ប៉ៃលិន ៖ មានករណីម្នាក់ស្លាប់ ដោយសារមុតនឹងផ្លែម៉ាស៊ីនកាត់ស្មៅ នៅក្នុងចំការស្វាយ ស្ថិតក្នុងភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិនកាលពីវេលាម៉ោង១០ព្រឹកថ្ងៃចន្ទ ទី១៤ ខែឧសភា ឆ្នាំ២០១៨ ។
ជនរងគ្រោះមានឈ្មោះ យ៉ន យ៉ូ ភេទប្រុស អាយុ ៤៦ឆ្នាំ មានស្រុកកំណើតនៅភូមិចុងព្រែក ឃុំព្រែកស្ដី ស្រុះកោះធំ ខេត្តកណ្ដាល មុខរបរ កម្មករចាំចំការស្វាយឲ្យឈ្មោះ ឡៃ រ៉ា ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បើតាមការរៀបពីម្ចាស់ចំការបានឱ្យដឹងថា កាលពី កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ លោកបានឱ្យលុយចំនួន ១០ម៉ឺនរៀល ទៅឱ្យជនរងគ្រោះ ដើម្បីទិញប្រេងសាំ ម្ហូបអាហារ និងសម្ភារៈមួយចំនួន ដើម្បីកាត់ស្មៅចំការ តែរហូតដល់ថ្ងៃទី១៤នេះ ទើបគាត់បានដឹងពីដំណឹងរបស់ជនរងគ្រោះបានស្លាប់ បាត់ទៅហើយ។
តាមការធ្វើកោសល្យវិច័យ របស់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានឱ្យដឹងថា សាកសពបានមុតនឹងផ្លែម៉ាស៊ីនកាត់ស្មៅចំកំភួនជើងឆ្វេងផ្នែកខាងក្រោយ និងបានដាច់សរសៃឈាមធំ បណ្ដាលឲ្យឈាមហូរហូតដាច់ខ្យល់ស្លាប់ ៕ ដោយ៖បញ្ញាស័ក្តិ