Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក គាំទ្រពង្រីកពាណិជ្ជកម្ម-វិនិយោគ និងធុរកិច្ចនៅកម្ពុជា និងអាស៊ាន

អាមេរិក ៖ ជាកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកសេដ្ឋកិច្ចកម្ពុជា-អាមេរិក និងអាស៊ាន-អាមេរិក, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ឆ្នាំ២០២២ បានស្នើទៅក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួយគាំទ្រដល់ការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ដែលប្រព្រឹត្តទៅនា ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ទាំងការរៀបចំកម្មវិធី ការជំរុញក្រុមហ៊ុនអាមេរិកជួយឧបត្ថម្ភកម្មវិធី និងការជួយអញ្ជើញថ្នាក់ដឹកនាំសហរដ្ឋអាមេរិកចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ដែលកម្ពុជា ជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាន២០២២ ឱ្យបានប្រព្រឹត្តទៅរលូនបង ហើយទទួលបានការគាំទ្រពីភាគីអាមេរិក។

ការស្នើបែបនេះរបស់ អ្នកឧកញ៉ា គិត ម៉េង ធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារធុរកិច្ចជាមួយលោក ម៉ាក មាលី អនុប្រធានជាន់ខ្ពស់របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅសហរដ្ឋអាមេរិក) នាទីក្រុងវ៉ាស៊ីនតោន ឌីស៊ី អំឡុងពេលដែលអ្នកឧកញ៉ារូបនេះ អមដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជ៉ំកំពូលអាស៊ាន-អាមេរិក។

លោក ម៉ាក មាលី អនុប្រធានជាន់ខ្ពស់របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានឆ្លើយតបទៅកាន់ អ្នកឧកញ៉ា គិត ម៉េង ថា លោកសូមគាំទ្រចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិក ជារួមក្នុងការជំរុញធុរកិច្ច និងវិនិយោគអាមេរិក-អាស៊ាន និងអាមេរិកកម្ពុជា ឲ្យមានការរីកចម្រើន។

លោក ម៉ាក មាលី បញ្ជាក់ថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន តែងតែចូលរួមយ៉ាងសកម្មជួយគាំទ្រដល់កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន។ សម្រាប់ឆ្នាំ២០២២នេះវិញ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន រីករាយនឹងសហការគាំទ្រជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីឲ្យកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានប្រព្រឹត្តទៅប្រកបដោយជោគជ័យនៅកម្ពុជា។

សូមបញ្ជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក មានការកើនឡើង ទោះបីជាជួបវិបត្តិកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏មានការកើនឡើងរហូតដល់ជិត ១០ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២១ ក្នុងនោះកម្ពុជាបាននាំទំនិញទៅកាន់ទីផ្សារអាមេរិក មាន សំលៀកបំពាក់ស្បែកជើង វិស័យកសិកម្ម គ្រឿងសង្ហារិម ជាដើម។ ជាមួយគ្នានេះ ក្រុមហ៊ុនអាមេរិកជាច្រើន ក៏មានវត្តមានវិនិយោគនៅកម្ពុជាផងដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×