Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យគ្រួសារនិងសហគមន៍នីមួយៗ ត្រូវបន្តពង្រឹងនូវស្មារតីសាមគ្គីភាពល្អ យកចិត្តទុកដាក់អប់រំសីលធម៌ និង ប្រពៃណីទំនៀមទម្លាប់ល្អ ប្រកបដោយមនសិការ និងការទទួលខុសត្រូវខ្ពស់ ដល់សមាជិកគ្រួសារខ្លួន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិត ក្នុងឱកាសទិវាអន្តរជាតិ ស្តីពីគ្រួសារ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២។

បើតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ទិវាអន្តរជាតិស្តីពីគ្រួសារ ខួបលើកទី២៨ ឆ្នាំ២០២២ ក្រោមប្រធានបទ «គ្រួសារជាមូលដ្ឋានគ្រឹះនៃការថែរក្សា និងការពារសន្តិភាព» ដែលបង្ហាញយ៉ាងច្បាស់នូវអត្ថន័យថា គ្រួសារពិតជាកោសិកាមួយដ៏សំខាន់ ក្នុងការដើរតួនាទីជាកម្លាំងចលករក្នុងការផ្តល់នូវបទពិសោធចំណេះដឹងជាមូលដ្ឋាន ជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ពិសេសរក្សាបាននូវសន្តិភាព។

បើតាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាបកម្ពុជា , សូមផ្ញើសារលិខិតជូនដល់បងប្អូនជនរួមជាតិ ពិសេសលោកឪពុក អ្នកម្តាយ ដែលជាមេគ្រួសារ កូនប្រុស កូនស្រី ចៅប្រុស ចៅស្រី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ នៅក្នុងឱកាសដ៏មហោឡារិកនៃ ទិវាអន្តរជាតិស្តីពីគ្រួសារ ខួបលើកទី២៨ ឆ្នាំ២០២២ ក្រោមប្រធានបទ “ គ្រួសារជាមូលដ្ឋានគ្រឹះនៃការរំថរក្សានិងការពារសន្តិភាព” ដែលបង្ហាញយ៉ាងច្បាស់នូវអត្ថន័យថា គ្រួសារពិតជាកោសិកាមួយដ៏សំខាន់ ក្នុងការដើរតួនាទីជាកម្លាំងចលករក្នុងការផ្តល់នូវ បទពិសោធចំណេះដឹងជាមូលដ្ឋានជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ពិសេសការរក្សាបាននូវសន្តិភាព តុល្យភាពសង្គម និងស្ថិរភាពជាតិ ពិសេសការជំរុញនូវការអនុវត្តច្បាប់ គោលនយោបាយ និងបទដ្ឋាននានា ពិសេស ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ដែលគោលនយោបាយនេះកំពុងផ្តោតជាចម្បង ដល់ការលើកកម្ពស់ជីវភាពគ្រួសារ ដូចជាការផ្តល់មុខរបរ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ធានារ៉ាប់រងសុខភាព ការឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ការឧបត្ថម្ភសាច់ប្រាក់ក្នុងអំឡុងពេលបិទខ្ទប់ និងការផ្តល់សាច់ប្រាក់សម្រាប់កញ្ចប់គ្រួសារក្រីក្រដូចជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ មនុស្សវ័យចាស់ គ្មានទីពឹង ជនពិការក្រីក្រ។ល។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ សម្តេចតេជោ ក៏សម្ដែងនូវការកោតសរសើរ និងគោរពដឹងគុណ ជាទីបំផុតចំពោះក្រុមគ្រួសារទាំងឡាយ ពិសេសគឺ ជីដូន ជីតា លោកឪពុក និងអ្នកម្តាយ និងបងប្រុស បងស្រី ទាំងឡាយ ដែលតែងតពលិកម្ម និងលះបង់គ្រប់បែបយ៉ាងក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនចៅឱ្យក្លាយជាកូនល្អ សិស្សល្អ និង ពលរដ្ឋល្អ សម្រាប់គ្រួសារ សហគមន៍ និងសង្គមជាតិ ព្រមទាំងការចូលរួមចំណែកយ៉ាងសកម្មក្នុងការបន្តថែរក្សា និង លើកស្ទួយមរតកវប្បធម៌ សាសនា ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ប្រជាជាតិយើង ដោយប្រកាន់ខ្ជាប់នូវសីលធម៌ សុជីវធម៌ ការយោគយល់ ការអធ្យាស្រ័យ ការសណ្តោសប្រណី និងការគោរពច្បាប់ ដើម្បីរក្សាឱ្យបាននូវភាពសុខដុមរមនា សាមគ្គីភាព និងសេចក្ដីថ្លៃថ្នូរក្នុងសង្គមជាតិ សក្តិសមជាឧត្តមប្រទេសមួយដែលមានវប្បធម៌ អរិយធម៌ដ៏ត្រកាល និង សម្បូរបែបនៅលើសកលលោកតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន ពិសេសនៅដំណាក់កាលនៃសកលភាវូបនីយកម្ម តាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងស្មារតីដ៏ប្រពៃនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា គ្រួសារទាំងអស់ នឹងបន្តអនុវត្តនូវប្រពៃណីដ៏ល្អផូរផង់នេះ ដើម្បីបន្តរួមចំណែកថែរក្សា និងកសាងសមិទ្ធផលនានាបន្ថែមទៀតសម្រាប់
ឧត្តមប្រយោជន៍ជាតិ សាសនា និងព្រះមហាក្សត្រ និងបន្តលើកកម្ពស់មនសិការទទួលខុសត្រូវក្នុងការកសាងសង្គមជាតិ ឆ្ពោះទៅរកសង្គមមួយប្រកបដោយសុខសន្តិភាព ស្ថិរភាព កិត្យានុភាព វឌ្ឍនភាព ភាពរុងរឿង និងសុខុដុមនីយកម្ម ។

