Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងសាធារណការ ស្នើឱ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ពិនិត្យលទ្ធភាពឡើងវិញ លើការសិក្សាប្រព័ន្ធឡានដឹកជញ្ជូនប្រើផ្លូវដែក

spot_img

ភ្នំពេញ ៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើឱ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ពិនិត្យលទ្ធភាពឡើងវិញលើការសិក្សាប្រព័ន្ធឡានដឹកជញ្ជូនប្រើផ្លូវដែក (Tramways) ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។

នៅថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូត បារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការអមដំណើរពីលោក Philippe Baudry ទីប្រឹក្សាសេដ្ឋកិច្ច លោកស្រី Ophelie Bourhis នាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) និងលោក Liv RIthyra មន្ត្រីទទួលបន្ទុកសេវាសេដ្ឋកិច្ចរបស់ស្ថានទូត។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់កម្ពុជា ក្រោមការខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំក្រសួងសាធារណ ការ និងដឹកជញ្ជូន ក៏ដូចជាក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខ។

ថ្លែងក្នុងជំនួបនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការតភ្ជាប់បណ្តាញផ្លូវថ្នល់ នៅទូទាំងប្រទេស ជាពិសេសគម្រោងផ្លូវថ្នល់ ដែលបាន និងកំពុងធ្វើឱ្យប្រសើរឡើងពីផ្លូវពីរគន្លងទៅបួនគន្លង ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ពីកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅជាផ្លូវបេតុងកៅស៊ូ(AC) និងធ្វើសមាហរណកម្មតភ្ជាប់ទៅគ្រប់ច្រកល្ហក ដើម្បីពង្រីកទំនាក់ទំនង និងវិសាលភាពសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋនៅក្នុងក្របខណ្ឌទូទាំងប្រទេស ឱ្យមានជីវភាពសំបូររុងរឿង និងមានការងារធ្វើគ្រប់ៗគ្នា។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមាន៖ ផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញផ្លូវថ្នល់ ផែនការមេដឹកជញ្ជូនផ្លូវទឹក ផែនការដឹកជញ្ជូនតាមផ្លូវដែក ផែនការមេភស្តុភារកម្ម និងការសិក្សាគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail និងបាន ស្នើឱ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំងពិនិត្យលទ្ធភាពឡើងវិញលើការសិក្សាប្រព័ន្ធឡានដឹកជញ្ជូនប្រើផ្លូវដែក (Tramways) ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះទំនាក់ទំនងដ៏ល្អ រវាងប្រទេសទាំងពីរ និង បានឆ្លៀតឱកាសបង្ហាញនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធរវាងកម្ពុជា និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ឱ្យកាន់តែប្រសើរឡើងថែមទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×