ភ្នំពេញ ៖ ទាក់ទងទៅនឹងអ្នកគប់ស្បែកជើងសំដៅលើ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា, សម្តេចបានចោទសួរទៅអាជ្ញាធរអាមេរិកថា តើជនដែលគប់សម្តេចជាសិទ្ធិបញ្ចេញមតិ ឬជាការបង្កអំពើហិង្សា? សម្តេចស្នើឱ្យអាមេរិកគិតគូរឱ្យបានច្បាស់ បើគិតថា ការគប់ស្បែកជើងជាសិទ្ធិបញ្ចេញមតិ នោះលើពិភពលោកលែងមានសណ្តាប់ធ្នាប់ហើយ រួមទាំងនៅកម្ពុជាផង។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងលើកឡើងបែបនេះ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ខណ:ជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។ ក្នុងជំនួបសំណេះសំណាលនេះ សម្ដេចថ្លែងសង្កត់ធ្ងន់ថា យើងមិនទាមទារអាមេរិកដាក់ទោសជនគប់ស្បែកជើងលើសម្តេចនោះទេ ប៉ុន្តែច្បាប់របស់អាមេរិកយ៉ាងណា គឺអនុវត្តន៍យ៉ាងនោះទៅ។

ទាក់ទងនឹងរឿងនេះ មានកម្លាំង ៣ក្រុម បានស្នើសុំសម្តេចធ្វើបាតុកម្មឆ្លើយ, ស្មើសុំអាមេរិកចាត់វិធានការលើជនគប់សម្តេច, ប៉ុន្តែ សម្តេចហាមឃាត់មិនឱ្យធ្វើអ្វីជាការឆ្លើយតបនោះឡើយ, ដូច្នេះករណីនេះ បើសម្តេចមិនហាមឃាត់ទេ ជនដែលគប់សម្តេច អាចនឹងមានគ្រោះថ្នាក់។
សម្តេចតេជោ ព្រមបន្ធូរបន្ថយស្ថានភាពដែលប៉ះពាល់ដល់កិត្តិយសនេះថា យើងបានណែនាំដល់ប្រជាពលរដ្ឋខ្មែរដែលគោរពស្រឡាញ់ និងគាំទ្រសម្តេច ឱ្យរក្សាភាពនឹងនរ ដោយមិនត្រូវធ្វើការតបតណាមួយនោះឡើយ គឺទុកឱ្យអាមេរិក ជាអ្នកចាត់ចែង, សូម្បីតែស្ថានទូតខ្មែរនៅអាមេរិក ក៏យើងបានណែនាំមិនឱ្យធ្វើកំណត់ទូតណាមួយទៅកាន់រដ្ឋាភិបាលអាមេរិកនោះឡើយ, ចាំមើលការអនុវត្តច្បាប់របស់អាមេរិក៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN











