ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ មានគណបក្សសរុបចំនួន១០ហើយ បានចុះឈ្មោះ និងចុះបញ្ជីបេក្ខជននៅ គ.ជ.ប ក្នុងនោះមានគណបក្សចំនួន៤ ដែល គ.ជ.ប បានទទួលស្គាល់ជាផ្លូវការ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា និងគណបក្សរួបរួមជាតិ។
នៅថ្ងៃទី១៣ នៃការចុះឈ្មោះនេះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក៏បានបំពេញបែបបទដាក់ពាក្យរួចរាល់ផងដែរ ហើយគ.ជ.បកំពុងពិនិត្យគណបក្សដែលបានដាក់ពាក្យរួចហើយសរុបចំនួន៦គណបក្ស ក្នុងនោះរួមមាន៖ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សពន្លឺថ្មី គណបក្សខ្មែរតែមួយ និងគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ។
បើតាម គ.ជ.ប ក្រៅពីគណបក្សដែលបានចុះបញ្ជីរួចរាល់ទាំងនោះ ពេលនេះក៏មានគណបក្សនយោបាយចំនួន៧ទៀត បាននិងកំពុងបំពេញលក្ខខណ្ឌតម្កល់ប្រាក់១៥លានរៀល នៅរតនាគារជាតិ និងបានជូនព័ត៌មានមកថានឹងមកដាក់ពាក្យតាមកាលបរិច្ឆេទកំណត់ ដូចជា គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សខ្មែរឈប់ក្រ គណបក្សធម្មាធិបតេយ្យ គណបក្សខ្មែរក្រោក គណបក្សសាធារដ្ឋប្រជាធិបតេយ្យ គណបក្សមាតុភូមិយើង និងគណបក្សប្រជាធិបតេយ្យថ្មី។
ចំណែកគណបក្សដែលបានស្នើសុំទម្រង់ ១០០៨ ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតពីគ.ជ.ប មានចំនួន៦ផ្សេងទៀត គឺ គណបក្សកសិករ គណបក្សខ្មែរសាធារណរដ្ឋ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សរស្មីខេមរា គណបក្សឆន្ទៈខ្មែរ និងគណបក្សចលនាប្រជាធិបតេយ្យ។
ការឈប់ទទួលពាក្យចុះឈ្មោះគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នឹងបញ្ចប់នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៥និង៣០នាទីល្ងាច៕
ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ មានចំនួន១៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨៕ ដោយ៖បញ្ញាស័ក្តិ