បាត់ដំបង៖ យុវជនម្នាក់បានល្បួងប្អូនស្រីជីដូនមួយអាយុ១២ឆ្នាំ នាំទៅសេពសន្ថវៈនៅផ្ទះសំណាក់ ហើយក៏និយាយត្រូវថានឹងរួមរស់ជាមួយគ្នា ក៏នាំគ្នារត់គេចចេញអស់រយៈពេលជាង១០ថ្ងៃ ហើយត្រូវអាណាព្យាបាលស៊ើបដឹង ក៏រាយការណ៍ទៅសមត្ថកិច្ចឲ្យចាប់ខ្លួន កាលពីរសៀល ថ្ងៃទី១០ ខែឧសភា នៅក្នុងផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិកែវមុនី ឃុំបាសាក់ ស្រុករុក្ខគិរី។ ការឈានទៅដល់ការចាប់ខ្លួនជនសង្ស័យដែលជាសាច់ញាតិរបស់ខ្លួន ល្បូងកូនស្រីយកទៅសេពសន្ថវៈ ជាង១០ថ្ងៃនេះ ដោយយោងតាមពាក្យប្តឹងរបស់អាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះ ហើយក្មេងស្រីរូបទៀតសោត បានចាកចេញពីផ្ទះដោយមិនបានប្រាប់ឪពុកម្តាយឲ្យបានដឹងនោះឡើយ។
អាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះ បានឲ្យដឹងថា នៅព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ គាត់បានស្នើឲ្យសមត្ថកិច្ចស្រុកសង្កែ និងសមត្ថកិច្ចស្រុករុក្ខគិរី ចុះឃាត់ខ្លួនក្មួយប្រុសកំហូចរូបនោះតែម្ដង។ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ពេជ្រ រតនៈ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិអូរខ្ជាយ ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ បានបញ្ជាក់ថា កូនស្រីរបស់គាត់ បាត់ខ្លួនតាំងពីយប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ដោយគ្មានទទទួលបានដំណឹងអ្វីបន្តិចសោះ ហើយមានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពរបស់នាងទើបបានប្តឹងសមត្ថកិច្ច សុំឲ្យជួយអន្តរាគមន៍ ព្រមទាំងស្វែងរកកូនស្រី អស់រយៈពេលជាងមួយសប្ដាហ៍ ទើបមានតម្រុយថា ក្មួយប្រុសរបស់គាត់ បាននាំកូនស្រីរបស់គាត់ទៅលាក់ទុក ដើម្បីចាប់រំលោភសេពសន្ថវៈ។
មន្ត្រីនគរបាលស្រុករុក្ខគិរី បានឲ្យដឹងថា ជនសង្ស័យជាប់ពាក់ព័ន្ធនឹងករណីចាប់រំលោភអនីតិជន ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ ង៉ាម កុកងឺ ហៅ ពេជ្រ សោភា អាយុ២០ឆ្នាំ រស់នៅភូមិកែវមុនី ឃុំបាសាក់ ស្រុករុក្ខគិរី។ រីឯក្មេងស្រីរងគ្រោះ ឈ្មោះ ក ល អាយុ១២ឆ្នាំ ហើយពួកគេទាំង២នាក់ ត្រូវជាបងប្អូនជីដូនមួយ។
មន្ត្រីនគរបាលស្រុករុក្ខគិរី បានឲ្យដឹងថា បន្ទាប់ពីមានពាក្យបណ្ដឹងពីអាណាព្យាបាលរបស់ជនរងគ្រោះ និងមានការប្រាប់តម្រុយពីទីតាំងលាក់ខ្លួនរបស់ជនសង្ស័យរួចមក សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យនាំមកសាកសួរតាមនីតិវិធី។ នៅពេលនោះ ជនសង្ស័យបានសារភាពថា រូបគេពិតជាបានពង្រត់ប្អូនស្រីជីដូនមួយ នាំមកលាក់ទុក នៅក្នុងផ្ទះខ្លួនមែន ហើយរូបគេបានរួមភេទជាមួយនាង ជាច្រើនលើកច្រើនសាទៀតផង។
យោងតាមចម្លើយសារភាពរបស់នជនសង្ស័យផង សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីផ្ដន្តាទោសតាមច្បាប់៕ ដោយ៖បញ្ញាស័ក្តិ