Tuesday, May 24, 2022

សម្តេចតេជោ ហ៊ុន សែន បង្ហាញកិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា

(វ៉ាស៊ីនតោន, អាមេរិក)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានបង្ហាញនូវកិច្ចប្រឹងប្រែងជាច្រើនរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ដើម្បីដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ក៏ដូចជាជំហរក្នុងសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ជូនទៅសភាអាមេរិក។

ការគូសរំលេចរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងជំនួបអាហារថ្ងៃត្រង់រវាងមេដឹកនាំអាស៊ាន និងសមាជិកសភាអាមេរិក ដែលរៀបចំឡើងដោយលោកស្រី ណានស៊ី ភេឡូស៊ី ប្រធានសភាសហរដ្ឋអាមេរិក នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

ក្នុងកិច្ចពិភាក្សាអាហារការងារថ្ងៃត្រង់នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន, ប្រធានាធិបតីឥណ្ឌូនេស៊ី អ្នកសម្របសម្រួលកិច្ចអាស៊ាន-អាមេរិក និងលោកស្រីប្រធានសភាអាមេរិក បានលើកឡើងពីបញ្ហាសំខាន់ៗពាក់ព័ន្ធការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ គឺធ្វើយ៉ាងណាឱ្យសហរដ្ឋអាមេរិក និងអាស៊ាន បន្តជំរុញកិច្ចសហប្រតិបត្តិការ ក៏ដូចជាភាពជាដៃគូបន្ថែមទៀត ក្រោយពីកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអាមេរិក រយៈពេល ៤៥ឆ្នាំមកនេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់បំផុត។ ជារួមប្រមុខរដ្ឋាភិបាលអាស៊ាន និងប្រធានសភាអាមេរិក ក៏ដូចជាសមាជិកសភាដែលមកពីគណបក្សទាំងពីរ មានគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ បានសំដែងនូវការរីករាយ និងវាយតម្លៃខ្ពស់បំផុតចំពោះភាពរីកចម្រើននៃទំនាក់ទំនងរវាងអាស៊ាន-អាមេរិក។

ក្នុងជំនួបនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន ចង់ឃើញអាមេរិក បន្តដើរតួនាទីសំខាន់ក្នុងការងារអាទិភាពមួយចំនួន ដូចជាបរិស្ថាន ការប្រែប្រួលអាកាសធាតុធាតុ ការជួយទៅដល់វិស័យសុខាភិបាល ជាពិសេសបញ្ហាកូវីដ១៩ កន្លងមកសហរដ្ឋអាមេរិក បានផ្ដល់ជំនួយវ៉ាក់សាំង ក៏ដូចជាជំនួយផ្សេងទៀត ដល់បណ្ដាប្រទេសសមាជិកអាស៊ាន។ ជាមួយគ្នានេះ ក៏ចង់ឃើញមានការពង្រឹងពង្រីកសេដ្ឋកិច្ច រវាងសហរដ្ឋអាមេរិក និងអាស៊ាន ដោយសារកន្លងមកនេះ អាស៊ាន-សហរដ្ឋអាមេរិក មានកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម និងវិនិយោគ ដែលជាកិច្ចព្រមព្រៀងក្នុងការសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងអាស៊ាន និងសហរដ្ឋអាមេរិក។

លើសពីនេះទៀត ការពិភាក្សាក៏បានផ្តោតទៅលើបញ្ហាសន្តិសុខ និងផ្នែកពាក់ព័ន្ធដទៃទៀត។ លោកស្រីប្រធានសភាសភាអាមេរិក ក៏ដូចជាសមាជិកសភាសហរដ្ឋអាមេរិក បានស្វាគមន៍ចំពោះវត្តមានរបស់ប្រមុខរដ្ឋាភិបាលអាស៊ាន ដែលអញ្ជើញមករដ្ឋធានីវ៉ាស៊ីនតោន ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។ ក្នុងជំនួបនេះ ប្រធានសភាអាមេរិក បានលើកឡើងនូវបញ្ហាមួយពិភពលលោកមួយចំនួន រួមមាន៖ ការឈ្លានពានរបស់រុស្ស៉ី លើប្រទេសអ៊ុយក្រែន, សន្តិសុខលម្ហសមុទ្រ ក៏ដូចជាបញ្ហាសមុទ្រចិនខាងត្បូង ជាពិសេស បញ្ហាសន្តិសុខពិភពលោក និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីធ្វើយ៉ាងណាឱ្យសហរដ្ឋអាមេរិក ក៏ដូចជាអាស៊ានបន្តមានសុពលភាព។ ជំនួបនេះ ក៏បានពិភាក្សាទៅលើបញ្ហាអាទិភាព ដូចជាការអភិវឌ្ឍដោយចីរភាពហើយ និងការកសាងដៃគូភាពជាដៃគូ មានស្ថិរភាពយូរអង្វែង។

