ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតតួកគីថ្មីប្រចាំកម្ពុជា បានសន្យាថា នឹងខិតខំប្រឹងប្រែងជំរុញឲ្យទំនាក់ទំនង រវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំស៊ីជម្រៅ លើវិស័យវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ។
នៅវិមានសន្តិភាព ព្រឹកថ្ងៃព្រហស្បតិ៍ទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកស្រី អាយដា អ៊ុនលូ (Ayda Unlu) ឯកអគ្គរដ្ឋទូតតួកគីថ្មីប្រចាំកម្ពុជា។
នៅក្នុងជំនួបនេះ លោកស្រីAyda Unlu បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកប្រធានាធិបតី និងលោកនាយករដ្ឋមន្ត្រីតួកគី ជូនចំពោះ សម្តេចតេជោ ហើយលោកស្រី បានសម្តែងនូវការសប្បាយរីករាយ ដែលបានមកធ្វើជាឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជានាពេលនេះ។
លោកស្រីបានសន្យាថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ធ្វើយ៉ាងណាជំរុញឲ្យទំនាក់ទំនង រវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំស៊ីជម្រៅ និងកាន់តែទូលាយថែមទៀត។ លោកស្រី បានមានប្រសាសនថាវិស័យវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច គឺនៅមានកម្រិតនៅឡើយសម្រាប់ប្រទេសទាំងពីរ។ លោកស្រីនឹងខិតខំប្រឹងប្រែងក្នុងការជួយផ្សព្វផ្សាយដល់អ្នកវិនិយោគតួកគី ដើម្បីឲ្យពួកគេមកវិនិយោគនៅកម្ពុជា។ ទន្ទឹមនឹងនេះ លោកស្រី បានបញ្ជាក់ថា តួកគីក៏មានការចាប់អារម្មណ៍លើវិស័យទេសចរណ៍និងការបើកឲ្យមានការហោះហើរត្រង់ពីតួកគីមកកាន់កម្ពុជា ដើម្បីជំរុញវិស័យទេសចរណ៍នៃប្រទេសទាំង២ឲ្យកាន់តែរីកចម្រើន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណ ព្រមទាំងអបអរសាទរ ចំពោះលោកស្រី Ayda Unlu ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៅកម្ពុជា។ សម្តេចតេជោក៏បានអរគុណលោកស្រី ចំពោះការនាំការសាកសួរសុខទុក្ខ ពីសំណាក់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីតួកគី ជូនចំពោះសម្តេច។ សម្តេចបានមានប្រសាសន៍ថា ប្រទេសយើងទាំងពីរនៅឆ្ងាយពីគ្នាមែន ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺមានភាពជិតស្និទ្ធល្អ ហើយក្នុងន័យនេះ សម្តេចក៏បានមានប្រសាសន៍ដែរថា សម្តេចពិតជាមានបំណង ជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើគ្រប់វិស័យដូចដែលលោកស្រីបានប្តេជ្ញាចិត្តនោះដែរ។
លើសពីនោះទៅទៀត សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ការបើកឲ្យមានការហោះហើរត្រង់ពីតួកគីមកកាន់កម្ពុជាហើយនោះ គឺនឹងបង្កើននូវទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ នឹងកាន់តែមានការកើនឡើង ពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នឹងមានការកើនឡើងខ្លាំងឡើង។
នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានជូនពរ លោកស្រី Ayda Unlu ឲ្យទទួលបានជោគជ័យនៅក្នុងបេសកកម្មការទូតក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងពេលនេះ សម្តេចតេជោ បានស្នើសុំឲ្យលោកស្រីជួយធ្វើជាតំណាងទូតខ្មែរនៅតួកគីបណ្តោះអាសន្នសិនដើម្បីជួយផ្សព្វផ្សាយកម្ពុជាទៅកាន់តួកគី ទម្រាំមានស្ថានទូតខ្មែរបើកជាផ្លូវការនៅទីនោះ។ នៅក្នុងកិច្ចពិភាក្សាព្រឹកមិញនេះ សម្តេចតេជោ លោកបានមានប្រសាសន៍អំពីគម្រោងទៅទស្សនកិច្ចនៅតួកគី ហើយនៅពេលនោះនឹងធ្វើការសម្រេចអំពីការបើកស្ថានទូតកម្ពុជានៅប្រទេសតួកគីតែម្តង៕ ដោយ៖បញ្ញាស័ក្តិ