Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម កែប ជុតិមា ត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសតាំងជាប្រធានគណៈកម្មការទី៤ ជំនួសសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង

ភ្នំពេញ ៖ ឯកឧត្តម កែប ជុតិមា អតីតអភិបាលរាជធានីភ្នំពេញ និងក្រោយមក ជាអនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា (គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់), ពេលនេះ ត្រូវបានសម័យប្រជុំពេញអង្គរដ្ឋសភា បោះឆ្នោតជ្រើសតាំងជាប្រធានគណៈកម្មការទី៤ គឺគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ ជំនួសតំណែង សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលទទួលមរណភាព។

ការបោះឆ្នោតជ្រើសតាំងនេះ បានធ្វើឡើងក្នុងសម័យប្រជុំពេញអង្គនៃរដ្ឋសភា នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភាចំនួន ១០៦រូប។

ឯកឧត្តម កែប ជុតិមា ដែលជាសមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា, មុននេះបន្តិច ត្រូវបានគណបក្សប្រជាជនកម្ពុជា ស្នើឱ្យធ្វើជាបេក្ខជនប្រធានគណៈកម្មការទី៤ ដើម្បីឱ្យរដ្ឋសភាបោះឆ្នោតគាំទ្រ, មកដល់ពេលនេះដំណើរការរៀបចំ បានប្រព្រឹត្តទៅរលូនហើយ គឺ ឯកឧត្តម កែប ជុតិមា ត្រូវបានសម័យប្រជុំពេញអង្គរដ្ឋសភា បោះឆ្នោតជ្រើសតាំងជាប្រធានគណៈកម្មការទី៤រួចរាល់ហើយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×