លោកស្រីប្រធានសភាសហរដ្ឋអាមេរិក ក៏បានលើកឡើងពីការប្ដេជ្ញាចិត្ត ក្នុងការបន្តធ្វើការងារវាងអាមេរិក និងអាស៊ាន ដោយការផ្លាស់ប្ដូរមតិត្រង់ទៅត្រង់មក។ ក្នុងជំនួបនេះ លោកស្រីប្រធានសភា បានស្នើសុំឱ្យសភាសហរដ្ឋអាមេរិក ក្លាយជាអ្នកសង្កេតការណ៍នៅក្នុងអាយប៉ា ដែលជាសភាអន្តរអាស៊ាន។

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូវី (jokowi) និងជាប្រធានសម្របសម្រួលដៃគូសន្ទនារវាងអាស៊ាន-អាមេរិក បានគូសបញ្ជាក់អំពីសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន ដែលបានបង្កើតការលំបាកជាច្រើន ក៏ដូចជាការអស្ថិរភាព ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ ថាមពល និងសន្តិសុខស្បៀង។ សង្គ្រាមនេះ គឺវាមិនស្របនឹងច្បាប់អន្តរជាតិ ហើយលោកប្រធានាធិបតី មានការបារម្ភថា ចរន្តនេះ នឹងបន្តមាននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

លោកប្រធានាធិបតី ក៏បានស្វាគមន៍ចំពោះអាមេរិក ក្នុងការចូលរួមជួយរក្សានូវសន្តិភាព និងស្ថិរភាព នៅក្នុងតំបន់ ក្រោមងគោលការណ៍នយោបាយឈ្នះឈ្នះ ក៏ដូចជាការសន្ទនាពហុភាគីនិយម។ ជាពិសេសការកសាងជំនឿចិត្តរវាងគ្នា ទោះបីជាបច្ចុប្បន្នមាននិន្នាការខ្វះជំនឿនឹងគ្នាក្តី។

លោកប្រធានាធិបតី បានលើកឡើងទៀតថា អ្វីដែលសំខាន់បំផុត គឺសន្តិភាព និងស្ថិរភាព ធ្វើយ៉ាងណាកុំឱ្យមានការប៉ះទង្គិចគ្នា ជាពិសេសការប្រកួតប្រជែងនៅលើការស្វែងរកអំណាច នៅក្នុងតំបន់ ហើយចង់ឱ្យសហរដ្ឋអាមេរិក ជាដៃគូបន្តជាដៃគូយុទ្ធសាស្ត្រជាមួយអាស៊ានផងដែរ។

ដោយឡែកសម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន បានលើកឡើងពាក់ព័ន្ធទៅលើចំណុចមួយចំនួន ជាពិសេសជម្លោះរវាងរុស្ស៉ី និងអ៊ុយក្រែន ដែលនាំឱ្យមានការលំបាកជាច្រើន ជាពិសេសពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច។

សម្ដេចតេជោ ក៏បានគូសបញ្ជាក់ អំពីការចូលរួមវិភាគទានរបស់សហរដ្ឋអាមេរិក ទៅដល់ការជួយដល់ប្រទេសជាសមាជិកអាស៊ាន ពិសេសក្នុងការពង្រឹងសមត្ថភាព ក៏ដូចជាការពង្រឹងពីសារៈសំខាន់ នៃបច្ចេកវិទ្យា ការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការអភិវឌ្ឍ ក៏ដូចជាការពង្រឹងពីសមត្ថភាព នៃការប្រើប្រាស់បច្ចេកវិទ្យា។

សម្ដេចតេជោ ក៏បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក គឺអាចរួមចំណែកជួយក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ។ សម្ដេចតេជោ ក៏បានលើកឡើងពីអ្វី ដែលជាកិច្ចសហប្រតិបត្តិការទ្វេភាគី គឺមានការកើនឡើងពីការនាំចេញរបស់ប្រទេសកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក។ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការកើនឡើងគួរឲ្យកត់សម្គាល់ ពោលគឺក្នុងត្រីមាសទី១ ឆ្នាំ២០២២ មានការកើនឡើងរហូតដល់ទៅជាង ៤០ភាគរយ។

សម្ដេចតេជោ ក៏បានលើកអំពីការខិតខំព្យាយាមរបស់សម្ដេច ក្នុងនាមជាប្រធានអាស៊ាន ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយសភាពការណ៍នៅមីយ៉ាន់ម៉ា ហើយសម្ដេចក៏បានចែករំលែកនូវអ្វីដែលជាការងាររបស់សម្ដេចតេជោ ក្នុងនាមជាប្រធានអាស៊ាន ក៏ដូចជាការខិតខំទាំងឡាយ ធ្វើយ៉ាងណាកុំឱ្យមានអំពើហិង្សាបន្តទៀត។ ជាពិសេសទៀត ជំរុញឱ្យមានបទឈប់បាញ់ ក៏ដូចជាជំរុញឲ្យមានជំនួយមនុស្សធម៌ ទៅដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា។ សម្ដេចក៏បានគូសបញ្ជាក់ផងដែរ អំពីការខិតខំរបស់អាស៊ានក៏ ដូចជាការខិតខំរបស់ប្រធានអាស៊ាន អគ្គលេខាធិការអាស៊ានផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី