ខេត្តសៀមរាប ៖ នារីខារ៉ាអូខេម្នាក់ ត្រូវបានឃាតករយកខ្សែរឹតក និងបានយកវត្ថុរឹងវាយសម្លាប់។ សាកសពស្ត្រីរូនោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ដេកស្លាប់ក្បែរដើមឈើ កាលពីព្រឹក ថ្ងៃទី១៤ ឧសភា ២០១៨ ត្រង់ចំណុចក្បែរជើងភ្នំតាប៉ែន ខាងកើតភូមិដំណាក់ដំរី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។ ករណីឃាតកម្មនេះ សមត្ថកិច្ច បានកំណត់មុខសញ្ញាជនដៃដល់រួចហើយ ខណៈពេលជននេះបានរត់គេចបាត់។
នគរបាលមូលដ្ឋាន បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ស៊ុន នាង ភេទស្រី អាយុ២៦ឆ្នាំ មុខរបរជានារីខារ៉ាអូខេ យីហោកម្សាន្តរីករាយ នៅភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។ ចំណែកឃាតករដែលសមត្ថកិច្ចកំណត់មុខសញ្ញារួចហើយនោះ មានឈ្មោះ ម៉ៅ សុថៃ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ មុខរបរបើកឡានដឹកដី មានស្រុកកំណើតស្រុកគៀនស្វាយ ខេត្តកណ្តាល កំពុងរត់គេចខ្លួន។
តាមការសន្និដ្ឋាន របស់សមត្ថកិច្ចជំនាញ ជំហានដំបូងថា ជនរងគ្រោះស្លាប់ដោយអំពើឃាតកម្ម ព្រោះសាកសពមានស្លាកស្នាម ត្រូវជនសង្ស័យសម្លាប់ដោយរឹតក រងរបួសបែកក្បាល អាចវាយនឹងវត្ថុរឹង៕ ដោយ៖បញ្ញាស័ក្តិ