ភ្នំពេញ៖ កូនដើមថ្លើមធំ បានយកកាំភ្លើងខ្លី អាម៉េបញ្ចូលគ្រាប់ ភ្ជង់ទៅលើក្បាលរបស់ឪពុកចុង ដែលកំពុងតែ មានការឈ្លោះប្រែកគ្នាជាមួយម្តាយបង្កើតខ្លួន ហើយរត់គេចខ្លួនបាត់ ។ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចាប់ខ្លួន និងបញ្ជូនខ្លូនកូនទំនើង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ដោយយោងតាមពាក្យប្តឹងរបស់ជនរងគ្រោះជាឪពុកចុង ។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឆាង សារ៉េត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ។ ជនរងគ្រោះជាឪពុកចុង មានឈ្មោះ នាង យ៉េត ភេទប្រុស អាយុ ៤១ ឆ្នាំ ស្នាក់នៅជាមួយគ្នា ក្នុងភូមិព្រៃកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានដកហូតវត្ថុតាង៖ កាំភ្លើងខ្លីម៉ាកK59 គ្មានលេខ (ឈូស លុបលេខ) បង់មួយមានគ្រាប់មួយគ្រាប់ ។
គួររំលឹកថា កាលពីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យ បានយកកាំភ្លើងបើកសោអាម៉េបញ្ចូលគ្រាប់ ភ្ជង់ទៅលើក្បាលរបស់ឪពុកចុង ដែលកំពុងឈ្លោះប្រែកគ្នាជាមួយម្តាយបង្កើតខ្លួន ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលនោះឪពុកចុង បានដើរគេចពីកូនដើម ហើយបានទៅប្ដឹងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ឲ្យចុះទៅជួយអន្តរាគមន៍ភ្លាមៗ ប៉ុន្តែជនសង្ស័យបានគេចខ្លួន ចេញពីកន្លែងផ្ទះកើតហេតុ ។ លុះដល់វេលាម៉ោង១៧ ថ្ងៃដដែល ជនសង្ស័យបានត្រឡប់ចូលមកពួនសម្ងំ នៅផ្ទះកើតហេតុវិញ ទើបសមត្ថកិច្ចនគរបាល បានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង យកមកធ្វើការសាកសួរ ។
ក្នុងដំណាក់កាលសមត្ថកិច្ចសួរចម្លើយ ជនសង្ស័យ បានឆ្លើយសារភាពថា អាវុធខ្លីនោះ រើសបាននៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៥ ត្រង់ចំណុចមុខវត្តព្រែកថ្លឹង ស្ថិតនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយក៏បានយកមកលាក់ទុកនៅលើទូក្នុងផ្ទះ ដើម្បីទុកធ្វើការគំរាមទៅលើ ឪពុកចុង ធ្លាប់បានឈ្លោះប្រកែកជាមួយម្តាយបង្កើត របស់គេជាញឹកញាប់ពេក ហើយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៤ និង ៣០នាទី បានឃើញឪពុកកំពុងឈ្លោះប្រកែកជាមួយម្តាយខ្លួន ក៏បានយកអាវុធមកភ្ជង់គំរាមឪពុកចុង៕ ដោយ៖បញ្ញាស័ក្តិ