Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន CAMSOC សាទរចំពោះជ័យលាភីទាំង៦៣មេដាយ ជាកំណត់ត្រាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា

spot_img

ភ្នំពេញ៖ ពិធីអបអរសាទរ ការមកដល់ទង់សហព័ន្ធអាស៊ីអាគ្នេយ៍ និងកីឡាករ កីឡាការិនីជ័យលាភីមេដាយ SEA Games លើកទី៣១ នៅប្រទេសវៀតណាម ក្រោមអធិបតីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នាល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានចាត់ទុកថា ការទទួលទង់ស៉ីហ្គេម សម្រាប់ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៉ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងកីឡាករកីឡាការិនី ទទួលបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធរហូតដល់៦៣មេដាយ ក្នុងព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម គឺជាព្រឹត្តិការណ៍កំណត់ត្រាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។

ការលើកឡើងបែបនេះរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅព្រលប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលសម្តេចបានដឹកនាំប្រតិភូកីឡាជាន់ខ្ពស់ និងអត្តពលិកកម្ពុជាសរុប១៨០នាក់ ធ្វើមាតុភូមិនិវត្ដន៍វិញ ដោយនាំមកជាមួយនូវមេដាយមាស ប្រាក់ និងសំរិទ្ធជាច្រើនគ្រឿង ពិសេសទង់ស៊ីហ្គេម ដើម្បីបន្ដវេនធ្វើម្ចាស់ផ្ទះ។

ជាមួយគ្នានេះដែរសម្តេចពិជ័យសេនា បានថ្លែងថា ប្រជាពលរដ្មខែរទូទាំងប្រទេសពិតជាមានមោទនភាព ដែលកម្ពុជាបានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងទស្សនទានការទូតកីឡា និងកិត្យានុភាពជាតិ ក្នុងការនាំមកទង់សហព័ន្ធកីឡា SEA Games លើកទី៣២ នៅកម្ពុជា។
សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា៖ «ការទទួលទង់ស៊ីហ្គេម សម្រាប់ធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងកីឡាករ កីឡាការិនីជ័យលាភីទទួលបានមេដាយមាស ប្រាក់ សំរិទ្ធ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាមនាពេលនេះ គឺជាព្រឹត្តិការណ៍កំណត់ត្រាប្រវត្តិសាស្ត្រសម្រាប់ព្រះរាជាណាចក្រកម្ពុជា ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ខាងមុខ តាមការសម្រេចរបស់រាជរដ្ឋាភិបាល ដែលបានជ្រើសយកថ្ងៃទី៥ ខែឧសភា ជាពិធីបើកផ្លូវការ និងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ពិធីបិទផ្លូវការ ការប្រកួតកីឡាស៊ីហ្គេម និងពិធីបើកជាផ្លូវការកីឡាអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី១ ខែមិថុនា និងបិទនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣»។

នៅក្នុងឱកាសនេះ សម្តេចប្រធាន CAMSOC សូមបងប្អូនជនរួមជាតិមហាគ្រួសារខ្មែរ ដែលរស់នៅក្នុងនិងក្រៅប្រទេស ត្រៀមរៀបចំគ្រប់លក្ខណៈសម្បត្តិ ក្នុងនាមម្ចាស់ផ្ទះ រង់ចាំទទួលស្វាគមន៍ប្រតិភូកីឡាអាស៊ីអាគ្នេយ៍ និងភ្ញៀវជាតិអន្តរជាតិ មកពីគ្រប់ទិសទីជុំវិញពិភពលោក ទទួលយកនូវស្នាមញញឹមរួសរាយរាក់ទាក់ជាមួយឥរិយាបថស្លូតបូត សុភាពរាបសារ ថ្លៃថ្នូររបស់ប្រជាជនកម្ពុជា ដែលកំពុងរស់នៅក្នុងសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ។

សម្តេចពិជ័យសេនា បានគូសបញ្ជាក់ថា «សូមឱ្យស្មារតី SEA Games ផ្តល់នូវកម្លាំងចិត្ត និងថាមពលរបស់ចលនាកីឡាអន្តរជាតិ និងកីឡាអូឡាំពិក ដល់កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត SEA Games-ASEAN Para Games ឆ្នាំ២០២៣ ឱ្យទទួលបានកិត្តិយសជាតិដ៏ឧត្តុង្គឧត្តម និងជោគជ័យដែលជាព្រឹត្តិការណ៍កីឡាកំណត់ប្រវត្តិសាស្ត្រលើកទី១ របស់ព្រះរាជាណាចក្រកម្ពុជា»។

ជាមួយគ្នានេះដែរ ប្រធាន CAMSOC ក៏សូមអបអរសាទរ និងកោតសរសើរចំពោះជ័យលាភីទាំង៦៣មេដាយ មេដាយមាសចំនួន៩ មេដាយប្រាក់ចំនួន១៣ និងមេដាយសំរឹទ្ធចំនួន៤១ ដែលដណ្តើមបាន និងកត់តបន្ថែមក្នុងប្រវត្តិសាស្ត្រកីឡា SEA Games ដែលកម្ពុជាបំបែកឯកទត្តកម្មមេដាយច្រើនជាងSEA Games មុនៗកន្លងមក និងជាសញ្ញាណល្អប្រពៃណាស់ សម្រាប់ស្វែងរកឧត្តមភាពមេដាយច្រើនថែមទៀត ក្នុងការប្រកួត SEA Games ឆ្នាំ២០២៣ នៅកម្ពុជា។

សម្តេចពិជ័យសេនា សូមក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត មន្ទីរអង្គភាព កងកម្លាំងមានសមត្ថកិច្ច ចូលរួមរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ឱ្យបានផុលផុសនៅគ្រប់ទីកន្លែងទាំងគ្រប់រូបភាព និងគ្រប់មធ្យោបាយ និងបន្តរួមគ្នាលើកកម្ពស់កិត្តិយស និងមុខមាត់កម្ពុជា តាមរយៈឥទ្ធិពលព្រឹត្តិការណ៍កីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣។

នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ ក្នុងនាមគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ សម្តេចសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ លើកកម្ពស់ខ្ពស់វិស័យកីឡានៅកម្ពុជា ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សបានលើកតម្កើងមុខមាត់ កេរ្តិ៍ឈ្មោះកម្ពុជា និងបានបង្ហាញសក្តានុពលជាតិទៅកាន់តំបន់ និងពិភពលោក៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×