ភ្នំពេញ ៖ មុនពេលប៉ុន្មានម៉ោងដល់ពេលវេលាដែលត្រូវចាកចេញពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក វិលត្រឡប់មកកាន់កម្ពុជាវិញ, សម្តេចតេជោ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានហៅការប្រមាថគប់ស្បែកជើងយ៉ាងអគតិនោះថា នេះជាឥរិយាបថជ្រុលនិយមរបស់ក្រុមប្រឆាំង ដោយក្រុមគេចាត់ទុក មនុស្សរំលោភច្បាប់ បំពានលើច្បាប់ ជាវីរ:ជនទៅវិញ និងបង្ហាញនូវសារជាតិជាអំពើហិង្សាជ្រុលនិយម, ខ្ញុំព្រះករុណា ខ្ញុំ មានមោទនភាពជាមួយបងប្អូនជនរួមជាតិដែលរស់នៅកាណាដា និងអាមេរិក ដែលរក្សាបាននូវភាពថ្លៃថ្នូរ និងការគោរពច្បាប់។

ក្នុងសារសំឡេងផ្ញើជូនប្រជាពលរដ្ឋពីដំណើរអញ្ជើញវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការគាំទ្រចំពោះទង្វើរបស់ជនបង្កបាតុភាពនេះ ជាទង្វើជ្រុលនិយម បំពានច្បាប់។
សម្ដេចថ្លែងថា សូមកោតសរសើរ និងមានមោទនភាព ចំពោះប្រជាពលរដ្ឋខ្មែរអាមេរិក និងប្រជាពលរដ្ឋកាណាដា ដែលរក្សាភាពអត់ធ្មត់ ហើយមិនតបតនឹងជនជ្រុលនិយមដែលបង្កបាតុភាពចំពោះសម្តេច។ យើងសូមអំពាវនាវដល់ប្រជាពលរដ្ឋនៅក្រៅប្រទេស ដែលគាំទ្រសម្តេច និងរាជរដ្ឋាភិបាល សូមឱ្យបន្តភាពអត់ធ្មត់ចំពោះសកម្មភាពញុះញង់ និងការវាយប្រហារទាំងឡាយឱ្យបានដល់ទីបំផុតជាបន្តទៀត ដើម្បីស័ក្ដិសមជាពលរដ្ឋក្នុងសង្គមស៊ីវីល័យ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វិលត្រឡប់ មកដល់ប្រទេសកម្ពុជាវិញហើយប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-អាមេរិក ទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក រយៈពេល២ថ្ងៃ គឺថ្ងៃ១២-១៣ ខែឧសភា ឆ្នាំ២០២២ ដែលលទ្ធផលទទួលបានជោគជ័យនិងផ្លែផ្កាជាច្រើនសម្រាប់អាស៊ាន និងប្រជាជនកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN












