Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-ចិន ប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសហិរញ្ញវត្ថុ វិនិយោគ និងពាណិជ្ជកម្ម

spot_img

ភ្នំពេញ ៖ ក្នុងវេទិកាធុរកិច្ចវិនិយោគកម្ពុជា-ចិន ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ លទ្ធផល គឺភាគីកម្ពុជា-ចិន បានប្ដេជ្ញាសហការគ្នាយ៉ាងស្អិតរមួតបន្ថែមទៀត ជំរុញលើគ្រប់វិស័យ ជាពិសេសវិស័យហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ក្នុងគោលបំណងពនឿនការស្តារសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា កម្ពុជាបានបន្តធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន លើកិច្ចការជាច្រើនទាក់ទងនឹងពាណិជ្ជកម្មដូចជា បង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ចំនួន ៩ទីតាំង នៅតាមទីក្រុងធំៗមួយចំនួននៃប្រទេសចិន ដើម្បីផ្សព្វផ្សាយពីផលិតផលសក្តានុពលកម្ពុជា ផ្សព្វផ្សាយពីវប្បធម៌ ទេសចរណ៍ និងគោលនយោបាយពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជា ព្រមទាំងជំរុញការនាំចេញទៅកាន់ទីផ្សារចិន។

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មសរុបកម្ពុជា-ចិន ក្នុងឆ្នាំ២០២១ សម្រេចបានទំហំទឹកប្រាក់ ១១.១៩៤លានដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅប្រទេសចិនបានជាង១.៥១០លានដុល្លារអាមេរិក និងនាំចូលពីប្រទេសចិនមកវិញជាង៩.៦៨៤លានដុល្លារអាមេរិក
ជាមួយនឹងកំណើនប្រមាណ ៣៨% បើធៀបនឹងឆ្នាំ២០២០។

ថ្មីៗកន្លងទៅ កម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម
រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មកម្ពុជា និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិ
ជាំង ក្វាងស៊ី ប្រទេសចិន ក្នុងគោលដៅជំរុញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារចិន ក្នុងនោះនឹងជំរុញ
ការនាំចេញដំឡូងមីស្ងួតកម្ពុជា៤០ម៉ឺនតោន ទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២២-២០២៣ ។

លោក គាន កឹមមីង (Qian Keming) អនុរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មចិន បានគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ វិនិយោគ និងពាណិជ្ជកម្ម ដោយលោកថ្លែងថា វេទិកាធុរកិច្ចវិនិយោគកម្ពុជា-ចិន នេះ មានសារៈសំខាន់ណាស់ ដោយពេលនេះធុរកិច្ចជនកម្ពុជា-ចិន បានជួបជុំគ្នាពិភាក្សាបំពេញបន្ថែមអំពីកិច្ចសហប្រតិបត្តិការនានា ធ្វើយ៉ាងណាឱ្យកាន់តែទូលំទូលាយថែមទៀត បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ ធ្វើឲ្យខកខានកន្លងមក។

លោក គាន កឹមមីង (Qian Keming) បញ្ជាក់ថា កម្ពុជា-ចិន ជាមិត្តដែកថែម និងមានកិច្ចសហការល្អៗជាច្រើនជាមួយគ្នា, បើយោងតាមរបាយការណ៍ ក្នុងត្រីមាសទី១ ឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងចិន និងកម្ពុជាសម្រេចបាន ៣.៧៥ពាន់លានដុល្លារអាមេរិក កើនឡើង ៣៩,២ភាគរយ បើធៀបនឹងឆ្នាំនេះ និងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងប្រទេសនៅតំបន់អាស៊ាន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×