ពលរដ្ឋស៊ុយអ៊ែតរាប់ពាន់នាក់ បាននាំគ្នាទៅបណ្តុះឈីបអេឡិចត្រូនិកដាក់នៅក្រោមស្បែក ដើម្បីបំពេញមុខងារជំនួសអត្តសញ្ញាណប័ណ្ណ សោរផ្ទះ ។ល។ ដើម្បីធ្វើឲ្យជីវភាពប្រចាំថ្ងៃរបស់ពួកគេកាន់តែងាយស្រួលឡើង ។
បុរសស៊ុយអែតម្នាក់ កំពុងធ្វើការបណ្តុះឈីប ទៅក្រោមស្បែកដៃ ។
តាម Business Isider មានពលរដ្ឋស៊ុយអែតប្រមាណ ៣០០០នាក់ បានជ្រើសរើសការបណ្តុះឈីបដ៏តូចមួយដែលមានទំហំប្រហែលគ្រាប់អង្ករ ទៅក្រោមស្បែក បំណងធ្វើឲ្យជីវិតពួកគេកាន់តែមានភាពងាយស្រួលឡើង ។ តាមនោះការបណ្តុះឈីបនេះទៅក្នុងរាងកាយធ្វើឲ្យពួកគេពុំចាំបាច់យកតាមខ្លួននូវអត្តសញ្ញាណប័ណ្ណ សោរផ្ទះ លិខិតស្នាមយានយន្ត ។ល។ ទាំងអស់នោះត្រូវបានជំនួសដោយកាយវិការស្កែនទៅលើបរិក្ខារអ្វីមួយដែលគេចង់ប្រើប្រាស់ ។
តាម AFP បច្ចេកវិទ្យានេះ មានតាំងពី ៣ឆ្នាំមុនមកម្លេះ ហើយវាទើបត្រូវបានពលរដ្ឋស៊ុយអែតទទួលយក ក្រោយពីវាបង្ហាញឲ្យឃើញការងាយស្រួលសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ៕ ចន្ទ្រា