យោងតាមការបង្ហោះរបស់លោក ហេង ឡុង ប្ដីអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមន៍សិល្បៈខ្មែរ បានឱ្យដឹងថា ទីបំផុតលោក យូ ឌីស្កូ ដែលកំពុងមានជំងឺរ៉ាំរ៉ៃ និងត្រូវការជំនួយនោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសឥណ្ឌាហើយ ខណៈដែលមានការជួយជ្រោមជ្រែងពីសំណាក់បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ទាំងក្នុង និងក្រៅប្រទេស ។
ជាមួយគ្នានេះ នៅក្នុងសាររបស់លោក ហេង ឡុង ក៏បានបញ្ជាក់រឿងមួយថា មានសប្បុរសជនម្នាក់ជួយជ្រោមជ្រែងលោក យូ ឌីស្កូ ទាំងដែលពុំបានប្រាប់ឈ្មោះឱ្យដឹងឡើយ ប៉ុន្តែលោក ហេង ឡុង បានបង្ហបថាជននោះជាទេវតារស់ ដែលបងប្អូនទស្សនិកជនអាចទាយឈ្មោះត្រូវច្រើន ។
នេះជាសាររបស់លោក ហេង ឡុង ទីបំផុតទេវតាមានមែនបងប្អូន ជួយហើយមិនចាំបាច់ប្រាប់អោយដឹងឈ្មោះទៀត តើបងប្អូនណាដឹងថាព្រះនាមអ្វីទេ? ខ្ញុំជឿថាមានបងប្អូនទាយត្រូវច្រើន ហ្នឹងបានថាទេវតាមានពិតៗ ទេវតាមានភ្នែក មើលឃើញទុក្ខវេទនាមនុស្សលោក កំពុងជួយស្រោយស្រង់គាត់ហើយ ពួកយើងរង់ចាំដំណឹងល្អ នៅពេលទៅដល់ប្រទេសឥណ្ឌាជួយថតរូបផ្ញើរផង សុំបងប្អូនជួយស៊ែរអោយទេវតារស់ទាំងពីរអង្គបានឃើញផង» ។
គួរបញ្ជាក់ថា សម្រាប់ការព្យាបាលនៅប្រទេសឥណ្ឌា លោក យូ ឌីស្កូ អតីតតារាសម្ដែងល្បីល្បាញក្នុងស្រទាប់យុវវ័យនាអំឡុងឆ្នាំ ២០០៥ ធ្លាប់បានប្រាប់ថា ត្រូវចំណាយលុយយ៉ាងច្រើនដែលលោក ព្រមទាំងគ្រួសារពុំមានលទ្ធភាពឡើយ ប៉ុន្តែដោយសារក្ដីអាណិតអាសូរពីសំណាក់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ពេលនេះលោកអាចមានលទ្ធភាពទៅព្យាបាលនៅប្រទេសឥណ្ឌាហើយ ៕ សាវុធ