អាមេរិក ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានដឹកនាំគណៈប្រតិភូអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Joint Base Andrews Airport រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នាវេលាម៉ោង១៩៖៣៣នាទី (ថ្ងៃទី១០ ខែឧសភា) ដែលត្រូវនឹងម៉ោង៦៖៣៣ព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ម៉ោងនៅរាជធានីភ្នំពេញ ក្រោមកិច្ចស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅពីប្រជាពលរដ្ឋខ្មែរអាមេរិក និងខ្មែរកាណាដាយ៉ាងច្រើនកុះករ។
កិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ធ្វើឡើងចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីអបអរសាទរទំនាក់ទំនងភាពជាដៃគូសន្ទនា អាស៊ាន-អាមេរិក រយៈពេល ៤៥ឆ្នាំ, ហើយក៏ជាកិច្ចប្រជុំកំពូលពិសេសលើកទី២ គិតពីឆ្នាំ២០១៦ និងជាការជួបប្រជុំគ្នាដោយផ្ទាល់មុខលើកទី១ សម្រាប់ថ្នាក់ដឹកនាំកំពូលអាស៊ាន-អាមេរិក គិតចាប់តាំងពីឆ្នាំ២០១៧មក។

វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ក៏ដូចជាប្រទេសសមាជិកអាស៊ានដទៃទៀត ត្រូវបានធ្វើឡើង តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន គឺមានសារៈសំខាន់ណាស់នៅក្នុងកិច្ចប្រជុំនេះ ព្រោះសម្ដេចជាប្រធានអាស៊ាន ដែលនឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំជាមួយលោក ចូ បៃដិន។
យោងតាមសេចក្តីថ្លែងការណ៍របស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានគូសបញ្ជាក់ថា ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ថ្នាក់ដឹកនាំអាស៊ាន និងប្រធាននាធិបតីអាមេរិក លោក ចូ បៃឌិន នឹងពិភាក្សាគ្នាអំពីមធ្យោបាយ និងវិធីសាស្ត្រនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ដែលជាអាទិ៍រួមមាន ការឆ្លើយតបនឹងជំងឺកូវីដ-១៩ សន្តិសុខសុខភាពសាកល ការផ្លាស់ប្តូរអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលំហសមុទ្រ ការអភិវឌ្ឍធនធានមនុស្ស ការអប់រំ និងចំណងទាក់ទងរវាងប្រជាជន និង ប្រជាជន ក៏ដូចជាការតភ្ជាប់ និងទំនាក់ទំនងសេដ្ឋកិច្ច។ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក ក៏នឹងធ្វើការផ្លាស់ប្តូយោបល់គ្នាផងដែរ អំពីបញ្ហាតំន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួម។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីរាជធានីភ្នំពេញ កាលពីវេលាម៉ោង ៧៖៤៥នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN











