ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា ញាតិមិត្ដរបស់សម្ដេចយល់សប្ដិឃើញ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ធ្វើដំណើរទៅអាមេរិកជាមួយសម្ដេច ហើយតាមការពារនៅទីនោះផងដែរ។
បន្ទាប់ពីវិលត្រឡប់មកដល់មាតុប្រទេសវិញ ក្រោយបញ្ចប់ការបំពេញបេសកកម្ម ប្រកបដោយភាពជោគជ័យលើទឹកដីអាមេរិក សម្ដេចតេជោ ហ៊ុន សែន តាមរយៈហ្វេសប៊ុកនៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ បានឲ្យដឹងទៀតថា នេះជាអបិយជំនឿ ប៉ុន្ដែសម្ដេចជឿ ព្រោះសម្ដេចខ្លួនឯងក៏បានយល់សប្ដិឃើញ សម្ដេច ហ៊ុន ណេង ស្ទើរាល់យប់ផងដែរ ដោយសប្ដិឃើញ៣យប់ ក្នុងចំណោម៤យប់ ដែលសម្រាកនៅអាមេរិក។

សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់ថា ” ភរិយាខ្ញុំបានប្រាប់ខ្ញុំថាមានញាតិមិត្តយល់សប្តិឃើញថាបងប្រុសរបស់ខ្ញុំធ្វើដំណើរទៅអាមេរិកជាមួយខ្ញុំដើម្បីការពារខ្ញុំនៅទីនោះ។ នេះជាអបិយជំនឿតែខ្ញុំដូចជាជឿព្រោះ ខ្ញុំក៏យល់សប្តិឃើញបងប្រុសខ្ញុំរហូត ៣យប់ក្នុងចំណោម៤យប់។ យប់ថ្ងៃ១១និងយប់ថ្ងៃ១២នៅម៉ោង២ភ្លឺ ដូចគ្នាខ្ញុំយល់សប្តិឃើញបងប្រុសខ្ញុំដោយ ស្លៀកពាក់ខោអាវធំយ៉ាងស្អាតដើរមកពិនិត្យក្នុងបន្ទប់ខ្ញុំហើយប្រាប់ខ្ញុំថា(សែនឯងហត់ណាស់ខិតខំសម្រាកឱយបានច្រើន)។ខ្ញុំភ្ញាក់ឡើងក្រឡេករកមើលគាត់មិនឃើញខ្ញុំស្រក់ទឹកភ្នែកនិងខំសម្រាកទៅវិញក្រែងបានឃើញគាត់មកវិញ តែសម្រាកមិនលក់សោះ រហូតម៉ោងប្រហែល៥ភ្លឺ ទើបសម្រាកលក់ទៅវិញ។ ព្រឹកម៉ោង៥ថ្ងៃទី១៤ខ្ញុំយល់សប្តិឃើញបងប្រុសខ្ញុំម្តង ទៀតហើយម្តងនេះ ឃើញគាត់ពាក់ចិញ្ចៀនពេជ្រនៅដៃខាងឆ្វេង និងដៃឆ្វេងនេះ ហើយដែលគាត់មកទាញភួយ ដាស់ខ្ញុំឱ្យភ្ញាក់ពីដេកដោយនិយាយថា (សែនក្រោកឡើងទៅស្រុកយើងវិញ ម៉ោង៨ចេញពីអូតែល)។ ពេលខ្ញុំដឹងខ្លួន ខ្ញុំគិតថាបងខ្ញុំពិតជានៅអាលោះអាល័យមកលើរូបខ្ញុំ ឬមកពីខ្ញុំគិតដល់គាត់ច្រើនពេក ទើបធ្វើឱ្យខ្ញុំយល់សប្តិឃើញគាត់ញឹកញាប់បែបនេះ។ បងប្អូនយើងពិតមែនតែនៅស្ថានខុសគ្នា តែយើងនៅជាមួយគ្នាជានិច្ច។

សូមរំលឹកថា នៅរាត្រីថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ប្រកបដោយលទ្ធផលជោគជ័យរយៈពេលពីរថ្ងៃ គឺថ្ងៃ១២-១៣ ខែឧសភា ឆ្នាំ២០២២។
ជាលទ្ធផលក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ថ្នាក់ដឹកនាំអាស៊ាន និង សហរដ្ឋអាមេរិកបានជួបពិភាក្សាការងារជាច្រើន និងការពង្រឹង ពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអាមេរិក។
ថ្នាក់ដឹកនាំអាស៊ាន-សហរដ្ឋអាមេរិកក៏បានជជែកពិភាក្សាស្តីពីបញ្ហាវិធានការណ៍អាកាសធាតុ បរិវត្តថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ឋប្រកបដោយចីរភាព និង ការពិភាក្សាផ្លាស់ប្តូរទស្សនគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ និងការនាំភាពជាដៃគូអាស៊ាន-សហរដ្ឋអាមេរិក ទៅកាន់កម្រិតមួយទៀត ជាប្រធានបទដ៏សំខាន់នៃកិច្ចប្រជុំកំពូលនេះផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី














