Sunday, January 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីអ៊ុយក្រែន ប្រាប់ទៅ លោក ពូទីន ថា រុស្ស៊ីគ្មានថ្ងៃទទួលជោគជ័យនៅក្នុងសង្គ្រាមនេះទេ

រដ្ឋធានីគៀវ៖ សង្គ្រាមវាយប្រយុទ្ធគ្នាយ៉ាងឃោរឃៅ នៅក្នុងប្រទេសអ៊ុយក្រែន បានអូសបន្លាយពេលជាង៣ខែកន្លងមកហើយ នៅតែមិនទាន់មានសញ្ញាចរចា ស្វែងរកសន្ដិភាពពិតប្រាកដ ហើយការវាយប្រយុទ្ធគ្នា កាន់តែមានសភាពខ្លាំងក្លាឡើង ហើយកម្លាំងទាហានរុស្ស៊ី ក៏មិនអាចវាយរុលទៅមុខបាន ទើបប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា ក្រុងមូស្គូ គ្មានថ្ងៃទទួលបានជ័យជម្នះលើសង្គ្រាម នៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះបានឡើយ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី៧ ខែមិថុនា ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា ថ្វីបើរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី បានប្រកាសក្ដែងៗថា បច្ចុប្បន្ន កម្លាំងទាហានរបស់ក្រុងម៉ូស្គូ បានដណ្ដើមគ្រប់គ្រងទឹកដី ចំនួន៩០ភាគរយ នៃតំបន់លូហានស្ក៍ (Luhansk) យ៉ាងណាក្ដី ប៉ុន្ដែតាមការពិត កម្លាំងទាហានរុស្ស៊ី នៅតែមិនអាចវាយរុល ចូលទៅមុខបានលឿន គួរឱ្យកត់សម្គាល់ នៅក្នុងតំបន់ដុនបាស (Donbas) ស្ថិតនៅភាគខាងកើត ប្រទេស នៅក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ។

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) បានបញ្ជាក់ នៅក្នុងសុន្ទរកថាប្រចាំរាត្រីរបស់គាត់ ថា «កិច្ចការពារទឹកដី ប្រកបដោយវីរភាព នៅក្នុងតំបន់ដុនបាស់ កំពុងតែបន្ដ។ ប៉ុន្ដែកម្លាំងទាហានរុស្ស៊ី ច្បាស់ជាមិនរំពឹងថា នឹងប្រឈមមុខនឹងការវាយប្រយុទ្ធទប់ទល់យ៉ាងខ្លាំងក្លាដូច្នេះឡើយ ហើយឥឡូវនេះ ក្រុងមូស្គូកំពុងតែព្យាយាម បញ្ជូនកម្លាំង និង គ្រឿងយុទ្ធោបករណ៍បន្ថែមទៀត»។

ប្រធានាធិបតីអ៊ុយក្រែន ក៏បាននិយាយដូចគ្នានេះ នៅក្នុងតំបន់ឃើរសុន (Kherson) ស្ថិតនៅភាគខាងត្បូង ប្រទេស ខណៈទាហានរុស្ស៊ី បានកាន់កាប់ នៅក្នុងសង្រ្គាម តាំងពីដំបូងមក។ ប៉ុន្ដែអ៊ុយក្រែន ក៏គ្រោងនឹងចេញផ្សាយនូវសៀវភៅពិសេស ឈ្មោះ «អ្នកប្រហារជីវិត» នៅសប្តាហ៍ក្រោយ ជាមួយនឹងព័ត៌មាន បញ្ជាក់អំពីឧក្រិដ្ឋកម្មសង្រ្គាម ដែលប្រព្រឹត្តឡើង ដោយកងទ័ពរុស្ស៊ី។ លោកប្រធានាធិបតី ក៏បានអះអាងទៀតថា អ្នកមានឈ្មោះ នឹងត្រូវដាក់បញ្ចូលនោះ មិនត្រឹមតែអ្នកប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមប៉ុណ្ណោះទេ សូម្បីតែឈ្មោះមេបញ្ជាការរបស់ពួកគេ មានឈ្មោះ នៅក្នុងសៀវភៅនោះផងដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយ SN

×