Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មកដឹងពីចំនួនលុយរបស់រុស្ស៊ី ចំណាយធ្វើសង្គ្រាម នៅអ៊ុយក្រែន

រដ្ឋធានីកៀវ៖ រហូតមកដល់ពេលនេះ ទស្សនាវដ្ដីយោធា Sofrep បានចេញនូវសេចក្ដីរាយការណ៍មួយរបស់ខ្លួន អំពីការចំណាយរបស់រុស្ស៊ី នៅក្នុងសង្គ្រាមរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ខណៈកាលពីពេលកន្លងមក ប្រធានធនាគារពិភពលោក បានប៉ាន់ប្រមាណអំពីការខូចខាត នៅក្នុងប្រទេសអ៊ុយក្រែន ដោយសារសង្គ្រាម។

សារព័ត៌មានឥណ្ឌា Republic World បានដកស្រង់ ប្រភពពីទស្សនាវដ្ដីយោធា SOFREP (សូហ្វ្រែប) យកមកចុះផ្សាយ កាលពីថ្ងៃអាទិត្យ ទី៨ ខែឧសភា ឆ្នាំ២០២២ ថា គិតត្រឹម ថ្ងៃចន្ទ សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន បានអូសបន្លាយ អស់រយៈពេល៧៥ថ្ងៃកន្លងមកហើយ ហើយការវាយប្រយុទ្ធគ្នា ក៏កំពុងតែបន្ដ និង កាន់តែមានសភាពខ្លាំងក្លាឡើង។

ជាមួយគ្នានេះ រុស្ស៊ី ក៏កំពុងតែចំណាយលុយ ប្រមាណជា ៩០០លានដុល្លារសហរដ្ឋអាមេរិក ក្នុង១ថ្ងៃៗ ទៅលើសង្គ្រាមដ៏ឃោរឃៅនេះ។ វិមានក្រឹមឡាំង បានចំណាយលុយឱ្យទាហានទាំងអស់ ដែលកំពុងតែប្រយុទ្ធគ្នា នៅក្នុងប្រទេសអ៊ុយក្រែន ផ្តល់គ្រាប់រ៉ុក្កែតដល់ពួកគេ និង ជួសជុលសម្ភារយោធា ដែលបាត់បង់ ឬខូចខាត ដូចដែលបានឃើញតាមការចុះផ្សាយ កន្លងមក។ បើតាមតួលេខ និង រយៈពេលនេះ គឺការចំណាយរបស់ក្រុងមូស្គូ អាចនឹងកើតឡើងដល់ ៦៧,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ទោះជាយ៉ាងណា ទំហំ នៃការខាតបង់លុយទាំងនេះ មិនបានគិតដល់ផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់រុស្ស៊ី ក្រោមការហ៊ុមព័ទ្ធដោយទណ្ឌកម្ម ពីប្រទេសប្រទេសលោកខាងលិច និង សម្ពន្ធមិត្ត ខណៈសង្គ្រាម កំពុងតែបន្ដវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង ហើយនៅតែមិនទាន់មានពន្លឺចរចា ដើម្បីបញ្ចប់សង្គ្រាម នៅឡើយ។

ដោយឡែក សារព័ត៌មាន The National News បានចេញផ្សាយ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ កន្លងទៅថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) បានថ្លែង នៅក្នុងសុន្ទរកថា តាមបណ្ដាញអ៊ិនធើរណិត ទៅកាន់សន្និសីទមួយ ដោយបានគូសបញ្ជាក់ អំពីការចំណាយ និង តម្រូវការហិរញ្ញប្បទាន កាន់តែធំ។ អ៊ុយក្រែន ត្រូវការថវិកា ចំនួន៧ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយខែ សម្រាប់ការស្ដារសេដ្ឋកិច្ច បណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ី និង កសាងប្រទេសឡើងវិញ។ ចំណែកសហគមន៍ពិភពលោក គួរតែដកប្រទេសរុស្ស៊ី ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ រួមទាំង ធនាគារពិភពលោក និង មូលនិធិរូបិយវត្ថុអន្តរជាតិ ហើយស្ថាប័នផ្សេងៗទៀត។

លោក ដេវីដ ម៉ាលផាស (David Malpass) ប្រធានធនាគាពិភពលោក បានថ្លែង នៅក្នុងសន្និសីទមួយ ស្ដីអំពីជំនួយហិរញ្ញវត្ថុរបស់អ៊ុយក្រែន ថា ធនាគារពិភពលោក បានប៉ាន់ប្រមាណថា ការឈ្លានពានរបស់រុស្ស៊ី បានបណ្ដាលឲ្យប្រទេសអ៊ុយក្រែន ខូចខាត ទៅលើសំណង់អគារ និង ហេដ្ឋារចនាសម្ព័ន្ធ មានតម្លៃ ៦០ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ប៉ុន្ដែទោះជាយ៉ាងណា ប្រមុខធនាគារពិភពលោក បានអះអាងថា ការវាយតម្លៃនេះ មិនទាន់រាប់បញ្ចូល លើការចំណាយផ្នែកសេដ្ឋកិច្ច ដែលប្រឈមមុខនឹងសង្រ្គាម កំពុងតែបន្ដនោះឡើយ។ ដូច្នេះ ការចំណាយ និង ការខាតបង់ កំពុងតែបន្ដកើនឡើងបន្ថែមទៀត ព្រោះសង្គ្រាមនៅតែបន្ដ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×