សម្តេចនាយករដ្ឋមន្រ្តី សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានប្រារព្ធទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ចំនួន២៨លើក រួចមកហើយក៏ដោយ ក្នុងនាមរាជរដ្ឋាភិបាល ដែលមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាសេនាធិការតែងតែរៀបចំព្រឹត្តការណ៍ជួបជុំ ការផលិតនូវខ្សែភាពយន្តអប់រំខ្លីៗ និងកម្មវិធីផ្សព្វផ្សាយអំពី ការអប់រំទូន្មានដល់កូនចៅ ប្រុស ស្រី លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ កម្មការនី អ្នកធ្វើការងារក្នុងប្រព័ន្ធបណ្ដាញ ផ្សព្វផ្សាយជាច្រើន ដើម្បីអបអរសារទរនៅក្នុងឱកាសប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ។

កន្លងមករាជរដ្ឋាភិបាលតែងតែខិតខំប្រឹងប្រែងដោយបានយកចិត្តទុកដាក់យ៉ាងខ្លាំង តាមរយៈការកសាងនូវ គោលនយោបាយជាច្រើនដូចជា គោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ និងគោលនយោបាយជាតិ មនុស្សវ័យចាស់ ២០១៧-២០៣០ ជាទឡីករណ៍ជាក់ស្ដែងការដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារមានអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានកំពុងដឹកនាំការអនុវត្ត គឺជាកត្តាសត្យានុម័តមួយ ដែល ស្តែងឱ្យឃើញច្បាស់ពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលក្នុងការជំរុញនូវគុណតម្លៃនៃការលើកកម្ពស់ ឧត្តមប្រយោជន៍របស់គ្រួសារ និងការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាជនតាមរយៈការអភិវឌ្ឍលើគ្រប់វិស័យ សំដៅពង្រឹងពង្រីក និងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់ប្រជាជនគ្រប់រូប ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឋានៈ តួនាទី និងនិន្នាការនយោបាយ និងធានាបាននូវសុខដុមនីយកម្ម គ្រួសារទាំងអស់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ បន្ថែមជាមួយគ្នានេះ ដើម្បីធានាឱ្យបាននូវនិរន្តរភាព ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងស័ក្ដិសិទ្ធិភាព នយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាល ក្រោមម្លប់ដ៏ត្រជាក់របស់ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សតី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ដើម្បីរៀបចំឱ្យមាន គោលនយោបាយនិងបទប្បញ្ញត្តិនានាពាក់ព័ន្ធជាច្រើនទៀត សំដៅលើកកម្ពស់តម្លៃគ្រួសារខ្មែរ ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវការ កោតសរសើរចំពោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិ ពិគ្រោះគោលនយោបាយកិច្ចការគ្រួសារ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីទាំងអស់ ព្រមទាំងដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ និងសប្បុរសជននានា ដែលបានរួមចំណែកយ៉ាងសកម្មគាំទ្រដល់ការធ្វើឱ្យប្រសើរឡើង នូវជីវភាព និងភាពសុខដុមនីយកម្មរបស់គ្រួសារកម្ពុជាទាំងអស់នៅក្នុងសហគមន៍នានានៅទូទាំងប្រទេស ពិសេសគឺ ការសហការជាមួយអនុគណៈកម្មាធិការជំនួយសង្គម និងអន្តរក្រសួងទាំងអស់ ក្រោមការចង្អុលបង្ហាញរបស់ ក្រុមប្រឹក្សាជាតិគាំពារសង្គម។ ទន្ទឹមនឹងនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមកោតសរសើរជាពន្លឹកចំពោះ កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលបានចូលរួមយ៉ាងសកម្មប្រកបដោយឆន្ទៈមោះមុតជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំនិងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរ ទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារ និងការជួញដូរស្រ្តី និងកុមារ ការលើកស្ទួយសិទ្ធិជាមូលដ្ឋានរបស់កុមារ ការឆ្លើយតបបានទៅ នឹងគ្រោះមហន្តរាយនានា ជាពិសេសការជួយរំលែកទុក្ខលំបាករបស់ប្រជាជនដែលងាយរងគ្រោះនៅទូទាំងប្រទេស ដែលកិច្ចការទាំងអស់នេះបានឆ្លើយតបនឹងតម្រូវការជាក់ស្ដែងក្នុងសង្គមជាតិយើង ។

ក្នុងឱកាសដ៏ថ្លៃថ្លានៃការប្រាព្ធទិវាអន្តរជាតិស្តីពីគ្រួសារឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សូមអំពាវនាវដូចតទៅ៖

១. គ្រួសារនិងសហគមន៍នីមួយៗត្រូវបន្តពង្រឹងនូវស្មារតីសាមគ្គីភាពល្អ យកចិត្តទុកដាក់អប់រំសីលធម៌ និង ប្រពៃណីទំនៀមទម្លាប់ល្អរបស់យើងប្រកបដោយមនសិការ និងការទទួលខុសត្រូវខ្ពស់ដល់សមាជិកគ្រួសារខ្លួន តាមរយៈ ការផ្តល់ការអប់រំរៀនសូត សីលធម៌ សុជីវធម៌ ចរិយាធម៌ ចំណេះដឹងទូទៅ និងជំនាញវិជ្ជាជីវៈផ្សេងៗ សំដៅដល់ការពង្រឹង និងអភិវឌ្ឍសមត្ថភាពធនធានមនុស្សក្នុងគ្រួសារប្រកបដោយភាពរឹងមាំសេចក្ដីថ្លៃថ្នូរ និងភាពស័ក្ដិសិទ្ធិ ដើម្បីបន្តធានា ដឹកនាំគ្រួសារដែលជាកោសិកាសង្គមឱ្យមានភាពរុងរឿង ថ្កុំថ្កើង និងសុភមង្គល។

២. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយជាតិ កិច្ចគាំពារសង្គម ២០១៦-២០២៥ តាមរយៈការពង្រឹង និងពង្រីកសេវាសុខុមាលភាពសង្គមសម្រាប់ជនក្រីក្រងាយរងគ្រោះ និងបង្កលក្ខណសម្បត្តិឱ្យកាន់តែល្អប្រសើរបន្ថែមទៀតជូនគ្រួសារក្នុងការកសាងជីវភាពរស់នៅស្របតាមការអភិវឌ្ឍ សង្គមជាតិ ពិសេសការអនុវត្តបន្តកម្មវិធីឧត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ក្នុងអំឡុងពេលបិទខ្ទប់ និងការបង្កើតឱ្យមានកម្មវីធីថ្មីមួយដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ តាមរយៈការសិក្សាបង្កើត នូវគោលនយោបាយគាំពារគ្រួសារ និងការរៀបចំឱ្យមានការផ្តល់របបគោលនយោបាយឧបត្ថម្ភគ្រួសារក្រីក្រនៅតាម សហគមន៍ តាមរយៈការអនុវត្តប័ណ្ណសមធម៌ក្រីក្រទាំង២កម្រិត ដែលរាជរដ្ឋាភិបាលកំពុងអនុវត្តនាពេលបច្ចុប្បន្ន។

