ភ្នំពេញ ៖ ជំនួបសិទ្ធស្នាលកម្រមានរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយនឹង លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ បានប្រើពេលរហូតដល់ ៤ម៉ោង និយាយពីប្រវត្តិតស៊ូរបស់សម្ដេចតេជោ និងបងប្រុសរបស់សម្ដេច គឺលោក ហ៊ុន ណេង ផង និងនិយាយអំពីបញ្ហានយោបាយនាពេលថ្មីៗនេះផង ដែលឈានទៅបន្ធូរបន្ថយបរិយាកាសតានតឹងចំពោះបញ្ហាលោក កឹម សុខា និងក្រុមរបស់លោកផង។

ជំនួបពិភាក្សាច្រើនរឿងរ៉ាវនេះ បានធ្វើឡើងក្នុងឱកាស លោក កឹម សុខា ដឹកនាំគណៈប្រតិភូ អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលជាបងប្រុសរបស់ សម្តេចតេជោ ហ៊ុន សែន នៅខេត្តកំពង់ចាម, គឺពិភាក្សាគ្នា ចាប់ផ្តើមពីម៉ោង១០៖១៧នាទី រហូតម៉ោង១៤៖១៥នាទី រសៀល ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ដោយបង្ហាញអំពីកិច្ចពិភាក្សាស្និទ្ធស្នាលកម្រមាន។
ជាមួយគ្នានេះផងដែរ លោក កឹម សុខា បានសរសេរសាររំលែកទុក្ខក្រៀមក្រំចំពោះសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ថា លោកមានសេចក្តីសោកស្តាយក្រៃលែង ដោយបានទទួលដំណឹងមរណភាពនេះ, ក្នុងឱកាសដ៏ក្រៀមក្រំបំផុតនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកមរណៈទុក្ខដ៏ធំធេងជាមួយសម្តេចតេជោ និងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ពាក់ព័ន្ធនឹងបញ្ហានយោបាយវិញ ក្រុមអ្នកវិភាគបានរំពឹងថា អាចនឹងមានរបត់នយោបាយថ្មីខ្លះៗផងដែរ នៅក្រោយការជួបពិភាក្សាដោយឥតព្រាង ទុកមួយនេះ រវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ, ហើយលោក កឹម សុខា ក៏បានបង្ហោះសារខ្លីមួយនៅលើអាខោនហ្វេសប៊ុករបស់លោកផងដែរថា រូបលោក និង សម្ដេចតេជោ ហ៊ុន សែន បានជជែកគ្នាអំពីបញ្ហាប្រទេស ជាតិ និងពលរដ្ឋខ្មែរ៕រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN











