Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាមិនមានការលុបចោល ការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរដែលចូលកម្ពុជា ដោយមិនមានចាក់វ៉ាកសាំងបង្ការជំងឺកូវីដ១៩

ភ្នំពេញ៖ សម្តេចតេជោបានបញ្ជាក់ថា បើសិនជាមានការលើកលែងធ្វើចត្តាឡីស័ក សម្រាប់អ្នកមិនបានចាក់វ៉ាក់សាំង ពីក្រៅប្រទេស គឺវាប្រៀបដូចលើកទឹកចិត្តសម្រាប់មនុស្សដែលមិនបានចាក់វ៉ាក់សាំង។ កម្ពុជាមិនមានការលុបចោល ការធ្វើចត្តាឡីស័កចំនួន៧ថ្ងៃ សម្រាប់អ្នកដំណើរដែលចូលកម្ពុជា ដោយមិនមានចាក់វ៉ាកសាំងបង្ការជំងឺកូវីដ១៩នោះទេ បើទោះបីប្រទេសជាប់របងកម្ពុជា លុបចោលកាតព្វកិច្ចធ្វើចត្តាឡីស័កក៏ដោយចុះ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា ការលើកលែងការធ្វើចត្តាឡីស័ក ចំពោះអ្នកអត់ចាក់វ៉ាក់សាំង ប្រៀបបានការដើរបញ្ច្រាសទិសគ្នា ជាមួយការជំរុញការចាក់រ៉ាក់សាំងរបស់រាជរដ្ឋាភិបាល ហើយថា បើមានការលើកលែងធ្វើចត្តាឡីស័ក គឺជាការលើកទឹកចិត្ត ឲ្យអ្នកចាក់វ៉ាក់សាំងសម្រុកចូលនៅកម្ពុជា ខណៈដែលមិនថាពួកគេនាំជំងឺចូលមកកម្ពុជា ឬអត់។

ជាមួយគ្នានេះ សម្តេចតេជោបានផ្តាំ ទៅដល់មន្ត្រីរបស់ខ្លួន ដែលទទួលខុសត្រូវលើការរៀបចំគោលនយោបាយប្រយុទ្ធនឹងជំងឺកូវីដ១៩ថា កុំយកលុយជាធំ ត្រូវយកជីវិតជាធំ សម្តេចមិនអាចឲ្យស្ថានភាពកូវីដ១៩ នៅកម្ពុជា ដើរថយក្រោយនោះទេ។

ការថ្លែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅសាលពិព័រណ៍ជ្រោយចង្វារ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា ខ្ញុំសូមប្រកាសទុកឲ្យហើយ សម្រាប់ស្រុកខ្មែរទទួលបានតែអ្នកចាក់វ៉ាក់សាំងទេ បើអ្នកឯងអត់ចាក់វ៉ាក់សាំង ខ្ញុំត្រូវទុកអ្នកឯង៧ថ្ងៃ [ចត្តាឡីស័ក] ចង់វៀតណាមធ្វើឲ្យគេធ្វើចុះ ចង់ថៃធ្វើឲ្យគេធ្វើចុះ តែកម្ពុជាមិនអាចប្រមូលយកអ្នកអត់ចាក់វ៉ាក់សាំងទេ។ ការទទួលយកអ្នកអត់ចាក់វ៉ាក់សាំង ដោយមិនធ្វើចត្តាឡីស័ក អត់ស្រួលសោះ ព្រោះដៃម្ខាងយើងជំរុញឲ្យចាក់វ៉ាក់សាំង តែដៃម្ខាងទៀត បែរជាលើកលែងអ្នកអត់បានចាក់សាំង អីចឹងខ្មែរយើងដែលនៅក្រៅប្រទេស ដូចជាកម្មករនៅថៃ មកអត់បានចាក់វ៉ាក់សាំងចូលមក មិននាំជំងឺអ្វីមក? ហើយក៏ជាការលើកទឹកចិត្តឲ្យបរទេសមកពីក្រៅ តម្រង់ជួរមកកម្ពុជាតែម្តង កុំយកលុយជាធំ យកជីវិតជាធំ ខ្ញុំមិនអាចឲ្យសភាពការណ៍នេះ ដើរថយក្រោយទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកំពុងជំរុញការចាក់វ៉ាក់សំាំង ដែលសម្តេចបានសម្រេចឲ្យបព្រួញពេលវេលា ពី៤ខែនៅសល់តែ៣ខែ សម្រាប់ដូសជំរុញ បន្ថែមពីនេះរាជរដ្ឋាភិបាល ក៏បានដាក់សិស្សនិស្សិតប្រមាណ៤លាននាក់ ឲ្យចូលទៅក្នុងក្រុមអាទិភាព ដែលនឹងទទួលបានដូសទី៤ ហើយអ្នកចាក់ដូសទី៤ រួច អាចឈានទៅដូសទី៥។

សម្តេចតេជោបានបញ្ជាក់ថា មានតែការចាក់រ៉ាក់សាំងទេ ដែលជាអាវក្រោះ សម្រាប់ការពារខ្លួនពីជំងឺកូវីដ១៩ ហើយស្ថានភាពការបើកសេដ្ឋកិច្ចពេញលេញឡើងវិញ លើកគ្រប់វិស័យនេះដូចសព្វថ្ងៃនេះ ដោយសារតែការស្រោចវ៉ាក់សាំងជោគជាំ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថា ពិធីសំណេះសំណាលនេះ បានធ្វេីឡើងនៅសាលពិព័រណ៍ជ្រោយចង្វា។ ការសំណេះសំណាលនេះ ធ្វើឡើងដើម្បីជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមចំណែកប្រកបដោយការទទួលខុសត្រូវ ដោយមិនខ្លាចនឿយហត់ មិនខ្លាចការឆ្លងជំងឺ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្រៅតែពីក្រុមគ្រូពេទ្យសម្តេចតេជោហើយនោះ សម្តេចតេជោក៏នឹងមានគម្រោងជួបជាមួយក្រុមគ្រូពេទ្យដទៃទៀតផងដែរ ដើម្បីផ្តល់ឱកាសឱ្យសម្តេចបានថ្លែងអំណរគុណ ចំពោះការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ សម្តេចតេជោបានមានប្រសាសន៍ថា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ វាមិនមែនជារឿងងាយនោះទេ ជាពិសេសក្នុងការប្រមូលមនុស្សមកចូលរួមលើសមរភូមិនៃសត្រូវឥតស្រមោលនេះ តែដោយសារទឹកចិត្តស្រឡាញ់ជាតិ និងប្រជាជនបានធ្វើឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តយើងជាច្រើន បានលះបង់សេចក្តីសុខផ្ទាល់ខ្លួន លះបង់កូន ភរិយា និងស្វាមី មកចូលរួមប្រយុទ្ធជំងឺកូវីដ-១៩នេះ។ សម្តេចតេជោបានមានប្រសាសន៍ទៀតថាភាព ជោគជ័យលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ វាមិនមែនជារឿងចៃដន្យនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រុមគ្រូពេទ្យប្រឆាំងកូវីដ-១៩ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានស្ម័គ្រចិត្តក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរផងដែរគុណដល់ឪពុកម្តាយ ស្វាមី និងភរិយា ដែលបានអនុញ្ញាតឱ្យកូន ភរិយា និងស្វាមី បានចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា បញ្ហានេះជំងឺកូវីដ-១៩នេះ បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា បានកែប្រែទស្សនៈលើក្រុមគ្រូពេទ្យ ដែលកន្លងមកចោទថាក្រុមគ្រូពេទ្យកម្ពុជាល្អតែ១០%ប៉ុណ្ណោះ តែពេលនេះ ប្រជាពលរដ្ឋបានចាត់ទុកក្រុមគ្រូពេទ្យជាកងទ័ពអាវស ដ៏អង់អាចក្លាហានក្នុងការសង្គ្រោះជីវិតមនុស្ស។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ការបណ្តុះបណ្តាលវិស័យសុខាភិបាលពិតជាមានការពិបាក និងមិនអាចធ្វើដូចវិស័យអប់រំ ដែលយកអ្នកចេះច្រើនបង្រៀនអ្នកចេះតិច ហើយអ្នកចេះតិច បង្រៀនអ្នកអត់ចេះសោះនោះទេ តែវិស័យសុខាភិបាលមិនអាចធ្វើដូចច្នេះបានឡើយ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាមិនអាចលុបការធ្វើចត្តាឡីស័ក សម្រាប់អ្នកដែលធ្វើដំណើរមកចូលប្រទេសកម្ពុជា ដែលមិនបានចាក់វ៉ាក់សាំងនោះឡើយ។

សម្តេចតេជោបានបញ្ជាក់ថា បើសិនជាមានការលើកលែងធ្វើចត្តាឡីស័ក សម្រាប់អ្នកមិនបានចាក់វ៉ាក់សាំង ពីក្រៅប្រទេស គឺវាប្រៀបដូចលើកទឹកចិត្តសម្រាប់មនុស្សដែលមិនបានចាក់វ៉ាក់សាំង។

ទាក់ទងនឹងកិច្ចប្រជុំកំពូលអាស៊ានសហរដ្ឋអាមេរិកកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា លទ្ធផលកិច្ចប្រជុំកំពូលពិសេសនេះ ទទួលបានលទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រគួរអោយកត់សម្គាល់។ ហើយទាក់ទងទៅនឹងហេតុការណ៍គបស្បែកជើងមកសម្ដេចពេលនោះ នៅថ្ងៃនេះ សម្តេចតេជោបានថ្លែងថា បើសម្តេចមិនហាមឃាត់ទេ ជនដែលគប់សម្តេចអាចនឹងមានគ្រោះថ្នាក់។ សម្តេចតេជោបានមានប្រសាសន៍ថា មានកម្លាំង៣ក្រុម ស្នើសុំសម្តេចធ្វើបាតុកម្មសុំអាមេរិកចាត់វិធានការលើជនគប់សម្តេច ប៉ុន្តែសម្តេចហាមឃាត់មិនឱ្យធ្វើនោះឡើយ។

សម្តេចតេជោបានចោទសួរទៅអាមេរិកថា តើជនដែលគប់សម្តេចជាសិទ្ធិបញ្ចេញមតិ ឬជាការបង្កអំពើហិង្សា? សម្តេចក៏ស្នើឱ្យអាមេរិកគិតគូរឱ្យបានច្បាស់ បើគិតថា ការគប់ស្បែកជើងជាសិទ្ធិបញ្ចេញមតិ នោះលើពិភពលោកលែងមានសណ្តាប់ធ្នាប់ហើយ រួមទាំងនៅកម្ពុជាផង។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រសាសន៍ច្បាស់ៗថា សម្តេចមិនទាមទារអាមេរិក ដាក់ទោសជនគប់ស្បែកជើងមកលើសម្តេចនោះទេ ប៉ុន្តែច្បាប់របស់អាមេរិកយ៉ាងណានោះ គឺអាស្រ័យទៅលើអាមេរិកផ្ទាល់។ សម្តេចតេជោក៏បានណែនាំដល់ប្រជាពលរដ្ឋខ្មែរដែលគោរពស្រឡាញ់ និងគាំទ្រសម្តេច អោយ រក្សាភាពនឹងនរ ដោយមិនត្រូវធ្វើការតបតណាមួយនោះឡើយ គឺទុកឱ្យអាមេរិក ជាអ្នកចាត់ចែង។ សម្តេចតេជោក៏បានណែនាំទូតខ្មែរនៅអាមេរិក មិនឱ្យធ្វើកំណត់ទូតណាមួយទៅកាន់រដ្ឋាភិបាលអាមេរិកនោះឡើយ។

ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណជាថ្មីដល់ក្រុមគ្រូពេទ្យប្រយុទ្ធប្រឆាំងកូវីដ-១៩ទាំងអស់ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងបុព្វហេតុជាតិមាតុភូមិមួយនេះទេ។ មុននឹងបញ្ចប់ សម្ដេចតេជោក៏បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងមេដាយ ជូនដល់មន្ត្រីជួរមុខ និងក្រុមគ្រូពេទ្យបានចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងបរិយាកាសរីករាយបំផុត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×