Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ៖ យុទ្ធសាស្ត្រអឺរ៉ុបរួមស្តីពីកិច្ចសហ ប្រតិបត្តិការអភិវឌ្ឍន៍នៅកម្ពុជា ឆ្នាំ២០២១-២០២៧ នឹងគាំទ្រដៃគូអឺរ៉ុប និងកម្ពុជា

spot_img

ភ្នំពេញ៖ លោកជំទាវ Carmen Morenoឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ពីភាពចាំបាច់ និងភាពពាក់ព័ន្ធរបស់ យុទ្ធសាស្ត្រអឺរ៉ុបរួម ក្នុងការអនុវត្តគោលនយោបាយរបស់សហភាពអឺរ៉ុបនៅកម្ពុជា ដែលក្នុងនោះរួមមានយុទ្ធសាស្ត្រ ឥណ្ឌូ-ប៉ាស៊ីហ្វិក ឬយុទ្ធសាស្ត្រច្រកសកល ។

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅ ទីស្ដីការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានរៀបចំកិច្ចប្រជុំពិភាក្សាលើយុទ្ធសាស្ត្រអឺរ៉ុបរួម ស្តីពីកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍នៅកម្ពុជា ឆ្នាំ២០២១-២០២៧ រវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃ គូ អឺរ៉ុប។

កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍ កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំនេះ មានការចូលរួមពីមន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញមកពីក្រសួង-ស្ថាប័ន របស់រាជរដ្ឋាភិបាលចំនួន ២៩ ស្ថាប័ន និងឯកអគ្គរដ្ឋទូតមន្ត្រី ជាន់ខ្ពស់នៃស្ថានទូត និង ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នៃសហភាពអឺរ៉ុបបណ្តាប្រទេស ជាសមាជិកសហភាពអឺរ៉ុប និងស្វីស ប្រមាណ ១០ ប្រទេស។ គោលដៅចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាលើយុទ្ធសាស្ត្រអឺរ៉ុបរួម ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅកម្ពុជា ឆ្នាំ២០២១-២០២៧។

ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាសហប្រធាននៃកិច្ចប្រជុំបាន សម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះយុទ្ធសាស្ត្រអឺរ៉ុបរួម ដែលជាក្របខ័ណ្ឌគោលនយោបាយរួមរបស់ សហភាពអឺរ៉ុប និងប្រទេសសមាជិកដែលតម្រឹមជាមួយនឹងគោលនយោបាយអភិវឌ្ឍន៍របស់កម្ពុជា ព្រមទាំង រំលេចពីការប្ដេជ្ញារបស់ដៃគូអឺរ៉ុបក្នុងការរួមចំណែកដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅ កម្ពុជា ។ ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាដែលជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប ក៏ បានជម្រាបអង្គប្រជុំផងដែរថា យុទ្ធសាស្ត្រថ្មីនេះមានសង្គតិភាពជាមួយយុទ្ធសាស្ត្រចតុកោណដ៏ណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា ហើយដៃគូអឺរ៉ុបបានកំណត់អាទិភាពជាសាកលលើការលើកកម្ពស់ថាមពលបៃតង, ការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី និងការគោរពសណ្ដាប់ធ្នាប់សាកលដែលផ្អែកតាមច្បាប់ ។ យុទ្ធសាស្ត្រ ថ្មីនេះ នឹងរួមចំណែកដល់ការអនុវត្តរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក៏ដូចជា ផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការពង្រឹងការតភ្ជាប់ក្នុងតំបន់អាស៊ាន ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវសមាហរណកម្ម ក្នុងតំបន់ និងសកល ។

តាមរយៈយុទ្ធសាស្ត្រនេះ ដៃតួអឺរ៉ុបនឹងផ្តោតលើវិស័យអាទិភាព ៦ រួមមាន

១. ការពង្រឹងគណនេយ្យភាពតាមបែបប្រជាធិបតេយ្យ

២. ការជំរុញការចូលរួមតាមបែបប្រជាធិបតេយ្យ

៣. ការអភិវឌ្ឍធនធានមនុស្ស

៤. ការពង្រឹងភាពប្រកួតប្រជែងកម្ពុជា ក្នុងទីផ្សារតំបន់ និងសកល

៥. ការលើកកម្ពស់ការអភិវឌ្ឍបៃតងប្រកបដោយចីរភាព

៦. ការពង្រឹងកិច្ចអភិរក្សបេតិកភណ្ឌវប្បធម៌កម្ពុជា

ដើម្បីអនុវត្តយុទ្ធសាស្ត្រនេះ ដៃគួអឺរ៉ុបបានត្រៀមកញ្ចប់ហិរញ្ញប្បទានប្រមាណ ១៤៣២,៦៣ លានអឺរ៉ូ ដោយផ្តោតសំខាន់លើការពង្រឹងការស្ដារសង្គម សេដ្ឋកិច្ច ព្រមទាំងបញ្ហាអន្តរវិស័យ រួមមានសិទ្ធមនុស្ស, សមភាពយេនឌ័រ, ភាពអង់អាចរបស់ស្ត្រី និងយុវជន, ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយ ចីរភាព ។ បន្ថែមលើនេះ យុទ្ធសាស្ត្រអឺរ៉ុបរួមក៏នឹងចូលរួមក្នុងការជំរុញឌីជីថលភាវូបនីយកម្មនៅកម្ពុជា និងគាំទ ដល់រាជរដ្ឋាភិបាលក្នុងការធានាឱ្យបាននូវដំណោះស្រាយប្រព័ន្ធព័ត៌មានវិទ្យាប្រកបដោយចីរភាព និងសមិតភាព និងអនុលោមភាពតាមបទដ្ឋាន និងស្ដង់ដារអន្តរជាតិ ជាពិសេសលើការការពារទិន្នន័យ ។

មុននឹងបញ្ចប់ លោកជំទាវ Carmen Moreno បានគូសបញ្ជាក់ពីភាពចាំបាច់ និងភាពពាក់ព័ន្ធរបស់ យុទ្ធសាស្ត្រអឺរ៉ុបរួម ក្នុងការអនុវត្តគោលនយោបាយរបស់សហភាពអឺរ៉ុបនៅកម្ពុជា ដែលក្នុងនោះរួមមានយុទ្ធសាស្ត្រ ឥណ្ឌូ-ប៉ាស៊ីហ្វិក ឬយុទ្ធសាស្ត្រច្រកសកល ។ លោកជំទាវបានបន្ថែមទៀតថា យុទ្ធសាស្ត្រអឺរ៉ុបរួមស្តីពីកិច្ចសហ ប្រតិបត្តិការអភិវឌ្ឍន៍នៅកម្ពុជា ឆ្នាំ២០២១-២០២៧ នឹងគាំទ្រដៃគូអឺរ៉ុប និងកម្ពុជា, រដ្ឋាភិបាល, សង្គមស៊ីវិល និង វិស័យឯកជន ក្នុងការបង្កើនភាពផ្សារភ្ជាប់ប្រកបដោយចីរភាព ស្របតាមស្តង់ដារបរិស្ថាន និងសង្គម។ ជាចុងបញ្ចប់ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ឈៀង យ៉ាណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសហភាពអឺរ៉ុប និងដៃគូអឺរ៉ុប ដែលបានបន្តរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍របស់កម្ពុជា ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×