ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ផ្ញើសារជូនពរកងកម្លាំងនគរបាលជាតិទូទាំងប្រទេស ក្នុងឱកាសខួបលើកទី៧៣ ថ្ងៃបដិសន្ធិ របស់កងកម្លាំងនគរបាលជាតិកម្ពុជា (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០១៨) ដែលប្រសូត្រចេញពីស្នាព្រះហស្ថរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។
នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើនូវការសាកសួរសុខទុក្ខ ជូនចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ដ្រីនគរបាលជាតិនៅទូទាំងប្រទេស ដោយសេចក្ដីនឹករលឹក ស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្រអស់ពីដួងចិត្ត។
បើតាមសម្ដេចតេជោ ហ៊ុន សែន ស្របពេលដែលចលនាឧទ្ទាមរបស់ពួកក្បត់ជាតិ នៅតែមិនបោះបង់នូវមហិច្ឆតាប៉ុនប៉ងបង្កអស្ថិរភាពដល់ប្រទេសជាតិ ពិសេសការប៉ុនប៉ងបំផ្លាញកិច្ចដំណើរការ និងលទ្ធផលបោះឆ្នោតសកលនាពេលមុខនេះ ដូច្នេះកងកម្លាំងនគរបាលជាតិ នៅមានភារកិច្ចជាច្រើនទៀត ដែលត្រូវបំពេញ ដើម្បីធានាភាពសុខសាន្ដជូនប្រជាពលរដ្ឋ និងធានាឲ្យបាននូវបរិយាកាសសន្ដិសុខល្អប្រសើរ សម្រាប់យុទ្ធនាការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នៃរដ្ឋសភាឲ្យដំណើរការប្រកបដោយជោគជ័យ។
ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានសម្ដែងនូវការកោតសរសើរ និងទឹកចិត្តដោយស្មោះចំពោះកងកម្លាំងនគរបាលជាតិកម្ពុជា ដែលជានិច្ចកាល បានខិតខំព្យាយាមជម្នះរាល់ឧបសគ្គ ប្រកៀកស្មាគ្នាយ៉ាងរឹងមាំ ជាមួយកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ តស៊ូប្ដូរផ្ដាច់ ការពារខឿនសន្ដិភាព អធិបតេយ្យភាព បូរណភាពទឹកដី ទប់ស្កាត់នូវអំពើភេរវកម្ម៕ ដោយ៖បញ្ញាស័ក្តិ