ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្ដីប្រកាសព័ត៌មាន លទ្ធផលនៃដំណើរទស្សនកិច្ចការងារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីវ៉ាស៊ីនតោន។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន បំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋ អាមេរិក នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីវ៉ាស៊ីនតោន។ សម្តេចតេជោ ត្រូវបានអម ដំណើរដោយ ឯកឧត្តមឧបនាយរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីអប់រំ យុវជន និងកីឡា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងគណៈ ប្រតិភូជាន់ខ្ពស់ដទៃទៀត។ កិច្ចប្រជុំកំពូលនេះ គឺជាព្រឹត្តិការណ៍ពិសេសដ៏ចម្បងមួយ ធ្វើឡើងដើម្បី ប្រារព្ធខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក និងដើម្បីដាក់ចេញនូវ ទិសដៅអនាគតនៃភាពជាដៃគូអាស៊ាន-សហរដ្ឋអាមេរិក។
ក្នុងនាមជាប្រធានអាស៊ាន សម្តេចតេជោនាយករដ្ឋមន្ត្រីបានធ្វើជាសហប្រធានដឹកនាំសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលពិសេសនេះ ជាមួយ ឯកឧត្តម ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក និងបានអញ្ជើញចូលរួមកម្មវិធីផ្សេងៗទៀត ជាអាទិ៍រួមមាន ពិធីលៀងសាយភោជន៍ពេលល្ងាចថ្នាក់ ប្រមុខរដ្ឋ/រដ្ឋាភិបាល ពិធីអាហារការងារថ្ងៃត្រង់ជាមួយសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ដែលរៀបចំទទួលដោយ លោកជំទាវ ណាន់ស៊ី ប៉េឡូស៊ី ប្រធានសភាសហរដ្ឋ អាមេរិក កិច្ចពិភាក្សារៀបចំធ្វើឡើងដោយលោកជំទាវ កាម៉ាឡា ហាវីស អនុប្រធាននាធិបតីសហរដ្ឋ អាមេរិក និងកម្មវិធីអន្តរកម្មនានា ជាមួយមេដឹកនាំធុរកិច្ចអាមេរិក។
មេដឹកនាំអាស៊ាន និងប្រធានាធិបតីសហរដ្ឋអាមេរិក បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្ន ក្នុងការពង្រឹង និងកសាងទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកឱ្យកាន់តែទូលំទូលាយថែម ទៀតដែលមិនអាចខ្វះបានចំពោះអាស៊ាន និងសហរដ្ឋអាមេរិក ក៏ដូចជាសម្រាប់តំបន់ និងសហគមន៍ អន្តរជាតិ។ ទំនាក់ទំនងទាំងនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់លើកកម្ពស់ និងរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់។
ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋ អាមេរិក នៅក្នុងឆ្នាំ២០២២នេះ ភាគីទាំងពីរប្តេជ្ញាបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន សហរដ្ឋអាមេរិក ដែលប្រកបដោយអត្ថន័យ មានខ្លឹមសារ និងផលប្រយោជន៍ទៅវិញទៅមក នៅឯ កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងរយៈពេលពីរថ្ងៃនៃកិច្ចប្រជុំកំពូលពិសេសនេះ ថ្នាក់ដឹកនាំបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈគ្នាលើវិស័យនៃកិច្ចសហប្រតិបត្តិការជាច្រើន ដែលរួមមានការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងការស្ដារឡើងវិញ ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំថែមទៀត ការលើកកម្ពស់កិច្ច សហប្រតិបត្តិការលំហសមុទ្រ ការលើកកម្ពស់ការតភ្ជាប់រវាងប្រជាជន និងប្រជាជន ការគាំទ្រការ អភិវឌ្ឍក្នុងអនុតំបន់ ការប្រើប្រាស់បច្ចេកវិទ្យា និងការលើកកម្ពស់នវានុវត្តន៍ ការដោះស្រាយការប្រែប្រួល អាកាសធាតុ និងការរក្សាសន្តិភាព និងការកសាងទំនុកចិត្ត ថ្នាក់ដឹកនាំបានធ្វើការអនុម័តសេចក្ដី ថ្លែងការណ៍ទស្សនៈវិស័យរួម ដោយអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ដើម្បីលើកកម្ពស់ភាពជាដៃគូអាស៊ាន សហរដ្ឋអាមេរិក ជាពិសេស នៅក្នុងវិស័យទាំងនេះ។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិកាលំហសមុទ្រ និងការស្តារឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់ថា ពហុភាគីនិយម និងសហប្រតិបត្តិការអន្តរជាតិ គឺជាសរសរស្តម្ភសំខាន់ពីរ សម្រាប់ធានា និងថែរក្សាសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍនតំបន់ និង សកលលោក។ សម្តេចតេជោបានសម្តែងនូវការដឹងគុណចំពោះសហរដ្ឋអាមេរិក ដែលបានជួយឧបត្ថម្ភ គាំទ្រការប្រយុទ្ឋប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងតំបន់អាស៊ាន ដែលបានបង្កបរិយាកាសអំណោយផល ដល់ការបើកសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ នៅកម្ពុជា ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១មក។
