Thursday, January 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីសហរដ្ឋអាមេរិក ស្នើបន្ថែមកញ្ចប់ជំនួយយោធា៣៣ពាន់លាន សភាអនុម័តលើសពីការស្នើសុំ

រដ្ឋធានីវ៉ាស៊ីនតោន៖ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក បានបញ្ជូនជំនួយយោធាជាបន្ដបន្ទាប់ មានទំហំទឹកប្រាក់ជាង៣ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយប្រមុខរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានស្នើសុំជំនួយោធាបន្ថែម ៣៣ពាន់លានដុល្លារ សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន ប៉ុន្តែសភាមិនត្រឹមតែជំទាស់នោះទេ គឺបន្ថែមលើស ពីអ្វីដែលប្រធានាធិបតី ស្នើសុំទៅទៀត ព្រោះប្រទេសមហាអំណាចកំពូលលើលោក ទាំងសេដ្ឋកិច្ច និងយោធា បានព្យាករថា អ៊ុយក្រែន នឹងឈ្នះសង្គ្រាមឈ្លានពានរបស់រុស្ស៊ី។

សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ថា សមាជិកសភា នៃគណបក្សប្រជាធិបតេយ្យ បានយល់ព្រម ទាំងប្រញាប់ប្រញាល់ ផ្តល់ជំនួយបន្ថែមមានទំហំទឹកប្រាក់ ៣៩,៨ ពាន់លានដុល្លារ សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន។ សកម្មភាពនេះ បានបន្ធូរបន្ថយនូវការភ័យខ្លាចថា ការបោះឆ្នោត អាចនឹងពន្យារពេល រំខានដល់លំហូរ នៃគ្រឿងសព្វាវុធរបស់សហរដ្ឋអាមេរិក បញ្ជូនទៅកាន់រដ្ឋាភិបាលក្រុងគៀវ។

សភាតំណាងរាស្រ្ត សហរដ្ឋអាមេរិក បានអនុម័តនូវកញ្ចប់ជំនួយ លើសពីសំណើរបស់ប្រធានាធិបតី លោក ចូ បៃដិន (Joe Biden) ដែលបានស្នើសុំ កាលពីខែមុន ត្រឹមតែទំហំទឹកប្រាក់ ៣៣ពាន់លានដុល្លារ ហើយនៅថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២ មេដឹកនាំព្រឹទ្ធសភា បានអះអាងថា ពួកគាត់ បានត្រៀមខ្លួន សម្រាប់ការអនុម័ត លើសំណើសុំជំនួយនេះ ឲ្យបានឆាប់បំផុត។ ចំណែកសំណើ សម្រាប់មូលនិធិបន្ថែម ទាក់ទងនឹងជំងឺកូវីដ-១៩ដែលតំណាងរាស្រ្ដ មកពីគណបក្សប្រជាធិបតេយ្យមួយចំនួន ចង់ដាក់បញ្ចូលជាមួយមូលនិធិគ្រាអាសន្ន សម្រាប់អ៊ុយក្រែន នឹងត្រូវពិចារណា ដាច់ដោយឡែកពីគ្នា។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានស្នើសុំជំនួយបន្ថែម មានទំហំទឹកប្រាក់ ៣៣ពាន់លានដុល្លារ សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន ដោយរួមទាំងជំនួយយោធា ជាង២០ពាន់លានដុល្លារ ។ ប៉ុន្ដែសំណើរបស់លោកប្រធានាធិបតីនោះ ត្រូវបានសភាបង្កើនថវិកាបន្ថែម សម្រាប់សង្គ្រាមជាមួយនឹងរុស្ស៊ី។

ព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីពេលកន្លងទៅនេះ បានអនុម័តនូវកញ្ចប់ជំនួយយោធា មានទំហំទឹកប្រាក់ ១៣,៦ពាន់លានដុល្លារ។ ប៉ុន្ដែរហូតមកដល់ពេលនេះ ក្រុងវ៉ាស៊ីនតោន បានផ្ដល់ជំនួយយោធា មានទំហំទឹកប្រាក់ ជាង៣ពាន់លានដុល្លារសហរដ្ឋអាមេរិក ជួយដល់ក្រុងគៀវ សម្រាប់ធ្វើសង្គ្រាម វាយប្រហារទប់ទល់នឹងកម្លាំងទាហានឈ្លានពានរបស់រុស្ស៊ី។

ការផ្ដល់ជំនួយយោធារបស់សហរដ្ឋអាមេរិក ជួយដល់ក្រុងគៀវ កាន់តែច្រើនឡើង ក្រោយពេលលោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដីក្រសួងការពារជាតិ នៃប្រទេសមហាអំណាចកំពូលលើលោក ទាំងសេដ្ឋកិច្ច និង យោធា បានប៉ាន់ប្រមាណថា អ៊ុយក្រែន នឹងឈ្នះសង្គ្រាមនេះ៕រក្សាសិទ្ធិដោយ ៖ សារាយSN

×