ភ្នំពេញៈ «ការគាំទ្ររបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈបានធ្វើឱ្យគណបក្សប្រជាជនកម្ពុជាមានលទ្ធភាពពេញលេញក្នុងការបម្រើជាតិ ប្រជាជន ការពារសន្តិភាពនិងអភិវឌ្ឍជាតិមាតុភូមិឱ្យមាន ការរីកចម្រើនជានិច្ច»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ ខេត្តកំពត កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ២៧៦ រូបនៅចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅសង្កាត់កោះតូច ក្រុងបូកគោ។
ពិធីប្រកាសបញ្ចូលសមាជិកដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងសមាជិកគណៈកម្មាធិការគណបក្សក្រុងបូកគោ និងសមាជិកគណៈកម្មាធិការគណបក្សសង្កាត់កោះតូចសរុបជិត ៤០០នាក់។

ឯកឧត្តមបានបន្តថា ចាប់តាំងរបបខ្មែរក្រហមបានដួលរលំទៅ មកដល់បច្ចុប្បន្ន និងបន្តទៅអនាគត គ្មានគណបក្សណាមួយ មានសមត្ថភាពនិងលទ្ធភាពមកជំនួសតួនាទីគណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំ ការពារ កសាង អភិវឌ្ឍប្រទេសជាតិបាន ឡើយ។ គណបក្សប្រជាជនកម្ពុជាដែលឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា កើតឡើងដោយប្រជាជនដើម្បីប្រជាជន និងសម្រាប់ប្រជាជន។ ឯកឧត្តមបានថ្លែងថា ចាប់តាំងពីថ្ងៃបដិសន្ធិ គណបក្សប្រជាជនកម្ពុជាបានពុះពារឆ្លងកាត់បណ្តាដំណាក់ កាលធំៗ ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិប្រកបដោយវីរភាពលើមូលដ្ឋានប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន គ្រប់កាលៈទេសៈ ប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងពីតួនាទីដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជា និងជាកម្លាំងនយោបាយតែមួយគត់ដែល បានដឹកនាំការប្រយុទ្ធផ្តួលរំលំរបបប្រល័យពូជសាសន៍ សង្គ្រោះជាតិឲ្យរស់រានមានជីវិតឡើងវិញ គណបក្សប្រជាជនកម្ពុជាជាកម្លាំងស្នូល និងជាបង្អែកដ៏កក់ក្តៅរបស់ប្រជាជនក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជាពិសេសសម្តេចតេជោ ហ៊ុន សែន បានយកអាយុជីវិតធ្វើជាដើមទុនសង្គ្រោះជាតិនិងប្រជាជន នាំយកសុខសន្តិភាពពេញលេញ ការបង្រួបបង្រួមជាតិ បង្រួបបង្រួមទឹកដី និងបានអភិវឌ្ឍជាតិរីកចម្រើន។
ឯកឧត្តមបាន គូសបញ្ជាក់ថា៖ «សុខសន្តិភាពដែលកម្ពុជាមានពេលបច្ចុប្បន្ន ជាសន្តិភាពដែលរកបានមកដោយពិបាក បន្ទាប់ពីការដាក់ចុះនូវនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលចាំបាច់យើងទាំងអស់ត្រូវចូលរួមថែរក្សាឱ្យបានគង់វង្ស។ កត្តាសុខសន្តិភាពពេញលេញ បានអនុញ្ញាតឱ្យកម្ពុជាមាន ឱកាសពេញលេញអភិវឌ្ឍជាតិឱ្យរីកចម្រើនដូចសព្វថ្ងៃ»៕ រក្សាសិទ្ធិដោយៈ ចេស្តារ



