ភ្នំពេញ៖ ស្ថានទូតបារាំង បានឲ្យដឹងថា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក(ថ្ងៃទី០៣ ខែឧសភា) លោក ហ្សាក់ ប៉ឺឡេ ឯក អគ្គរដ្ឋទូតបារាំង លោក ប៉ាទ្រីក មើហ្វ៊ី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងលោក មីកាមី ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុន មន្ត្រីទូត និងអ្នកសារព័ត៌មាន បានឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកឆ្លើយឆ្លងព័ត៌មាន និងអ្នកសារព័ត៌មាន៣៧នាក់ ដែលស្លាប់ និងបាត់ខ្លួនក្នុងអំឡុងសម័យសង្គ្រាមនៅកម្ពុជា ពីឆ្នាំ១៩៧០- ដល់១៩៧៥។
ក្នុងចំណោមអ្នកសារព័ត៌មានស្លាប់ និងបាត់ខ្លួនខាងលើ មានអ្នកសារព័ត៌មានជប៉ុន Koki Ishiyama នៃសារព័ត៌មាន Kyodo អ្នកថតរូបជនជាតិបារាំង Gilles Caron អ្នកថតរូបជនជាតិអាមេរិក Sean Flynn និងអ្នកសារព័ត៌មានជាច្រើនរូបទៀត។

ពិធីខាងលើមានគោលដៅរម្លឹកដល់អ្នកឆ្លើយឆ្លងព័ត៌មាន និងអ្នកសារព័ត៌មាន ដែលបានបាត់បង់ជីវិតក្នុងអំឡុងសង្គ្រាមនៅកម្ពុជាពីឆ្នាំ១៩៧០-១៩៧៥ និងគូសបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើងចំពោះសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិ។
លោកឯកអគ្គរដ្ឋទូតបារាំងក៏បានឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកសារព័ត៌មាន និងអ្នកឆ្លើយឆ្លងព័ត៌មានដែលបំពេញការងារក្នុងពេលសង្គ្រាម ហើយដែលបានបាត់ខ្លួនកាលពីពេលថ្មីៗនេះ នៅប្រទេសអ៊ុយក្រែនផងដែរ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា លោក W. Patrick Murphy បានថ្លែងថា ពិធី ដែលត្រូវបានរៀបចំ ដោយស្ថានទូតអាមេរិក និងស្ថានទូតបារាំង នៅភ្នំពេញ រំលឹកដល់អ្នកសារព័ត៌មានចំនួន ៣៧ នាក់ដែលបានបាត់ខ្លួន ឬស.ម្លាប់ នៅក្នុងសម័យសង្គ្រាម នៅកម្ពុជា ហើយទាញការចាប់អារម្មណ៍ លើសារៈសំខាន់ នៃសេរីភាពសារព័ត៌មាន ដែលមានចែងក្នុងសេចក្តីប្រកាសជាសាកលឆ្នាំ ១៩៤៨ ស្តីពីសិទ្ធិមនុស្ស។
សហរដ្ឋអាមេរិក និងប្រទេសបារាំង មានការប្តេជ្ញាចិត្តចំពោះប្រជាជនកម្ពុជា និងសេចក្តីប្រាថ្នារបស់គេ ដែលចង់ឲ្យប្រទេសរបស់គេមានឯករាជ្យ លទ្ធិប្រជាធិបតេយ្យ និងវិបុលភាពច្រើនឡើង ដែលក្នុងនោះ រាល់សម្លេងទាំងអស់ត្រូវបានគេស្តាប់ និងគោរព៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី









