ភ្នំពេញ ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នេះ បានបញ្ជូនបុគ្គលិកក្រុមហ៊ុនទូរស័ព្ទ ICall and Vfone ចាញ់ល្បែងនៅកាស៊ីណូព្រែកចាក ខេត្តកំពត បែកគំនិតកិបកេងប្រាក់ក្រុមហ៊ុនជិតមួយម៉ឺនដុល្លារ មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ដោយចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត។
នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បញ្ជាក់ថា ជនសង្ស័យឈ្មោះ ពេជ្រ ដារ៉ា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅផ្ទះជួល សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លោក ប៉េង សាម៉ារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជាអ្នកគ្រប់គ្រងក្រុមហ៊ុនលក់ទូរស័ព្ទ ICall and Vfone នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ បានដាក់ពាក្យប្តឹងចូលទៅនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ដោយចោទជនសង្ស័យឈ្មោះ ពេជ្រ ដារ៉ា កិបកេងប្រាក់ក្រុមហ៊ុនជិតមួយម៉ឺនដុល្លារ។
នគរបាល បានបន្តថា ឈ្មោះ ពេជ្រ ដារ៉ា បានចូលបម្រើការងារនៅក្រុមហ៊ុនលក់ទូរស័ព្ទICall and Vfone ក្នុងឆ្នាំ២០១៦ មានតំណែងជាអ្នកតំណាងការលក់តាមបណ្ដាខេត្ត។ ក្នុងខែមករា ឆ្នាំ២០១៨ ដល់ខែមេសា ឆ្នាំ២០១៨ ឈ្មោះ ពេជ្រ ដារ៉ា បានយកទូរស័ព្ទរបស់ក្រុមហ៊ុនចំនួន១៩លើក ទៅលក់ឱ្យអតិថិជនតាមបណ្ដាខេត្ត គិតជាទឹកប្រាក់ចំនួន៨.៤៤៤ដុល្លារ ប៉ុន្តែប្រាក់នេះ ឈ្មោះ ពេជ្រ ដារ៉ា មិនបានប្រគល់ជូនក្រុមហ៊ុនទេ ដោយអះអាងថា អតិថិជនជំពាក់ប្រាក់។ ក្រោយការស្រាវជ្រាវទើបដឹងថា ជនសង្ស័យ បានកិបកេងប្រាក់ក្រុមហ៊ុន ទើបឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច។
ជនសង្ស័យ បានសារភាពថា ពិតជាបានកិបកេងប្រាក់ក្រុមហ៊ុនមែន ដោយបានចាញ់ល្បែងនៅកាស៊ីណូព្រែកចាក៕ ដោយ៖បញ្ញាស័ក្តិ