បន្ទាយមានជ័យ ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ បានដាក់វិធានការដល់មន្ត្រីជំនាញ ត្រូវចាត់វិធានការចំពោះផលិតផលក្លែងក្លាយក្នុងស្រុក និងនាំចូលពីប្រទេសជិតខាង ។
ក្នុងកិច្ចប្រជុំពិភាក្សាការងារនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅសាលាខេត្តបន្ទាយមានជ័យ លោក មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានមានប្រសាសន៍ថា មួយរយៈនេះមានព័ត៌មាននៅប្រទេសជិតខាងពាក់ព័ន្ធផលិតក្លែងក្លាយដែលជាព្រួយបារម្ភចំពោះហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្តិភាពសង្គម ហើយមន្ត្រីនិងសមត្ថកិច្ចជំនាញត្រូវមានវិធានការទប់ស្កាត់និងបង្ក្រាបបទល្មើសផលិតក្លែងក្លាយនិងខុសច្បាប់។
លោកបានបញ្ជាក់ថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានកំពុងបើកប្រតិបត្តិការបង្ក្រាបផលិតក្លែងក្លាយនិងខុសច្បាប់ទូទាំងប្រទសដែលរួមមានផលិតខូចគុណភាពផលិតផលបន្លំគុណភាព ផលិតផលវេចខ្ចប់ ឬស្តុកទុកមិនត្រិមត្រូវតាមស្តង់ដាបច្ចេកទេស និងផលិតផលហួសសុពលភាព នៃការប្រើប្រាស់ និងនាំចូលគ្មានការអនុញ្ញាតពីក្រសួង ស្ថាប័នមានសមត្ថកិច្ច និងកំពុងបន្លំលក់និងចរាចរលើទីផ្សាកម្ពុជាដែលផលិតទាំងនេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពនិងសុវត្ថិភាពសង្គម
លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យមានច្រកសេដ្ឋកិច្ចចំនួន៣កន្លែង ច្រកអន្តរជាតិ១កន្លែង និងច្រកតំបន់ព្រំដែន២កន្លែង ដែលជាច្រកដោះដូរទំនិញរវាងកម្ពុជា-ថៃ ហើយរយៈពេលកន្លងមកមន្ត្រីជំនាញបានយកចិត្តទុកដាក់អនុវត្តន៍ការងារបានល្អប្រសើរដូចជាបង្ក្រាបបទល្មើសទំនិញគេចពន្ធនិងទំនិញខូចគុណភាពនិងផលិតផលក្លែងក្លាយត្រូវបានចាត់ការតាមច្បាប់ និងយកទៅដុតបំផ្លាញចោល៕ ដោយ៖បញ្ញាស័ក្តិ