រដ្ឋធានីវ៉ាស៊ីនតោន៖ ចាប់តាំងពីប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានលើកកងទ័ព ចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក សហរដ្ឋអាមរិក បានបញ្ជូនគ្រឿងយុទ្ធោបករណ៍ជាបន្ដបន្ទាប់ ទៅជួយដល់ក្រុងកៀវ ហើយថែមទាំងស្នើសុំសភា មានទំហំទឹកប្រាក់ ជាង៣០ពាន់លានដុល្លារ បន្ថែមលើសំណើ ដែលព្រឹទ្ធសភា បានអនុម័តរួចហើយ សម្រាប់ទិញគ្រឿងសឹក ទើបក្រុមហ៊ុនផលិតគ្រឿងសព្វាវុធដ៏ល្បីល្បាញរបស់ប្រទេសមហាអំណាចកំពូលលើលោក បង្កើនការផលិតមីស៊ីល ប្រឆាំងនឹងរថក្រោះបន្ថែមទៀត។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ថា បើតាមនាយកប្រតិបត្ដិក្រុមហ៊ុនផលិតគ្រឿងសព្វាវុធដ៏ល្បីល្បាញនៅលើពិភពលោករបស់សហរដ្ឋអាមេរិក Lockheed Martin (ឡក់ឃីដ ម៉ាទីន) បានឲ្យដឹងថា ក្រុមហ៊ុនមានគម្រោងបង្កើននូវការផលិតនូវមីស៊ីលប្រឆាំងនឹងរថក្រោះ Javelin (ចាវ៉េលីន) កើនឡើងជិតទ្វេដង។ មីស៊ីលប្រឆាំងនឹងរថក្រោះទាំងនេះ មានគោលដៅយកទៅជួយដល់ប្រទេសអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
លោក ជែមស៍ ថៃឃ្លេត (James Taiclet) នាយកប្រតិបត្ដិក្រុមហ៊ុន Lockheed Martin (ឡក់ឃីដ ម៉ាទីន) បានប្រាប់ដល់បណ្ដាញទូរទស្សន៍ CBS News កាលពីថ្ងៃអាទិត្យ ទី៨ ខែឧសភា ឆ្នាំ២០២២ ថា ការផលិតមីស៊ីល Javelin បច្ចុប្បន្ន ត្រឹមតែ២ ០០០គ្រឿង ក្នុងមួយឆ្នាំ។ ប៉ុន្ដែក្រុមហ៊ុន នឹងបង្កើននូវការផលិត រហូតដល់៤ ០០០គ្រឿង ក្នុងមួយឆ្នាំ សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន។
សហរដ្ឋអាមេរិក បានប្រញាប់ប្រញាល់ទិញគ្រឿងសព្វាវុធ មានតម្លៃ ៣,៤ពាន់លានដុល្លារ បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ី បានឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ រួមទាំង Javelins ក៏ដូចជា កាំភ្លើងផ្លោងហូវីតហ្ស៊ឺ (Howitzers) មីស៊ីលប្រឆាំងនឹងយន្តហោះចម្បាំងស្ទីងជើរ (Stinger) គ្រាប់រំសេវ និង តួកាំភ្លើង។

សារព័ត៌មាន VOA ជាភាសាអង់គ្លេស បានផ្សាយថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី៣ ខែឧសភា បានទៅបំពេញទស្សនកិច្ច នៅក្នុងរោងចក្រផលិតមីស៊ីល ប្រឆាំងនឹងរថក្រោះ និង យន្ដហោះចម្បាំង។ ជាមួយគ្នានេះ លោកប្រធានាធិបតី បានកោតសរសើរ ដល់អ្នកធ្វើការ ដែលកំពុងផលិតមីស៊ីលប្រឆាំងនឹងរថក្រោះ សម្រាប់ការដឹកបញ្ជូនយកទៅជួយដល់កងទ័ពអ៊ុយក្រែន ហើយនិយាយថា បុគ្គលិកទាំងអស់ កំពុងតែផលិតមីស៊ីល សម្រាប់ជួយដល់ពលរដ្ឋអ៊ុយក្រែន ឲ្យមានលទ្ធភាព ការពារខ្លួនរបស់ពួកគេ»។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ ដោយ«និយាយត្រង់ៗថា ប្រជាជនអ៊ុយក្រែន បានធ្វើឲ្យយោធារុស្ស៊ី វង្វេងនៅក្នុងករណីជាច្រើន។ ចំណែក… អាវុធដែលផលិត ដោយដៃរបស់អ្នកទាំងអស់គ្នា នឹងស្ថិតនៅក្នុងដៃរបស់វីរបុរសអ៊ុយក្រែន ហើយលោកសូមអរគុណ ចំពោះអ្វីដែលអ្នកកំពុងតែធ្វើ»។ លោក បៃដិន បានកោតសរសើរ ដល់បុគ្គលិក ចំនួន២៦៥នាក់ នៅក្នុងរោងចក្រផលិតគ្រឿងសព្វាវុធដ៏ល្បីល្បាញនៅលើពិភពលោករបស់សហរដ្ឋអាមេរិក ស្ថិតនៅភាគខាងត្បូង ទីក្រុង Troy រដ្ឋ Alabama សហរដ្ឋអាមេរិក។
លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានជំរុញឲ្យព្រឹទ្ធសភា អនុម័តឲ្យបានលឿនបំផុត ចំពោះសំណើកញ្ចប់ជំនួយយោធាថ្មី មានទំហំទឹកប្រាក់ ៣៣ពាន់លានដុល្លារ សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន។ សំណើកញ្ចប់ជំនួយថ្មីនេះ ក៏នឹងផ្ដោតទៅលើជំនួយយោធា និងសេដ្ឋកិច្ចរបស់ក្រុងគៀវ ក្រោយពេលព្រឹទ្ធសភា បានអនុម័តនូវទំហំទឹកប្រាក់ ១៣,៦ពាន់លាននាពេលកន្លងមក ហើយបាន និង កំពុងតែចំណាយទិញគ្រឿងចម្បាំង ជួយដល់អ៊ុយក្រែន។
លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃទី២៤ ខែកុម្ភៈ បានបញ្ជាឲ្យកងទ័ពរបស់ខ្លួន វាយលុក ចូលទៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្ដែក្រោយពេលកងទ័ពរុស្ស៊ី បានចូលលុកលុយ នៅក្នុងប្រទេសនេះ មិនបានប៉ុន្មានថ្ងៃផង លោក ពូទីន ថែមទាំង បានបញ្ជាឲ្យកម្លាំងនុយក្លេអ៊ែរ ស្ថិតក្នុងការប្រុងជើងការខ្ពស់។ សកម្មភាពរបស់លោក ពូទីន គឺជាការគំរាមកំហែងដល់បណ្ដាប្រទេសណា ដែលហ៊ានលូកដៃ ជួយដល់ប្រទេសអ៊ុយក្រែន។
ទោះជាយ៉ាងណា ការគំរាមកំហែងរបស់ប្រធានាធិបតីរុស្ស៊ី មិនបានធ្វើឲ្យមហាអំណាចបស្ចិមលោក ជាពិសេស សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង សម្ពន្ធមិត្ត ភ័យខ្លាចនោះឡើយ។ លើសពីនេះទៅទៀត បណ្ដាប្រទេសលោកខាងលិច និង សម្ពន្ធមិត្ត ថែមទាំងបានផ្ដល់ជំនួយយោធា មានតម្លៃរាប់ពាន់លានដុល្លារ ជួយដល់ប្រទេសអ៊ុយក្រែន ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី៕រក្សាសិទ្ធិដោយ ៖ សារាយSN







