតការណ៍ ការបោះឆ្នោត នៅ​ប្រទេស​ម៉ាឡេស៊ី ។​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ អំពី​លទ្ធផល​នៃ​ការចូលរួម​សង្កេតការណ៍​បោះឆ្នោត​ដោយ​គ​.​ជ​.​ប​កម្ពុជា នៅ​ប្រទេស​ម៉ាឡេស៊ី​។ លោក​អ្នកនាំពាក្យ បាន​ពន្យល់ថា “​ក្នុងនាម​ឯកឧត្តម​ធ្លាប់​ជា​អ្នក​សង្កេតការណ៍​អន្តរជាតិ បានគត់សម្គាល់​ថា ការរៀបចំ​បោះឆ្នោត​នៅតាម​បណ្តា​ប្រទេស​នីមួយៗ អាស្រ័យ​ទៅ​លើ​ភូមិសាស្ត្រ ប្រជាសាស្ត្រ និង​ការសម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​នើ មិន​អាច​វាយតម្លៃ​ថា ការបោះឆ្នោត​ប្រទេស​នេះ ឬ​ប្រទេស​នោះ ខុស​ពី​ស្តង់ដារ​ពិភពលោក​បាន​ទេ​”​។​

លោក ហង្ស ពុទ្ធា បាន​លើកឡើង​ថា ការបោះឆ្នោត​នៅ​ប្រទេស​ម៉ាឡេស៊ី គឺ​អាច​ទទួលយកបាន ដោយ​បាន​បញ្ជាក់ថា គ្មាន​ការបោះឆ្នោត​ណាមួយ​ដែល​ល្អឥតខ្ចោះ​១០០​ភាគរយ​ទេ សំខាន់​លទ្ធផល​ការបោះឆ្នោត អាច​ទទួលយកបាន​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ និង​ស្រប​ច្បាប់​។​

លោក​បាន​បង្ហើប​ឲ្យដឹងថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​កម្ពុជា ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ខាងមុខនេះ ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​មួយចំនួន​ទៀត នឹងដាក់​អ្នកសង្កេតការណ៍​មក​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​នៅ​កម្ពុជា​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×