Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចក្រឡាហោម ស ខេង ៖ កងកម្លាំងនគរបាលជាតិ ត្រូវបន្តបេសកកម្មរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលបណ្តាលមកពីឥទ្ធិពលអសន្តិសុខក្នុងតំបន់ និងសកលលោក , សកម្មភាពនៃបទឧក្រិដ្ឋឆ្លងដែន បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ

spot_img

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្ញើសារលិខិតជូនពរកងកម្លាំងនគរបាលជាតិ ក្នុងទិវារំព្ញកខួបអនុស្សាវរីយ៍លើកទី ៧៧ ថ្ងៃកំណើតនគរបាលជាតិ។

អង្គប្រតិបត្តិច្បាប់ ដែលត្រូវបានប្រសិទ្ធនាមថា “នគរបាលជាតិ” បានចាប់បដិសន្ធិនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ ក្រោមស្នាព្រះហស្តរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ បរមរតនកោដ្ឋ ” ក្នុងព្រះរាជបំណងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គម ដែលគិតមកដល់ពេលនេះមានអាយុកាល ៧៧ឆ្នាំហើយ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្រនេះ តាងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវមនោសញ្ចេតនារំភើបរីករាយ ចូលរួមអបអរសាទរដោយទឹក ចិត្តស្មោះសរ និងសូមជូនពរដល់កងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ រួមទាំងនិវត្តន៍ជន និងក្រុមគ្រួសារ សូមមានសុខភាពល្អ កម្លាំងពលំមាំមួន អាយុយឺនយូរ និងសូមរស់នៅប្រកបដោយសុភមង្គល។ ទន្ទឹមគ្នានេះក៏ សូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខដល់បងប្អូននគរបាលជាតិ ដែលកំពុងសម្រាកព្យាបាលជំងឺ-របួស នៅតាម មន្ទីរពេទ្យ ឬគេហដ្ឋាន សូមឆាប់ជាសះស្បើយ មានសុខភាពល្អជាប្រក្រតីឡើងវិញ ដើម្បីវិលត្រឡប់មករួម រស់ជាមួយក្រុមគ្រួសារ និងបានមកបំពេញការងារនៅតាមអង្គភាពនាពេលឆាប់ៗខាងមុខនេះ។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រទេសជាតិមានសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅ ប្រកបដោយជីវភាពសមរម្យ និងសុខដុមរមនា។ កម្ពុជាការពារបានយ៉ាងរឹងមាំនូវខឿនឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី បញ្ចៀសបាននូវអំពើភេរវកម្ម ទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលានូវឧក្រិដ្ឋកម្មឆ្លងដែន គ្រប់ប្រភេទ រក្សាបាននូវសុខដុមនីយកម្មក្នុងសង្គម ពង្រឹងបាននូវសន្តិសុខផ្ទៃក្នុង គ្មានតំបន់អបគមន៍ និង គ្មានជម្លោះប្រដាប់អាវុធ ព្រមទាំងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែល សមិទ្ធផលដ៏ថ្លៃថ្លាទាំងអស់នេះ មិនអាចកាត់ផ្តាច់ចេញពីការរួមចំណែក ប្រកបដោយពលិកម្មយ៉ាងធំធេង របស់កងកម្លាំងនគរបាលជាតិបានឡើយ។

រយៈពេលកន្លងមក កងកម្លាំងនគរបាលជាតិបានកសាងនូវស្នាដៃ និងសមិទ្ធផលធំៗ ដែលមាន គុណប្រយោជន៍ជាច្រើន ជាពិសេសក្នុងដំណាក់កាលប្រទេសជាតិស្ថិតក្នុងបរិបទប្រកបដោយហានិភ័យនៃការ ឆ្លងរាតត្បាតជំងឺកូវីដ-១៩។ នគរបាលជាតិបានទទួលបន្ទុករែកពន់ការងារដ៏ធ្ងន់ធ្ងរក្នុងពេលតែមួយ តាមរយៈ ការបំពេញតួនាទីស្នូលក្នុងការធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមផង និងបានបំពេញកាតព្វកិច្ចចូលរួមចំណែកយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ផង។

ស្នាដៃដែលលេចធ្លោ និងត្រូវបានកត់សម្គាល់នាឆ្នាំ២០២២នេះ គឺការរៀបចំសន្និសីទអាស៊ាន ណាប៉ូលលើកទី៤០ ដែលនគរបាលជាតិកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ភាពជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍ជា ប្រវត្តិសាស្ត្រនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ ទាំងក្នុង តំបន់ និងលើឆាកអន្តរជាតិ។ ក្នុងនាមក្រសួងមហាផ្ទៃ ខ្ញុំសូមសម្តែងនូវការពេញចិត្ត អបអរសាទរ និងកោត សរសើរចំពោះសមិទ្ធផលដ៏ឧត្តុង្គឧត្តមនេះ។

រហូតមកដល់បច្ចុប្បន្ននេះ បើទោះបីជាព្រះរាជាណាចក្រកម្ពុជានៅតែរក្សាបានបរិយាកាសសន្តិសុខ ល្អប្រសើរយ៉ាងណាក្តី ក៏ប៉ុន្តែកងកម្លាំងនគរបាលជាតិនៅតែជាកម្លាំងស្នូលឈានមុខ ក្នុងការបំពេញតួនាទី ធានារ៉ាប់រងចំពោះភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងការពារខឿនសន្តិសុខជាតិ ដែលជាមូលដ្ឋានគ្រឹះនៃ ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។