នៅវិមានរដ្ឋសភា សម្តេចតេជោនាយរដ្ឋមន្រ្តី បានផ្តោតសុន្ទរកថាលើកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងប្រជាធិបតេយ្យនៅកម្ពុជា។ សម្ដេចតេជោ បានធ្វើការកត់សម្គាល់ ដោយសេចក្តីពេញចិត្តនូវសន្ទុះសហប្រតិបត្តិការប្រកបដោយចីរភាព នៅក្រោមផែនការការងារកិច្ចព្រម ព្រៀងក្របខ័ណ្ឌពាណិជ្ជកម្ម និងវិនិយោគអាស៊ាន-អាមេរិក (TIFA) និងផែនការការងារការទីត, ទំនាក់ទំនងសេដ្ឋកិច្ច (E3)។ សម្តេចតេជោ បានមានប្រសាសន៍ទៅកាន់មេដឹកនាំធុរកិច្ចអាមេរិកអំពីអាទិភាពបន្ទាន់នានាដើម្បីស្តារឡើងវិញចេញពីវិបត្តិជំងឺកូវីដ-១៩ និងធ្វើឲ្យវិស័យពាក់ព័ន្ធទាំងអស់មានថាមវន្តឡើងវិញ ក្នុងបំណងដើម្បីជំរុញកំណើនសេដ្ឋកិច្ចតំបន់ និងលើកស្ទួយការប្រកួតប្រជែង ពង្រឹងភាពធន់ បរិយាប័ន្ន និងការអភិវឌ្ឍប្រកបដោយចីរភាព។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តសហរដ្ឋអាមេរិកឲ្យផ្ដល់នូវការគាំទ្ររឹងមាំថែម ទៀតដល់ការអនុវត្តក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយ ការលើកស្ទួយការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត និងឌីជីថល។ សម្តេចតេជោ ក៏បានអំពាវនាវសុំឲ្យមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែក សុខភាពសាធារណៈ ការពង្រឹងនិម្មាបនកម្មសុខភាពសកល សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត នាពេលអនាគត ក្នុងភាពជាដៃគូជាមួយអង្គការសុខភាពពិភពលោក។
នៅក្នុងអំឡុងពេលពិភាក្សាអំពីវិធានការអាកាសធាតុ បរិវត្តថាមពលស្អាត និងហេដ្ឋារចនា សម្ព័ន្ធប្រកបដោយចីរភាព សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ការបន្តប្ដេជ្ញាចិត្តរបស់សហរដ្ឋ អាមេរិក ចំពោះរបៀបវារៈបម្រែបម្រួលអាកាសធាតុ និងការវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងទីក្រុងប៉ារីស វិញ។ សម្តេចតេជោ បានគូសបញ្ជាក់ថា សេចក្តីប្រាថ្នារបស់កម្ពុជា គឺធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវ កិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ បរិស្ថាន និងអន្តរកាលឆ្ពោះទៅថាមពលស្អាត កំណើនបៃតង ក៏ដូចជាដើម្បីលើកស្ទួយការអភិវឌ្ឍប្រកបដោយ ចីរភាព នៅក្នុងតំបន់។ សម្តេចតេជោ បានលើកឡើងអំពីសារៈសំខាន់នៃផែនការការងារសហប្រតិបត្តិការ ថាមពលអាស៊ាន-សហរដ្ឋអាមេរិក (២០២១-២០២៥) និងបានលើកឡើងអំពីសារៈប្រយោជន៍នៃកិច្ច ប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ាន-អាមេរិក ដែលបានប្រព្រឹត្តទៅកាលពីខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ទោះបីជាប្រទេសដែលបញ្ចេញឧស្ម័នកាបូនទាបក្តី កម្ពុជា នៅតែប្តេជ្ញាចិត្តពេញលេញដើម្បីចូលរួមចំណែក ក្នុងកិច្ចខិតខំប្រឹងប្រែងសកលនេះ។
ពាក់ព័ន្ឋនឹងហេដ្ឋារចនាសម្ព័ន្ធ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីតម្រូវការក្នុងការស្ដារតម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោកឡើងវិញ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញពីផល ប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃវិបត្តិជំងឺកូវីដ-១៩។ សម្តេចតេជោ បានបញ្ជាក់អំពីសារៈសំខាន់នៃការធ្វើសំយោគគ្ន រវាងផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ (MPAC 