៣. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួងព័ត៌មាន និងសមាគមទូរទស្សន៍ រៀបចំឱ្យមានជាវេទិកាតុមូល និងការផលិតវីដេអូអប់រំ ដើម្បីចាក់ផ្សាយនៅតាមស្ថានីយ៍ទូរទស្សន៍ រោងភាពយន្ត និង ទីសាធារណៈផ្សេងៗ ពីគុណតម្លៃគ្រួសារក្នុងការចូលរួមទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩ និងកិច្ចសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើការផ្សព្វផ្សាយនៅតាមគ្រឹះស្ថានអប់រំ និងរោងចក្រសហគ្រាសនានាទូទាំងប្រទេស។

៤. នៅតាមបណ្តាក្រសួងស្ថាប័ន រាជធានី ខេត្តត្រូវបន្តសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ក្នុងការរៀបចំឱ្យបានទូលំទូលាយ និងផុសផុល ដើម្បីជាការរួមចំណែកក្នុងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរក្នុងបរិបទជំងឺកូវីដ-១៩ពិសេសជំរុញដល់ការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការអនុវត្តគោលនយោបាយជាតិគាំពារសង្គម និងការអនុវត្តច្បាប់ ស្តីពីការវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ព្រមទាំងវិធានការផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលបានដាក់ចេញក្នុងការប្រយុទ្ធទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

៥មូលនិធិជាតិជំនួយសង្គមត្រូវបន្តរៀបចំគោលនយោបាយផ្សេងៗក្នុងការផ្តល់កិច្ចអន្តរាគមន៍គាំពារសង្គមជារួម និងជំនួយសង្គមដោយឡែក ដល់ប្រជាជនទូទៅ ពិសេសជនរងគ្រោះ និងងាយរងគ្រោះ ដើម្បីសំដៅលើកកម្ពស់ ជីវភាពរស់នៅ និងការកសាងគុណភាពជីវិតប្រកបដោយបរិយាប័ន្ន។ ទន្ទឹមនឹងនោះ មូលនិធិជាតិជំនួយសង្គមត្រូវបន្ត សហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំនូវយន្តការនៃការកសាងកម្លាំងសេវាសង្គមគឺ អ្នកសង្គមកិច្ចអាជីព អ្នកសង្គមកិច្ចអាជីពរង អ្នកសង្គមកិច្ចបឋម និងអ្នកសង្គមកិច្ចសម្ព័ន្ធ ដែលជាប្រតិបត្តិករញ្ជួលក្នុងការអនុវត្តនូវ ប្រតិបត្តិការជំនួយសង្គម និងសេវាសង្គមប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់ នៅគ្រប់ជាន់ថ្នាក់ ស្របតាម ផែនការយុទ្ធសាស្ត្រកម្លាំងសេវាសង្គម ឆ្នាំ២០២២-២០៣១ និងឯកសារទឡីករណ៍ ស្ដីពីការវិនិយោគលើកម្លាំង សេវាសង្គមនៅកម្ពុជា។

