ព្រះវិហារ៖ នៅថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨ នេះ មានករណីផ្ទុះគ្រាប់មីនតោន នៅភូមិសែនរុងរឿង២ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលធ្វើឱ្យអ្នកបើកបរស្លាប់។
ចំណែកកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ មានករណីយកគ្រាប់មកច្នៃផ្ទុះស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ នៅទិសស្រុកព្រះនេតព្រះខេត្តបន្ទាយមានជ័យ។ រីឯនៅភ្នំពេញ កំពង់ធ្វើការប្រជុំផ្សព្វផ្សាយ កម្ពុជាគ្មានគ្រាប់មីន ២០២៥។
សូមបញ្ជាក់ថា កម្ពុជាមានបញ្ហាសំណល់ជាតិផ្ទុះពីសង្គ្រាម មាន៤ប្រភេទសំខាន់គឺ៖ ១. គ្រាប់មីន មានគ្រាប់មីនប្រឆាំងមនុស្សនិងគ្រាប់មីនតោន ហើយគ្រាប់មីនប្រឆាំងមនុស្ស ស្ថិតក្រោមអនុសញ្ញាអន្តរជាតិ ដែលកម្ពុជាជារដ្ឋភាគីដែរ និងមានកាព្វកិច្ចបញ្ចប់ត្រឹមឆ្នាំ២០២៥។ ដែលឆ្នាំ២០១៩ខាងមុខ កម្ពុជាត្រូវដាក់សំណើរ ទៅអង្គការសហប្រជាជាតិ ដើម្បីសុំពន្យារពេលដល់២០២៥។ គ្រាប់មីនតោនមិនស្ថិតក្រោមអនុសញ្ញាទេ។ ២. គ្រាប់បែកចង្កោម៖ កម្ពុជាទទួលរងគ្រោះប្រមាណជាង២៨លានកូនគ្រាប់បែកចង្កោម ដែលកម្ពុជាមិនមែនរដ្ឋភាគីទេ។ តែកម្ពុជាកំពុងខិតខំបោសសំអាតដែរ។ ៣. គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ទាំងគ្រាប់កាំភ្លើងធំ គ្រាប់បែកទំលាក់ពីយន្តហោះ និងយុទ្ធភណ្ឌនានា ៤. គ្រាប់បែក ជាអាវុធគីមី។
បើតាមលោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា ដូចនេះឆ្នាំ ២០២៥ ជាគោលដៅគ្មានគ្រាប់មីន ប្រឆាំងមនុស្សនៅកម្ពុជា មិនមានន័យថា ការបោសសំអាតសំណល់ជាតិផ្ទុះ ត្រូវបានបញ្ចប់នោះទេ។ នេះជារមតកសង្គ្រាម ដែលទាមទារពេលច្រើនណាស់ ត្រូវសំអាតទឹកដីដ៏បវររបស់យើង ឱ្យបានស្អាត និងសុខសុវតិ្ថភាព បរិបូរឡើងវិញ។
លោកបានថ្លែងថា មានអ្នកសួរខ្ញុំច្រើនណាស់ដោយការយល់ច្រឡំថា កម្ពុជាគ្មានគ្រាប់មីន២០២៥នេះ សួរថាធ្វើបានដែរអី? ព្រោះម្នាក់ៗយល់ថា ត្រូវការពេលវេលាសមស្រប។ តែ២០២៥ ជាកាព្វកិច្ចនៃអនុសញ្ញាអន្តរជាតិ ចំពោះគ្រាប់មីនប្រឆាំងមនុស្ស ដែលកម្ពុជា ជារដ្ឋភាគី ត្រូវតែធ្វើការប្តេជ្ញាចិត្តឱ្យបានច្បាស់។ ហើយបញ្ហា៣ផ្នែកទៀត នឹងខិតខំកាត់បន្ថយឱ្យបានច្រើន តាមតែអាចទៅបានត្រឹម២០២៥ ដែលមិនអាចធ្វើអស់បានទេ។
អង្គភាពស៊ីម៉ាក់ក្នុងរយៈពេល២៥ឆ្នាំជាងនេះ ធ្វើការងារកម្ទេចគ្រាប់មីន និងយុទ្ធភណ្ឌមិនផ្ទុះ បានជាង២លាន៧សែនគ្រាប់ និងធ្វើការងារសង្គមច្រើនណាស់ មិនអាចអធិប្បាយនិងដាក់បង្ហាញឱ្យអស់សេចក្តីទេ។ វិស័យមីន ចូលដល់ដំណាក់កាលថ្មី ហើយដែលត្រូវទម្លាក់កម្ពស់ និងត្រៀមរកកន្លែងចុះចត។ នេះជាជោគជ័យធំធេងណាស់ របស់រាជរដ្ឋភិបាល ក្នុងការដឹកនាំរំដោះខ្លួន ពីឃាតករគ្មានឈាម ជាសំណល់ពីសង្គ្រាម ដែលបន្តបង្កឱ្យឈាមខែ្មរហូរ ទឹកដីដ៏ស្រស់បវរនៅតែបន្តភ័យខ្លាចដោយសារមរតកនៃសង្គ្រាម ៕ ដោយ៖បញ្ញាស័ក្តិ