2025) និងកម្មវិធីការតភ្ជាប់អាស៊ាន-សហរដ្ឋអាមេរិក, កម្មវិធីកំណើនរួមក្នុងតំបន់អាស៊ាន តាមរយៈនវានុវត្តន៍ ពាណិជ្ជកម្ម និងពាណិជ្ជកម្មអ ឡិចត្រូនិក (IGNITE) របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID), និង គំនិតផ្ដួចផ្ដើមបណ្ដាញចំណុចពណ៌ខៀវ (Blue Dot Network) ។ បន្ថែមលើនេះ សម្តេចតេជោ បាន បញ្ជាក់ថា កម្ពុជាក៏មានក្តីរំភើបជាខ្លាំងចំពោះការរំពឹងទុករបស់អាស៊ាន និងសហរដ្ឋអាមេរិក ក្នុងការស្វែងយល់អំពីលទ្ធភាពអភិវឌ្ឍយុទ្ធសាស្ត្រយានយន្តអគ្គិសនី ដែលអាចគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃក្នុងទីក្រុងទូទាំងសហគមន៍អាស៊ាន។
នៅក្នុងអំឡុងពេលសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលពិសេសនេះ សម្ដេចរតរជា និងមេដឹកនាំអាស៊ានដទៃទៀត បានសម្តែងការគាំទ្រដល់ការលើកកម្ពស់ទំនាក់ទំនងដៃគូសន្ទនាអាស៊ានសហរដ្ឋអាមេរិក ទៅជាភាពជាដៃគូយុទ្ឋសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយបានធ្វើការប្តេជ្ញាចិត្តរួមគ្នា ធ្វើការ យ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដើម្បីធានាថា កិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពទាំងអស់ ដែលបានលើកឡើងនៅក្នុងអំឡុងពេលពីរថ្ងៃនៃកិច្ចពិភាក្សា នឹងនាំមកនូវផលប្រយោជន៍ជាក់ស្ដងទៅ វិញទៅមកចំពោះប្រជាជនអាស៊ាន និងសហរដ្ឋអាមេរិក ក៏ដូចជាចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងកំណើនវិបុលភាពតំបន់។
ពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអះអាងឡើងវិញអំពី ជំហរបស់កម្ពុជាពាក់ព័ន្ធនឹងវិបត្តិអ៊ុយក្រែន-រុស្ស៊ី ហើយទទូចឲ្យមានការបន្តកិច្ចសន្ទនានយោបាយទូលំ ទូលាយមួយ ដើម្បីបញ្ចប់ភាពប្រទូស្តរាយ និងស្ដារសន្តិភាពឡើងវិញ។ កម្ពុជាគាំទ្រទាំងស្រុងចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ និង ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពមួយ ដើម្បីបញ្ចប់ជម្លោះនេះ។ ពាក់ព័ន្ធនឹងស្ថានការណ៍នៅ មីយ៉ាន់ម៉ា សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ដើម្បីនាំមកនូវវឌ្ឍនភាពលើអាទិភាពបន្ទាន់បី ជាអាទិ៍រួមមាន៖ បញ្ចប់អំពើហិង្សា សម្របសម្រួលជំនួយមុនស្សធម៌ ឲ្យទៅដល់ប្រជាជនដែលមានសេចក្តីត្រូវការបំផុត ហើយបង្កើតបរិយាកាសអំណោយផលមួយ ដើម្បីឲ្យ មានកិច្ចសន្ទនានយោបាយមួយក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។ សម្តេចតេជោនាយករដ្ឋមន្ត្រី បាន ថ្លែងជូននូវជំហរប្រកបដោយសង្គតិភាពរបស់កម្ពុជា ដើម្បីថែរក្សាសមុទ្រចិនខាងត្បូង ជាសមុទ្រសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានឆ្លៀតឱកាសបញ្ជាក់ឡើងវិញនូវការ ប្ដេជ្ញាចិត្តរបស់កម្ពុជា ដើម្បីអនុវត្តឲ្យបានម៉ឺងម៉ាត់នូវមាត្រាទាំងឡាយនៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលពុំអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីកម្ពុជា។
នៅអំឡុងពេលបិទកិច្ចប្រជុំកំពូលពិសេសនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែង អំណរគុណឯកឧត្តមប្រធានានធិបតី ចូ បៃដិន ដែលបានធ្វើការប្តេជ្ញាគាំទ្រភាពជាប្រធានអាស៊ានរបស់កម្ពុជា ហើយទន្ទឹងរង់ចាំស្វាគមន៍ឯកឧត្តមប្រធាននាធិបតី អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក នៅកម្ពុជា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ នេះ។
នៅអំឡុងពេលស្នាក់អាស្រ័យនៅទីក្រុងវ៉ាស៊ីនតោន សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏មានជំនួបជាមួយឯកឧត្តម ផាម មីនជីញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងបាន ជួបសំណោះសំណាលរាក់ទាក់ជាមួយពលរដ្ឋខ្មែរ-អាមេរិកជាង២ពាន់នាក់ ដែលបានអញ្ជើញមកជួបជុំគា្ន នៅទីក្រុងវ៉ាងស៊ីនតោន ដើម្បីស្វាគមន៍សម្ដេចតេជោ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