៦. ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលទាំងជាតិ និងអន្តរជាតិ – សូមបន្តចូលរួមឱ្យបានកាន់តែសកម្ម បន្ថែមទៀតក្នុងការជួយគាំទ្រដល់សកម្មភាព កម្មវិធីអភិវឌ្ឍគ្រួសារ ទាំងថវិកា និងធនធានមនុស្សដើម្បីធានា ឱ្យបាននូវការលើកកម្ពស់ដល់ភាពរឹងមាំរបស់គ្រួសារទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទោះបីក្នុងដំណាក់កាល ដែលពិភពលោកកំពុងជួបប្រទះបញ្ហាថវិកាដើម្បីឆ្លើយតបនឹងជំងឺកូវីដ-១៩ក៏ដោយ ជាមួយគ្នានោះក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងអស់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កាកបាទក្រហមកម្ពុជា សប្បុរសជននានា សូមបន្តជំរុញចលនាលើកកម្ពស់ ដល់សុខុមាលភាពគ្រួសារ និងបន្តបង្កើនសកម្មភាពមនុស្សធម៌ឱ្យកាន់តែខ្លាំងក្លាថែមទៀតតាមគ្រប់រូបភាពដែលអាច ធ្វើទៅបានទាំងការជំរុញចលនា និងសកម្មភាពនោះ ទោះធ្វើដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី។

៧. ព្រះថេរានុត្ថេរៈព្រះសង្ឃគ្រប់ព្រះអង្គ លោកយាយ លោកតា មាតាបិតា អ៊ុំមាមីង លោកគ្រូ អ្នកគ្រូ អាណាព្យាបាល សូមព្រះមេត្តា និងមេត្តាចូលរួមចំណែកតាមគ្រប់លទ្ធភាពក្នុងការជួយផ្ដល់ដំបូន្មានល្អៗដល់សមាជិកគ្រួសារ និង សហគមន៍សម្រាប់ក្មេងជំនាន់ក្រោយត្រងត្រាប់រៀនសូត្រ និងគោរពអនុវត្តតាមប្រកបដោយស្មារតីខ្ពស់ដូចទស្សនៈ លើកឡើងថា « មនុស្សចាស់ជាថ្នាលបណ្តុះបណ្តាលសម្រាប់ក្មេងជំនាន់ក្រោយ »។ *

៨. គ្រប់ប្រព័ន្ធឃោសនាផ្សព្វផ្សាយទាំងរដ្ឋ និងឯកជន សូមជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីតួនាទីរបស់ មាតាបិតាក្នុងការអប់រំកូនចៅ និងកាតព្វកិច្ចរបស់កូនចៅចំពោះមាតាបិតា ព្រមទាំងផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នាដើម្បីបង្កើនភាពស៊ាំ ក្នុងសហគមន៍ និងអប់រំទូន្មានកូនចៅឱ្យចាកចេញឆ្ងាយពីអំពើនានាដែលបង្កផលប៉ះពាល់ជាអវិជ្ជមានដល់សង្គម ដូចជា ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង អំពើហិង្សាក្នុងគ្រួសារ ជំងឺអេដស៍ និងជំងឺកាមរោគ ការទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ ការប្រព្រឹត្តល្បែងស៊ីសងនិងអំពើអបាយមុខផ្សេងៗទៀត។

ជាមួយនឹងសមិទ្ធផលដ៏ថ្លៃថ្លា ដែលបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចបាន នូវការងារទាំងអស់នេះសម្តេចតេជោ សង្ឃឹមយ៉ាងមុតមាំថា ការប្រាព្ធទិវាអន្តរជាតិស្តីពីគ្រួសារ ក្រោមប្រធានបទ “ គ្រួសារជាមូលដ្ឋានគ្រឹះនៃការថែរក្សា និងការពារសន្តិភាព ” នៅក្នុងឆ្នាំនេះនឹងចូលរួម បង្កើនឆន្ទៈរបស់ប្រជាជនគ្រប់រូបឱ្យយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតលើសុខុមាលភាពគ្រួសារ និងការអភិវឌ្ឍគ្រួសារ របស់ខ្លួនពិសេសក្នុងបរិបទការប្រយុទ្ធទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។ ព្រមជាមួយគ្ន នេះបន្តជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តរួមចំណែកក្នុងការលើកកម្ពស់វប្បធម៌សន្តិភាព សាមគ្គីភាព និងសុខដុមនីយកម្ម គ្រួសារដោយសន្តិសហវិជ្ជមាន ដើម្បីឈានឆ្ពោះទៅរកការលុបបំបាត់ភាពក្រីក្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×