Thursday, January 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ ទៅចូលរួម និងជាសហប្រធាន នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក

ភ្នំពេញៈ តបតាមការអញ្ជើញរបស់ ឯកឧត្តម ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួម និងជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដើម្បីរំព្ញកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មមានរបស់ក្រសួងការបរទេសកម្ពុជានៅព្រលប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២។

អញ្ជើញអម សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផ្សេងទៀត។

ក្រសួងការបរទេសបានបញ្ជាក់ថា នៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូល សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមជាមួយថ្នាក់ដឹកនាំអាស៊ានដទៃទៀត នឹងទទួលការស្វាគមន៍ និងអញ្ជើញចូលរួមកម្មវិធីអាហារថ្ងៃត្រង់ជាមួយសមាជិកសភាអាមេរិកមកពីគណបក្សទាំងពីរ គឺគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ រៀបចំទទួលដោយលោកជំទាវ ណាន់ស៊ី ភេឡូស៊ី ប្រធានសភាអាមេរិក នៅវិមានរដ្ឋសភាអាមេរិក ហើយនឹងទទួលការស្វាគមន៍ និងអញ្ជើញចូលរួមកម្មវិធីអាហារពេលល្ងាចរៀបចំដោយ ឯកឧត្តម ចូ បៃដិន ប្រធាននាធិបតីសហរដ្ឋអាមេរិក នៅសេតវិមាន។ ថ្នាក់ដឹកនាំអាស៊ានក៏នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំធុរកិច្ចសហរដ្ឋអាមេរិក អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផងដែរ។
ថ្នាក់ដឹកនាំអាស៊ាននឹងទទួលការស្វាគមន៍ និងអញ្ជើញប្រជុំជាមួយលោកជំទាវអនុប្រធានាធិបតីអាមេរិក កាម៉ាឡា ហារីស ដោយមានសម័យប្រជុំពេញអង្គជាមួយបណ្តារដ្ឋមន្រ្តីអាមេរិក ស្តីពីបញ្ហាវិធានការណ៍អាកាសធាតុ បរិវត្តថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ឋប្រកបដោយចីរភាព។

ការពិភាក្សាផ្លាស់ប្តូរទស្សនគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ និងការនាំភាពជាដៃគូអាស៊ាន-សហរដ្ឋអាមេរិក ទៅកាន់កម្រិតមួយទៀត ជាប្រធានបទដ៏សំខាន់នៃកិច្ចប្រជុំកំពូលនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងថ្នាក់ដឹកនាំនៃបណ្តាប្រទេសសមាជិក
អាស៊ានមួយចំនួនទៀតផងដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងជួបសំណេះសំណាលជាមួយបងប្អូនជនរួមជាតិខ្មែរដែលរស់នៅសហរដ្ឋអាមេរិកផងដែរ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×