Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការងារ ជូនដំណឹង ស្តីពីវឌ្ឍនភាពនៃការដោះស្រាយ វិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍

spot_img

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា ក្រសួងបានបន្ត សម្របសម្រួលវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ស្របតាមតួនាទីដែលមានចែងក្នុងច្បាប់ជាធរមាន ក៏ដូចជាស្របតាមស្មារតីចង់បានរបស់តំណាងភាគីកម្មករនិយោជិតដែលចង់ជួបចរចាជាមួយក្រុមហ៊ុនផ្ទាល់។ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នេះ ក្រសួងបានបន្តអញ្ជើញគូភាគីវិវាទមកជួបប្រជុំដោះស្រាយ ជាលើកទី១១ ក្រោមអធិបតីភាពរបស់ឯកឧត្តម ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ប. ដោយមានតំណាងភាគីកម្មករនិយោជិត រួមមាន លោកស្រី ឈឹម ស៊ីថរ, លោកស្រី ឈឹម សុខន, លោកសី វី សុវណ្ណឌី, លោកស្រី សុន ស្រីពេជ្រ និងលោកស្រី ហៃ សុភាព និងតំណាងភាគីនិយោជក រួមមាន លោក ហាយ វលាភលោកស្រី ឌី សីហា និងលោកស្រី រស់ ប៊ុនឡេង ដោយអវត្តមាន លោក Hein Dames ដែលមានធុរៈចាំបាច់ ដោយភាគីទាំងពីរបានលើកឡើងនូវមតិយោបល់ដូចខាងក្រោម៖

មតិរបស់តំណាងក្រុមហ៊ុនណាហ្គាវើលដ៍៖

ជាការឆ្លើយតបទៅនឹងប្រជុំលើកមុនកន្លងមក ក្រុមហ៊ុននៅតែរក្សាជំហរដដែល នឹងមិនទទួលយក កម្មករនិយោជិតដែលបានបញ្ឈប់ពីការងាររួម និងនៅសេសសល់ចំនួន ១៩០នាក់ ដែលមិនទាន់មកទទួល យកកញ្ចប់បញ្ចប់កិច្ចសន្យាដោយការព្រមព្រៀង ឱ្យចូលធ្វើការវិញឡើយ។

មតិរបស់សហជីព និងតំណាងភាគីកម្មករនិយោជិត៖

១. ចំពោះការបញ្ឈប់ពីការងាររួម ដោយសារមូលហេតុកូវីដ-១៩ និងសំណើដោះដូរកម្មករនិយោជិត ដែលក្រុមហ៊ុននៅតែមិនអាចផ្លាស់ប្ដូរបាន គឺមិនមែនមិនអាចទៅរួចទេ ប៉ុន្តែក្រុមហ៊ុនមិនចង់ដោះស្រាយ។

២. ស្នើឱ្យកម្មករនិយោជិត ២០០នាក់ ដែលបានបញ្ឈប់ពីការងាររួមចូលធ្វើការងារវិញ ដោយធ្វើការ ដោះដូរជាមួយកម្មករនិយោជិតដែលកំពុងបម្រើការងារហើយស្ម័គ្រចិត្តលាឈប់ជំនួសប្រហែល ៣០០នាក់ នឹង ធ្វើការខែទី១ ចំនួន៥០%ខែទី២ ចំនួន៧០% រហូតដល់មានវេនធ្វើការពេញវិញ។

៣. ស្នើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្ដល់លិខិតរបស់អធិការការងារស្ដីពីការឯកភាពលើ ការបញ្ឈប់ពីការងាររួមរបស់កម្មករនិយោជិត ១ ៣២៩នាក់ ក្នុងនោះ មានថ្នាក់ដឹកនាំសហជីព ប្រតិភូបុគ្គលិក សកម្មជន និងសមាជិកសហជីព នាពេលកន្លងមក។

៤. ស្នើសុំបើកការិយាល័យសហជីពដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឡើងវិញ ដើម្បីធ្វើការទំនាក់ទំនងការងារវិញ ដោយសារម្ចាស់ផ្ទះនៅតែបន្តទាមទារប្រាក់ជួលផ្ទះ ដែលមានម៉ូតូនិងសម្ភារផ្សេងៗនៅក្នុងនោះ។

៥. ស្នើសុំទំលាក់រាល់បទចោទទាំងអស់ដល់ថ្នាក់ដឹកនាំ និងសមាជិកដែលត្រូវបានចោទប្រកាន់។

បន្ទាប់ពីស្តាប់មតិយោបល់របស់ភាគីទាំងពីរ អធិការការងារបានពន្យល់អំពីគោលការណ៍ និងខ្លឹមសារន មាត្រា៩៥ នៃច្បាប់ស្តីពីការងារ ជូនភាគីទាំងពីរជាថ្មីម្តងទៀតផងដែរ។

ក្រោយពីការពិភាក្សាគ្នាយ៉ាងផុសផុល ភាគីទាំងពីរបានឯកភាព ដូចខាងក្រោម៖

១. ភាគីទាំងពីរ នៅមិនទាន់ឈានដល់ចំណុចព្រមព្រៀងគ្នានៅឡើយទេ។

២. កំណត់កាលបរិច្ឆេទប្រជុំបន្ទាប់ នៅថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៤:៣០នាទី ដើម្បីឱ្យភាគីទាំងពីរមានឱកាសពិចារណាឡើងវិញ អំពីលទ្ធភាពនៃការសម្បទានគ្នាទៅវិញទៅមកដែលអាច ឈានទៅបញ្ចប់វិវាទនេះ។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងសូមបញ្ជាក់ផងដែរថា បើទោះបីជាមិនទាន់មានការឯកភាពគ្នា ក៏ក្រសួងនឹង បន្តខិតខំធ្វើការសម្របសម្រួល និងកំណត់កាលបរិច្ឆេទប្រជុំបន្តបន្ទាប់ទៀត ស្របតាមតួនាទីដែលកំណត់ ដោយច្បាប់ ក៏ដូចជាការទាមទាររបស់គូភាគី។

ជាថ្មីម្តងទៀត ក្រសួងស្នើឱ្យភាគីទាំងពីរមានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទ ការងារនេះ, បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធីនិងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។ យោងតាមនីតិវិធីច្បាប់ ប្រសិនបើវិវាទការងារនេះមិនអាចស្វែងរកដំណោះស្រាយ បានដោយការផ្សះផ្សា នីតិវិធីបន្ទាប់គឺអាចបញ្ចូនទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×