ក្រោមការយកចិត្តទុកដាក់ដឹកនាំ គាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទ កងកម្លាំងនគរបាលជាតិបានអភិវឌ្ឍខ្លួនយ៉ាងសមរម្យ ស្របតាមស្ថានភាពជាក់ស្ដែងទាំងគុណភាព សមត្ថភាព ជំនាញឯកទេស ទាំងការបំពាក់មធ្យោបាយ ឧបករណ៍ សម្ភារសម្រាប់កិច្ចប្រតិបត្តិការ និងការកសាងហេដ្ឋ រចនាសម្ព័ន្ធ ក៏ដូចជាការលើកកម្ពស់ជីវភាព និងសុខុមាលភាពផងដែរ។ ការអភិវឌ្ឍប្រកបដោយភាពវិជ្ជមាន គួរឲ្យកត់សម្គាល់នោះគឺ ការកែប្រែនូវឥរិយាបថបំពេញការងារបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយសីលធម៌ គុណធម៌ និងមនសិការវិជ្ជាជីវៈ ដោយទទួលបាននូវការគាំទ្រ កោតសរសើរ ព្រមទាំងបង្កើតបាននូវការជឿជាក់ ពីសំណាក់ប្រជាពលរដ្ឋ ចំពោះនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។

សម្តេចបានបន្តថា “ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ខ្ញុំសូមសម្ដែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះ កងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងចាត់តាំងអនុវត្តយ៉ាងផុលផុស តាម គោលការណ៍ បទបញ្ជា វិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ប្រកបដោយភាពអត់ធ្មត់ទន់ភ្លន់ និងម៉ឺងម៉ាត់ រួមចំណែកធ្វើឲ្យសង្គមកម្ពុជាមានការរីកចម្រើន ប្រកបដោយកិត្តិយស និងសេចក្ដីថ្លៃថ្នូរ”។

ក្នុងឆ្នាំ២០២២នេះ កងកម្លាំងនគរបាលជាតិ ត្រូវបន្តបេសកកម្មរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលបណ្តាលមកពីឥទ្ធិពលអសន្តិសុខក្នុងតំបន់ និងសកលលោក ក៏ដូចជាសកម្មភាពនៃបទ ឧក្រិដ្ឋឆ្លងដែន បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ បទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស ពិសេសស្ត្រី និង កុមារ បទល្មើសបច្ចេកវិទ្យា។ល។ ដែលនៅតែបន្តកើតឡើងបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ ព្រឹត្តិការណ៍នយោបាយជាតិ ព្រឹត្តិការណ៍អន្តរជាតិមួយចំនួន នឹងត្រូវរៀបចំនៅកម្ពុជា ហើយកិច្ចការជាអាទិភាពដែលត្រូវបំពេញនៅពេលឆាប់ៗខាងមុខនេះ គឺការធានាសុវត្ថិភាពនៃកិច្ចដំណើរការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ឲ្យដំណើរទៅប្រកបដោយភាពស្ងប់ស្ងាត់ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងគ្មានការបំភិតបំភ័យ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមគណៈបញ្ជាការ សន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត ខ្ញុំសំណូមពរដល់កងកម្លាំងនគរបាលជាតិដែលមានតួនាទីជាភ្នាក់ងារ សន្តិសុខបោះឆ្នោត សូមយកចិត្តទុកដាក់ពង្រឹងស្មារតីទទួលខុសត្រូវបំពេញបេសកកម្មរបស់ខ្លួនឲ្យបាន ម៉ឺងម៉ាត់ ហ្មត់ចត់ ដោយគោរពតាមច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោត និងអនុវត្ត យ៉ាងខ្ជាប់ខ្ជួននូវក្រមសីលធម៌ ព្រមទាំងរក្សាបាននូវអព្យាក្រឹតភាពក្នុងនាមជាភ្នាក់ងារសន្តិសុខបោះឆ្នោត។

សម្តេចក្រឡាហោម មានសេចក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា កងកម្លាំងនគរបាលជាតិ នឹងបន្តលើកកម្ពស់ សក្តានុពល និងមានភាពរីកចម្រើនប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ ឈរយ៉ាងរឹងមាំជាសសរស្ដម្ភន សន្តិសុខ សណ្តាប់ធ្នាប់សង្គម បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិគ្រប់កាលៈទេសៈ។ សូមឧទ្ទិសនូវទឹកចិត្តកតញ្ញូកតវេទីជូនចំពោះវិញ្ញាណក្ខន្ធបុព្វបុរសនៃកងកម្លាំង នគរបាលជាតិគ្រប់ជំនាន់ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងការបំពេញកាតព្វកិច្ចបម្រើសេចក្តីសុខ ក្សេមក្សាន្តជូនប្រជាពលរដ្ឋ និងសង្គមជាតិ ព្រមទាំងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋ ទូទាំងប្រទេសដែលបានលះបង់កូនចៅ ស្វាមី ភរិយា សាច់ញាតិ ឲ្យចូលបម្រើក្នុងជួរកងកម្លាំងនគរបាលជាតិ និងបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់បេសកកម្មរបស់នគរបាលជាតិតាំងពីដើមរៀងរហូតមក។ ទន្ទឹមនេះ ក៏សូមសំណូមពរយ៉ាងទទូចឲ្យបងប្អូនកងកម្លាំងនគរបាលជាតិ បន្តការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពផ្ទាល់ ខ្លួន និងក្រុមគ្រួសារ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល និងវិធានការ “ ការពារ ៣កុំ ” ឲ្យបានគ្រប់ៗគ្នា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×