Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចក្រឡាហោម ស ខេង អំពាវនាវឱ្យភាគីពាក់ព័ន្ធ ខិតខំបំពេញភារកិច្ចបម្រើ ឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ប្រព្រឹត្តទៅប្រកបដោយជោគជ័យ

spot_img

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអំពាវនាវជាថ្មីទៀតឱ្យភាគីពាក់ព័ន្ធទាំងអស់ ពិសេសអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ខិតខំបំពេញភារកិច្ចបំរើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះឱ្យប្រព្រឹត្តទៅប្រកបដោយជោគជ័យ ដើម្បីបន្តលើកតម្កើងកិត្តិយសជាតិក្នុងដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

ការអំពាវនាវរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាល ជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ក្នុងខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។

សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមឯកសារអត្តសញ្ញាណបណ្ណឱ្យបានគ្រប់ៗគ្នា និងបើមិនមានឯកសារនេះទេ អាចស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតពីឃុំសង្កាត់ និងអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ពិធីជួបជុំនាឱកាសនេះ មានបំណងពិភាក្សាផ្លាស់ប្ដូរយោបល់គ្នា ពាក់ព័ន្ធនឹងផែនការឆ្ពោះទៅកាន់ការបោះឆ្នោត និងវិធានការជាក់ស្ដែងនានាដែលចាត់ចែង អនុវត្តដោយក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ ។

សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់ឱកាសឱ្យតំណាងបេក្ខជនឈរឈ្មោះបោះឆ្នោតមកពីឃុំមួយចំនួនក្នុងខេត្តព្រៃវែង ឡើងថ្លែងណាប់អារម្មណ៍អំពីសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល៥ឆ្នាំកន្លងមក ព្រមទាំងលើកឡើងនូវបញ្ហាប្រឈម ទិសដៅអនុវត្ត សំណូមពរ និងការប្ដេជ្ញាចិត្ត ។

បន្ទាប់ពីបានស្ដាប់នូវការលើកឡើងពីតំណាងបេក្ខជនដែលក្នុងនោះ ក៏មានការគូសបញ្ជាក់អំពីបញ្ហាប្រឈមខ្លះៗផងនោះ សម្ដេចក្រឡាហោម ស ខេង បានណែនាំឲ្យគណៈកម្មាធិការគណបក្សក្រុង ស្រុក និងខេត្ត សហការដោះស្រាយបញ្ហាទាំងឱ្យបានប្រកបដោយប្រសិទ្ធភាព ទាំងបញ្ហាប្រឈមចំពោះថ្នាក់ដឹកនាំឃុំ សង្កាត់ និងបញ្ហាប្រជាពលរដ្ឋ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×