Wednesday, July 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ៊ុន ម៉ាណែត : “បច្ចុប្បន្នយើងកំពុងដើរឈានមកដល់ភាពស្វ័យម្ចាស់ការលើគ្រប់គ្រងជំងឺកូវីដ-១៩”

ភ្នំពេញៈ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការសមាគមសិស្ស-និស្សិត អាហារូបករណ៍សមេ្ដចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត.) បានបញ្ជាក់ថា “បច្ចុប្បន្នយើងក៏កំពុងដើរឈានមកដល់ភាពស្វ័យម្ចាស់ការលើគ្រប់គ្រងជំងឺកូវីដ-១៩ និងការរៀនរស់នៅស្របតាមគន្លងប្រក្រតីភាពថ្មី ដោយមានការគាំទ្រ និងការចូលរួមយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងនាមជាអ្នកជាអ្នកទទួលផលផង និងជាប្រតិបត្តិករផង”។ ការបញ្ជាក់នេះ ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយស និងថ្នាក់វេជ្ជបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ជាការពិត ការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋពីគ្រោះថ្នាក់នៃជំងឺកូវីដ-១៩ គឺជាការសង្គ្រោះទាំងផ្លូវកាយ និងផ្លូវចិត្ត តាមរយៈការផ្តល់នូវអារម្មណ៍កក់ក្តៅ លែងភ័យខ្លាចព្រួយបារម្ភ និងមិនបាក់ទឹកចិត្ត។ ជោគជ័យនេះ មិនអាចកើតឡើងដោយចៃដន្យនោះទេ ជាក់ស្តែងណាស់ នេះគឺជាការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តរបស់ សម្តេចតេជា នាយករដ្ឋមន្ត្រី ដោយមានការចូលរួមរបស់មន្ត្រីរាជការ កងទ័ពអាវស និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយវិញគ្នាជាធ្លុងមហាសាមគ្គីប្រយុទ្ធក្នុងសង្គ្រាមមេរោគរាតត្បាតដ៏កាចសាហាវមួយនេះ រហូតនាំកម្ពុជាឱ្យឈរក្នុងចំណាត់ថ្នាក់ខ្ពស់ក្នុងពិភពលោក ក្នុងនាមជាប្រទេសដែលមានសមត្ថភាពស្តារខ្លួនងើបចេញពីជំងឺ Covid-១៩ លឿនជាងគេ ទាំងលើទិដ្ឋភាពបង្ការទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាតត្បាត ក៏ដូចជាការគ្រប់គ្រង និងសារផ្តល់ប៉ះពាល់ផ្នែកសង្គម-សេដ្ឋកិច្ច។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា អំណោយផលនៃសុខសនិ្តភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច បានជំរុញឱ្យរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា អាចគ្រប់គ្រងដំណើរការប្រទេសប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ព្រមជាមួយនឹងការកំណត់ចក្ខុវិស័យយ៉ាងច្បាស់លាស់សម្រាប់អនាគតទៅមុខ ហើយដែលសំខាន់ជាក់ស្តែង គឺបានធ្វើឱ្យប្រជាជនមានសេចក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្ត៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×